ដុត​ផ្ទះ​សម្លាប់​ស្មៀនឃុំ​អស់​មួយ​គ្រួសារ​នៅ​ខេត្ត​ប៉ៃលិន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 November, 2014 ក+ ក-

ខេត្ត​ប៉ៃលិន​៖ អំពើ​ឃាតកម្ម​ដ៏​សែន​យង់ឃ្នង​លើ​មនុស្ស​មួយ​គ្រួសារ​មាន​ប្តី​-​ប្រពន្ធ ព្រមទាំង​កូនតូច ដោយ​ជន​មិន​ស្គាល់មុខ​បាន​លួច​ដុត​ផ្ទះ​សម្លាប់ កាលពី​វេលា​រំលង​អា​ធ្រា​ត្រ​ឈាន ចូល​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ខេត្ត​ប៉ៃលិន ដែល​គេ​ពុំ​ដឹងថា​មានការ​ពាក់ព័ន្ធ​ទៅនឹង​គំនុំ​អ្វីខ្លះ​នោះទេ​។​

របាយការណ៍​របស់​អា​ជ្ញា​ធរ​មូលដ្ឋាន​បានឱ្យដឹងថា ករណី​ឃាតកម្ម បិទមុខ​ខាងលើនេះ បានកើត​ឡើងលើ​ក្រុមគ្រួសារ​ស្មៀនឃុំ​ម្នាក់​ដែលមាន​លំនៅឋាន ស្ថិត​ក្នុងភូមិ​កូនដំរី ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ ស្មៀនឃុំ​រងគ្រោះ​មានឈ្មោះ ហេង រ៉ាវី អាយុ​២៧​ឆ្នាំ ដែល​បម្រើការ​នៅ​ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

របាយការណ៍​បង្ហាញថា នៅវេលា​ម៉ោង​១ និង​១៥​នាទី​យប់​ឈាន​ចួ​ល​ថ្ងៃទី​២១ ខែវិច្ឆិកា មនុស្ស​មួយ​គ្រួសារ​របស់​ស្មៀនឃុំ​ដែលមាន​ចំនួន ៣​នាក់ រួមទាំង​ប្រពន្ធ​ម្នាក់​ឈ្មោះ ធី ផ​ល្លៃ និង​កូនប្រុស​អាយុ​៦​ខែ ឈ្មោះ ហេង ម៉េង​ជូ ត្រូវបាន​ឃាតករ​សម្លាប់​ដោយ​យក​ខ្សែលួស​ចងក ហើយ​ដុត​ទាំង​មនុស្ស និង​ផ្ទះ​ជាមួយគ្នា​បន្ថែមទៀត ដើម្បី​បង្វែរ​កា​ចាប់អារម្មណ៍​។​
​ប៉ុន្តែ​ទោះជា​យ៉ាណា​ក្តី​ក៏​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ករណី​អគ្គិភ័យ​ដែល​ឆេះ​ផ្ទះ​និង​ស្លាប់​មនុស្ស​ទាំង​គ្រួសារ​ខាងលើនេះ វា​មិនមែនជា​រឿង​ឧប្បត្តិហេតុ​គ្រោះ​អគ្គិភ័យ​នោះឡើយ​ គឺជារឿងឃាតកម្ម ព្រោះនៅលើសាកសពគេឃើញមានខ្សែលួសជាប់នឹង ក។​

​សមត្ថកិច្ច​មិនទាន់​អះអាង​ជាក់លាក់​នៅឡើយ​ទេ ដោយ​គ្រាន់តែ​ចុះ​ទៅដល់​កន្លែងកើតហេតុ​ប្រមូល​វត្ថុតាង និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ទៅលើ​សាកសព​ដែល​បាន​ស្លាប់​ឆេះ​រួញ​នៅជាប់ៗ គ្នា​លើ​គំនរ​ផេះផង់​ប៉ុណ្ណោះ ប៉ុន្តែ​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹងថា កំពុង​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់​ដើម្បី​នាំយក​ជនល្មើស​មក​ផ្តន្ទាទោស​តាមច្បាប់​៕

Untitled-1