ភ្នំពេញ៖ កិច្ចព្រមព្រៀងនយោបាយរវាងថ្នាក់ ដឹកនាំកំពូលរបស់គណ បក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២២ កក្កដា មិនមែនជាកិច្ចព្រមព្រៀងបញ្ចប់សំណុំរឿងព្រហ្មទណ្ឌនោះទេ សូមកុំមានការភ័ន្តច្រឡំ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បែបនេះនៅក្នុងពិធីចែកសញ្ញាបត្រជូនដល់ ជ័យលាភីនិស្សិតនៅវិទ្យាស្ថានអន្តរជាតិនៃកម្ពុជាវិទ្យាស្ថានអន្តរជាតិនៃកម្ពុជា IIC នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤។ លោកបញ្ជាក់ថា “កិច្ចព្រមព្រៀងថ្ងៃទី២២ កក្កដា មិនមែនជាកិច្ចព្រមព្រៀងបញ្ចប់រឿងក្តីនៅតុលាការនោះទេ ហើយក៏មិនមែនកិច្ចព្រមព្រៀង ដើម្បីរំលត់បណ្តឹងអាជ្ញានោះដែរ សូមកុំមានការភ័ន្តច្រឡំ”។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ទៀតថា “នៅលើពិភពលោកនេះ កិច្ចព្រមព្រៀងនយោបាយមិនអាចគ្របដណ្តប់លើរឿងតុលាការនោះទេ”។”រឿងអីរឿងបិទផ្លូវឥឡូវ គេមិនទុកឲ្យបិទផ្លូវទៀតទេ អាជ្ញាធរមានសមត្ថកិច្ច នគរបាលគឺចាត់ការតាមផ្លូវច្បាប់ហើយ”។លោក ក៍បានស្នើឲ្យអ្នកដទៃ ដែលទំនងជាលោកចង់សំដៅដល់មន្ត្រីគណបក្សសង្គ្រោះជាតិ ប្រយ័ត្នប្រយែង ការធ្វើអត្ថាធិប្បាយណាមួយលើរឿងនេះ។
សូមបញ្ជាក់ដែរថា ប្រសាសន៍របស់លោកហ៊ុន សែន ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិបានស្នើឲ្យរាជរដ្ឋាភិបាល ដោះលែងសកម្មជនរបស់ខ្លួនមួយចំនួន ក្នុងនោះមានទាំងលោក មាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានផ្សព្វផ្សាយព័ត៌មាននិងជាអនុប្រធានក្រុមការងារ ចុះជួយខេត្តបន្ទាយមានជ័យ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដាក់ពន្ឋនាគារព្រៃស តាមដីកាតុលាការកាលពីសបា្តហ៍មុន ពាក់ព័ន្ឋនឹងអំពើហិង្សានៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅ ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ទៀតថា កាលពីពេលកន្លងមកលោកបាន ជួបជាមួយ លោក សម រង្ស៊ី ក្រៅផ្លូវការនាវិមានរដ្ឋសភា ដោយបាននិយាយពីការចាប់ខ្លួន ហើយបក្សប្រជាជនកម្ពុជា និងរូបលោកគ្មានសិទ្ធិដាក់សម្ពាធ លើតុលាការ ឡើយហើយការចាប់ខ្លួនអ្នកណាម្នាក់ គឺតុលាការនិងនគរបាលធ្វើកោសល្យវិនិច្ឆ័យទៅលើសុំណុំរឿងហើយមិនពាក់ព័ន្ធ នឹងលោកឡើយ ហើយរឿងនេះត្រូវតែដំណើរការទៅមុខមិនអន្តរាគមន៍ឲ្យមានការដោះលែងនោះឡើយ៕
លោកហ៊ុន សែន៖ កិច្ចព្រមព្រៀងនយោ បាយថ្ងៃ២២កក្កដា មិនមែនជាកិច្ចព្រម ព្រៀងរំលត់បណ្តឹងនៅតុលាការទេ