កំពង់ចាម៖ សមត្ថកិច្ចឃាត់ខ្លួនកូនកម្លោះម្នាក់ ដែលគ្មានប្រាក់១ម៉ឺនដុល្លារឱ្យថ្លៃទឹកដោះនៅថ្ងៃភ្ជាប់ពាក្យ ក្រោយខាងកូនស្រីបានលង់ខ្លួនធ្វើពិធីដ៏ធំមួយនេះឡើង ដោយសារជឿសម្តី កូនកម្លោះដែលអួតអាងថាជាអ្នកមានប្រាក់ និងមានអំណាចសន្យាចូលស្តីដណ្តឹងឱ្យថ្លៃទឹកដោះរាប់ម៉ឺនដុល្លារ។
រឿងហេតុទាំងខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅភូមិអូរប្រឡោះ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម គ្រាដែលឪពុកម្ដាយខាង ស្រីរៀបចំជួលភ្លេងមកលេងកំដរ និងជួលតុចិនមកធ្វើម្ហូប តែមិនឃើញញាតិ មិត្ដកូនកម្លោះទៅចូលរួមស្ដីដណ្ដឹងតាមសន្យា។
មន្ត្រីនគរបាលស្រុកស្ទឹងត្រង់ បានឱ្យដឹងថា ជនជាប់ចោទឆបោកនោះ ឈ្មោះ ឈិន ខួច អាយុ២៦ឆ្នាំ មានទីលំនៅមិនពិតប្រាកដ បានស្រឡាញ់នាងក្រមុំម្នាក់អាយុ១៨ឆ្នាំ នៅភូមិអូរ ប្រឡោះ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម ហើយបានសន្យាថា នាំឪពុកម្តាយចូលស្តីដណ្តឹងតាមប្រពៃណី និងបានកំណត់ឱ្យថ្លៃទឹកដោះចំនួន១ម៉ឺនដុល្លារ នៅថ្ងៃភ្ជាប់ពាក្យ។ ប្រភពបន្តថា ដោយយល់ឃើញ ដូច្នេះទើបឪពុកម្ដាយខាងស្រីសម្រេច ចិត្ដជួលតន្ដ្រីសម័យ និងម្ហូបចិនដើម្បី ទទួលភ្លៀវខាងប្រុសមកចូលស្ដីដណ្ដឹង តាមច្បាប់ តាមការសន្យារបស់កូន កំលោះថ្ងៃទី១៧ ខែវិច្ឆិកា។ ប៉ុន្ដែអ្វីដែលធ្វើឱ្យខាងក្រុមគ្រួសារកូនក្រមុំ ហួសចិត្ដនិងទ្រាំលែងបាននោះ គឺមិនឃើញឪពុកម្តាយ ខាងកូនប្រុសមកសោះ។ លុះពេលចាំបាត់ៗ ពី១ម៉ោង ទៅ១ម៉ោងរង់ចាំម្ដងហើយ ម្ដងទៀត រហូតដល់ល្ងាចថ្ងៃដដែល នៅតែមិនឃើញក្រុម គ្រួសាររបស់កូនកំលោះ ចូលស្ដីដណ្ដឹងតាមសន្យាទៀតនោះ ទើបក្រុមគ្រួសារ កូនក្រមុំដឹងថា ជាការឆបោក ក៏សម្រេចប្តឹងសមត្ថកិច្ចមូលដ្ឋានឱ្យឃាត់ខ្លួនកូនកម្លោះ ត្បាញអាយរូបនេះ ពីបទឆបោក បើទោះបីជាឈ្មោះនេះប្រាប់ថា រង់ចាំពេលនេះ ពេលនោះក៏ដោយ។
ប្រភពព័ត៌មានដដែលបានឱ្យដឹងទៀតថា នៅពេលដែលភ្ញៀវចូលរួម និងក្រុមតន្ដ្រីប្រគុំកំដរក្នុងពិធីស្ដីដណ្ដឹងកូនក្រមុំ ដោយមិនមានឪពុកម្ដាយខាងប្រុសចូល រួមនោះ យុវជនឆបោករូបនេះបម្រុង រត់គេចខ្លួនដែរ ប៉ុន្ដែដោយភាគីខាងកូន ក្រមុំដឹងខ្លួនទាន់បានទប់ស្កាត់ និងទៅ ប្ដឹងឱ្យនគរបាលប៉ុស្ដិ៍ឃាត់ខ្លួនកសាង សំណុំរឿងតាមច្បាប់ ពីបទឆបោក និងធ្វើ ឱ្យប៉ះពាល់កិត្ដិយស សេចក្ដីថ្លៃថ្នូរ របស់ក្រុមគ្រួសារកូនក្រមុំ។
មន្ត្រីនគរបាលស្រុកស្ទឹងត្រង់ ឱ្យដឹងទៀតថា ឈ្មោះ ឈិន ខួច មានទីលំនៅក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រស់នៅជាមួយប្អូនស្រីម្នាក់ និងបម្រើការងារក្នុងក្រុមហ៊ុនមួយ។ តាមចម្លើយរបស់ជននេះបង្ហាញថា ខ្លួនពិតជាស្រឡាញ់នារីរូបនោះមែន តែមិនដឹងធ្វើបែបណា ក៏បញ្ឆោតតាមរូបភាពខាងលើនេះទៅ៕fpm