ដោយ៖ 032 MKP
ក្រចេះ ៖ បទល្មើសព្រៃឈើ ក្នុងភូមិសាស្ដ្រទឹកដីនៃស្រុកព្រែកប្រសព្វ កំពុងតែធ្វើសកម្មភាពកាប់ និងដឹកជញ្ជូនតាមរថយន្តកែច្នៃ យ៉ាងអនាធិបតេយ្យពេញទំហឹងពីសំណាក់ពួកក្រុមឈ្មួញ ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថាជាឧក្រិដ្ឋព្រៃឈើ បង្កឡើងដោយអ្នកមានប្រាក់ ទិញមន្ត្រីមានអំណាច ដើម្បីជួយកាង និងបិទបាំងបទល្មើសរបស់ពួកគេ។
បើទោះបីជាថ្មីៗក្នលងមកនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការទប់ស្កាត់យ៉ាងក្ដៅកគុកយ៉ាងណាក៏ដោយ ការកាប់បំផ្លាញ និងការនាំចេញនូវអនុផល ឬឈើប្រណីតខុសច្បាប់ ដឹកជញ្ជូនតាមរថយន្តកែច្នៃ នៅតែបន្តកើតមានយ៉ាងគគ្រឹកគ្រេង ដោយគ្មានសមត្ថកិច្ចណាមួយមើលឃើញឡើយ ។ករណីមិនអើពើចំពោះបទល្មើសទាំងនោះ ត្រូវគេទម្លាក់កំហុសទៅលើមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធថា ត្រូវបានប្រាក់ដុល្លារបិទភ្នែក បិទមាត់ជិតអស់ហើយ ទើបបានជាសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនេះ នៅតែធ្វើការដឹកជញ្ជូនឥតឈប់ឈរ នៅក្នុងភូមិសាស្ដ្រទឹកដីស្រុកព្រែកប្រសព្វ ចេញទៅលក់នៅខេត្តត្បូងឃ្មុំ ប្រកដោយរលូន និងមានសុវត្ថិភាព។
ប្រភពផ្តល់ព័ត៌មាន ដោយសុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា សកម្មភាពរថយន្តដឹកឈើខុសច្បាប់ ស្ថិតក្នុងភូមិសាស្ត្រស្រុកព្រែកប្រសព្វ ខេត្តក្រចេះ តាមរថយន្តកែច្នៃ ជារៀងរាល់ថ្ងៃយប់ ឆ្លងកាត់តាមមុខសង្កាត់រដ្ឋបាលព្រៃឈើជ្រោយបន្ទាយ ដែលមានលោក ប៉ុក វណ្ណា ជានាយសង្កាត់ និងផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វ ដែលមានលោក អ៊ីង ស៊ីណាង ជានាយផ្នែក ប៉ុន្តែមន្ត្រីជំនាញព្រៃឈើទាំងនោះ គឺគ្មានចំណាត់ការទប់ស្កាត់ និងចុះបង្ក្រាបអ្វីទាល់តែសោះ បែរជាបណ្ដែតបណ្ដោយបើកដៃឲ្យពួកក្រុមឈ្មួញទាំងនោះ ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់រាប់រយម៉ែត្រគូប ចេញពីតំបន់គំរបព្រៃឡង់យ៉ាងគគ្រឹកគ្រេង ឥតឈប់ឈរ ឆ្ពោះទៅកាន់ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានដោយសុវត្ថិភាព។
ប្រភពដដែល បន្តឲ្យដឹងថា សព្វថ្ងៃនេះ គេសង្កេតឃើញថា លោក អ៊ីង ស៊ីណាង ដែលជានាយផ្នែករដ្ឋបាលព្រៃឈើស្រុកព្រែកប្រសព្វ ហាក់បីដូចជាធ្វើការងារផ្ទុយស្រឡះពីជំនាញ ដោយចាប់បង្ក្រាបបានតែឈើអារកំប៉ិកកំប៉ុករបស់ប្រជាពលរដ្ឋ ចំណែកឯឈើប្រណីតដែលលួចអារខុសច្បាប់រាប់រយម៉ែត្រគូប ដែលដឹកជញ្ជូនតាមរថយន្តកែច្នៃ របស់ឈ្មួញមានប្រាក់ មានអំណាចវិញនោះ គឺលោក អ៊ីង ស៊ីណាង មិនដែលចុះធ្វើការបង្ក្រាបចាប់បានម្ដងណាឡើយ។
ជាក់ស្ដែង កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ នៅចំនុចភូមិអន្លង់ព្រះគោ ឃុំវឌ្ឍនៈ ករណីចាប់ទូកដឹកឈើ៣គ្រឿងរបស់កូនស្រី តា ម៉ាន នោះជាដើម ដែលត្រូវបានគេដឹងថា ជាក្រុមឈ្មួញជើងខ្លាំងខាងរកស៊ីដឹកផលអនុផលព្រៃឈើខុសច្បាប់តាមទូកយូរឆ្នាំ ហើយបើសិនជា កម្លាំងកងអាវុធហត្ថខេត្តក្រចេះ មិនចុះទៅបង្ក្រាបទេនោះ ប្រហែលជាទូកឈើទាំងនោះច្បាស់ណាស់ គឺធ្វើចរាចណ៍ឆ្លងកាត់ដែនដីក្រោមការគ្រប់គ្រងរបស់លោក អ៊ីង ស៊ីណាង ដែលជានាយផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វនោះ ទៅដោយរលូនទៀតជាក់ជាមិនខានឡើយ ។នេះបើយោងតាមប្រភពរាយកាណ៍បានឲ្យដឹង។
ដោយឡែកចំពោះបទល្មើសព្រៃឈើខាងផ្លូវគោកវិញម្ដង នៅក្នុងស្រុកព្រែកប្រសព្វ ដដែល ប្រភពពីប្រជាពលរដ្ឋ សុំមិនបញ្ចេញឈ្មោះ ដោយសារពួកគាត់មានការភ័យខ្លាច ព្រោះពួកឈ្មួញរកស៊ីដឹកឈើទាំងនោះ សុទ្ធសឹងតែជាប៉ូលីស ប៉េអឹម ។ ប្រភពរាយការណ៍ បានលួចបង្ហើបប្រាប់ថា ក្រុមឈ្មួញទុច្ចរិត មានប្រាក់ មានអំណាច ដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើសព្វថ្ងៃនេះ ចេញពីតំបន់គំរបព្រៃឡង់នោះ គឺត្រូវបានគេស្គាល់ឈ្មោះថា ទី១, ឈ្មោះ គង់ ទេង ហៅ រ៉ុន មានតួនាទីជាប៉ូលីសសេដ្ឋកិច្ចខេត្តក្រចេះ ២, ឈ្មោះ ជាម ចាន់ពីនី ហៅ ពី មានតួនាទីជាប៉ូលីសសេដ្ឋកិច្ចស្រុកព្រែកប្រសព្វ ៣, ឈ្មោះ រស់ សុធា ហៅ សម្បត្តិ ជាប៉េអឹមស្រុកព្រែកប្រសព្វ ៤, ឈ្មោះ ហាក់ រចនា ហៅ ចាន់ ណា ជាឈ្មួញរស់នៅភូមិកែង ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ និងទី៥, ឈ្មោះ យ៉ា រស់នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
ប្រភពស្និទ្ធនឹងមន្ត្រីប៉េអឹម បានប្រាប់ថា ក្រុមពួកឈ្មួញទាំងនេះ កំពុងធ្វើសកម្មភាពកាប់បំផ្លាញ ធនធានសម្បត្តិព្រៃឈើ និងនាំផលអនុផលព្រៃឈើខុសច្បាប់ ចេញពីតំបន់គំរបព្រៃឡង់ឆ្ពោះទៅខេត្តត្បូងឃ្មុំ។ ប៉ុន្តែមន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វ ដែលមានលោក អ៊ឹងង ស៊ីណាង ជានាយផ្នែក គេសង្កេតឃើញថា មិនមានចំណាត់ការក្ដៅណាមួយចុះធ្វើការបង្ក្រាបបទល្មើសព្រៃឈើឡើយ ឬមួយក៏លោក ដែលជាមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ អង្គុយរង់ចាំតែទទួលពេលយកបទល្មើសពេលគេបង្ក្រាបហើយនាំយកមកប្រគល់អោយ ឬក៏រង់ចាំអោយប៉េអឹមខេត្តចុះបង្ក្រាបម្ដងទៀត ទើបលោកមានចំណាត់ការចុះបង្ក្រាប ឬមួយក៏យ៉ាងមេច ?
ប្រភពដដែលអះអាងថា ចំពោះផ្លូវ ដែលក្រុមឈ្មួញ ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើចេញពីតំបន់គំរបព្រៃឡង់នោះវិញ គឺឆ្លងកាត់តាមមុខសង្កាត់ និងផ្នែករដ្ឋបាលព្រៃឈើផង និងតាមខាងផ្លូវខាងក្រោយផង តែវាមិនមែនជារឿងពិបាកទេសម្រាប់អស់លោកជាមន្ត្រីជំនាញ ព្រោះអស់លោកស្គាល់ទីតាំង និងភូមិសាស្ត្រហើយ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះ មិនបាច់ចាំគេបង្អុលប្រាប់ទៀតនោះទេ ប៉ុន្តែអ្វីដែលធ្វើឲ្យមជ្ឍដ្ឋានមួយចំនួនរិះគន់នោះគឺ មន្ត្រីរដ្ឋបាលព្រៃឈើមិនបង្ក្រាបសោះ។
ប្រភពដដែល បានបន្តទៀតថា សកម្មភាពទាំងនោះ បានបញ្ជាក់ឲ្យឃើញពីភាពធូរលុង របស់សមត្ថកិច្ច ពុំមានសមត្ថភាពឃាត់ រឺធ្វើការបង្ក្រាបនោះឡើយ ឬមួយក៏ឈ្មួយទាំងនោះ អស្ចារ្យ ចេះវិជ្ជាគុណបំបាំងកាយពិតមែន បានជាចេះតែបណ្ដែតបណ្ដោយឲ្យរថយន្តកែច្នៃដឹកផលអនុផលព្រៃឈើទាំងនោះ ឆ្លងកាត់មុខទីស្នាក់ការរបស់លោកប្រកបដោយសុវត្ថិភាពបែបនេះ។
ប្រជាពលរដ្ឋ ស្នើសុំឲ្យរដ្ឋបាលព្រៃឈើ គ្រប់លំដាប់ថ្នាក់ ជាពិសេស លោកនាយផ្នែក សង្កាត់រដ្ឋបាលព្រៃឈើប្រចាំការនៅតាមដងផ្លូវម៉ាត់ទន្លេស្រុកព្រែកប្រសព្វ សូមឲ្យលោកបើកភ្នែកមើលបទល្មើសព្រៃឈើផង ប្រយ័ត្នជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបសគណកម្មការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសព្រៃឈើដែលបង្កើតឡើងដោយរាជរដ្ឋាភបាល។
សូមរំលឹកថា តំបន់គំរបព្រៃឡង់ គឺជាតំបន់ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បញ្ជាយ៉ាងតឹងរ៉ឹង និងម៉ឺងមាត់បំផុតក្នុងការ ការពារអភិរក្ស ទប់ស្កាត់ និងបង្ក្រាបនូវរាល់បទល្មើសព្រៃឈើដែលកើតមាននៅតំបន់នោះ៕