ភ្នំពេញ៖ការស្វះស្វែងរកសុំឲ្យនៅក្រៅឃុំរបស់មេធាវី លោក មាជ សុវណ្ណារ៉ា ជាសមាជិកគណបក្សសង្គ្រោះជាតិនៅមិនទាន់ទទួលបាន ជោគជ័យតាមការស្នើសុំនោះទេ។ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធការស្នើសុំនេះ។ចំណែកក្រសួងយុត្តិធម៌បានឆ្លើយតបជាផ្លូវការថា គឺជាឆន្ទានុសិទ្ធិរបស់តុលាការ។
លោក មាជ សុវណ្ណារ៉ា គ្រោងនឹងដាក់ពាក្យប្ដឹងទៅការិយាល័យសហព័ន្ធស៊ើបអង្កេតអែហ្វប៊ីអាយ (FBI) អំពីករណីចាប់ខ្លួននេះ ដោយសារលោកជាខ្មែរអាមេរិកកាំង។
ការគ្រោងប្ដឹងទៅសហព័ន្ធស៊ើបអង្កេត អែហ្វប៊ីអាយ សហរដ្ឋអាមេរិក នេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចនៅថ្ងៃទី២០ វិច្ឆិកា មិនព្រមដោះលែង លោក មាជ សុវណ្ណារ៉ា ឲ្យនៅក្រៅឃុំតាមសំណើរបស់មេធាវីរបស់លោក។
ក្នុងលិខិតសរសេរដោយដៃផ្ទាល់របស់ លោក មាជ សុវណ្ណារ៉ា តាមរយៈមេធាវីរបស់លោកនោះ បញ្ជាក់ថា លោកនឹងប្ដឹងទៅសហព័ន្ធស៊ើបអង្កេត អែហ្វប៊ីអាយ របស់រដ្ឋាភិបាលអាមេរិក ក្នុងនាមលោកជាពលរដ្ឋអាមេរិកកាំងដើមកំណើតខ្មែរម្នាក់ ដើម្បីឲ្យស៊ើបអង្កេតករណីចាប់ខ្លួនលោកក្នុងហេតុផលនយោបាយ តុលាការមិនឯករាជ្យ និងមិនយុត្តិធម៌។
មេធាវីការពារក្ដី លោក មាជ សុវណ្ណារ៉ា គឺលោក ចាន់ ចេន មានប្រសាសន៍ថា ការសម្រេចរបស់តុលាការនេះ ជារឿងអយុត្តធម៌យ៉ាងធ្ងន់ធ្ងរសម្រាប់កូនក្ដីរបស់លោក ដែលមិនអាចទទួលយកបានទេ ។លោកនឹងដាក់ពាក្យប្ដឹងទៅសភាស៊ើបសួរសាលាឧទ្ធរណ៍បន្តទៀត ដើម្បីស្នើសុំឲ្យកូនក្ដីរបស់លោកនៅក្រៅឃុំជាបណ្ដោះអាសន្ន។
គួរជម្រាបថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ វិច្ឆិកា បានចាប់ឃុំខ្លួន លោក មាជ សុវណ្ណារ៉ា ជាខ្មែរ-អាមេរិកាំង និងជាប្រធាននាយកដ្ឋានព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សសង្គ្រោះជាតិ ក្រោមបទចោទប្រកាន់ ផ្ដើមគំនិតហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងដឹកនាំចលនាកុបកម្ម។ បើសិនជាតុលាការរកឃើញថា លោកពិតជាមានទោសមែន លោក មាជ សុវណ្ណារ៉ា នឹងអាចជាប់ពន្ធនាគាររហូតដល់ ៣០ឆ្នាំ។
លិខិតជូនដំណឹងរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៤ វិច្ឆិកា ដែលមេធាវីរបស់ លោក មាជ សុវណ្ណារ៉ា ទទួលបាននៅថ្ងៃទី២០ វិច្ឆិកា នេះ មិនបានបញ្ជាក់ពីមូលហេតុអ្វីច្រើនទេ គ្រាន់តែបញ្ជាក់យ៉ាងខ្លីថា ពាក្យស្នើសុំឲ្យដោះលែងកូនក្ដីនៅក្រៅឃុំបណ្ដោះអាសន្ន ចុះថ្ងៃទី១១ វិច្ឆិកា នោះ តុលាការបានសម្រេចមិនព្រមដោះលែងឲ្យនៅក្រៅឃុំនោះទេ។
ចំណែកការបញ្ជាក់របស់ក្រសួងយុត្តិធម៌ ជុំវិញបញ្ហាស្នើរកការដោះលែងលោក មាជ សុវណ្ណារ៉ា នាយកគ្រប់គ្រងព័ត៌មាន របស់គណបក្សសង្គ្រោះជាតិ បានធ្វើនៅថ្ងៃទី១៨ ខែវិច្ឆិកា បន្ទាប់ពីក្រសួងមហាផ្ទៃបានបញ្ជូនលិខិតស្នើរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីឱ្យក្រសួងយុត្តិធម៌ ពិចារណាលើសេចក្តីស្នើនោះ។លិខិតរបស់ក្រសួងយុត្តិធម៌ បានបញ្ជាក់តបថា ការចាប់ខ្លួននិងការឃុំខ្លួនលោកមាជ សុវណ្ណារ៉ា នោះ គឺបានអនុវត្តទៅតាមនីតិវិធី ច្បាប់ ហើយជាអំណាចរបស់តុលាការ។
លិខិតបានបន្តថា លោក មាជ សុវណ្ណារ៉ា មានសិទ្ធិនៅក្នុងការដាក់ពាក្យ ស្នើសុំនៅក្រៅឃុំបណ្តោះ អាសន្នដែលនេះគឺជារឿងនៃច្បាប់បានកំណត់ច្បាស់លាស់។ លិខិតដដែលបានបន្តថា អ្នកដែលមាន សិទ្ធិក្នុងការពិនិត្យទៅលើវិធានការស្នើសុំរបស់លោក មាជ សុវណ្ណារ៉ា គឺតុលាការជាអ្នកសម្រេចថា តើឲ្យនៅក្រៅឃុំ ឬនៅក្នុងឃុំ។
គួររម្លឹកថា លោក សម រង្សី ប្រធានគណបក្សសង្គ្រោះជាតិ កាលពីសប្តាហ៍មុន បានសរសេរលិខិតមួយ ច្បាប់ទៅក្រសួងមហាផ្ទៃដើម្បីស្នើសុំឲ្យមានកិច្ចអន្តរាគមន៍ដោះលែង លោក មាជ សុវណ្ណរ៉ានិង សកម្មជនបឹងកក់ទាំងអស់ដែលត្រូវបានចាប់ខ្លួន។ក៏ប៉ុន្តែក្រសួងមហាផ្ទៃ កាលពីថ្ងៃសុក្រសប្តាហ៍មុនដែរបានបង្វែរទិសដៅលិខិតលោក សម រង្សី ទៅក្រសួងយុត្តិធម៌វិញដែលជាស្ថាប័នមានសមត្ថកិច្ច រហូតមកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ក្រសួងយុត្តិធម៌បានឆ្លើយតបជាផ្លូវការជុំវិញលិខិតរបស់លោក សម រង្សី ដែលស្នើសុំដោះលែងលោក មាជ សុវណ្ណារ៉ា នោះ ដោយក្រសួងបញ្ជាក់ថា រឿងជាប់ទាក់ទង នោះគឺជាឆន្ទានុសិទ្ធិរបស់តុលាការ៕រដ្ឋ ជំនិត