ភ្នំពេញ៖នៅរសៀលថ្ងៃសុក្រ ទី២១ វិច្ឆិកានេះលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានប្រកាសឲ្យដឹងថាលោកនឹងចាត់វិធានការឲ្យលោកមាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋាន ផ្សព្វផ្សាយនិងព័ត៌មានរបស់គណបក្សសង្គ្រោះជាតិមានអភ័យឯកសិទ្ធិជាតំណាងរាស្ត្រដើម្បីឲ្យលោកមានសេរីភាពឡើងវិញ។
លោកសម រង្ស៊ី បានប្រាប់អ្នកកាសែតនៅរសៀលថ្ងៃសុក្រនេះ បន្ទាប់ពីចូលរួមក្នុងពិធីបង្សុកូលរំលឹកវិញ្ញាណក្ខន្ធដល់អ្នកស្លាប់ដោយសាររត់ជាន់គ្នានៅកោះពេជ្រ។ លោកសម រង្ស៊ី ដែលទើបតែវិលត្រឡប់ពីបរទេសវិញបានថ្លែងថា លោកនឹងស្វែងរកអភ័យឯកសិទ្ធជាតំណាងរាស្ត្រដល់លោកមាជ សុវណ្ណារ៉ា។
លោកបញ្ជាក់ថា “យើងនឹងធ្វើតាមនីតិវិធីច្បាប់ យើងនឹងចាត់វិធានការដើម្បីឲ្យលោកមាជ សុវណ្ណារ៉ាមានអភ័យឯកសិទ្ធិក្នុងឋានៈជាតំណាងរាស្ត្រ”។
ការថ្លែងប្រើប្រាស់មធ្យោបាយថ្មីដើម្បីឲ្យសកម្មជនជាន់ខ្ពស់ របស់ខ្លួនមានសេរីភាពឡើងវិញពីសំណាក់លោកសម រង្ស៊ី នៅពេលនេះ គឺបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា កិច្ចព្រមព្រៀងបញ្ចប់នយោបាយរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២២កក្កដា មិនមែនជាកិច្ចព្រមព្រៀងបញ្ចប់នីតិវិធីព្រហ្មទណ្ឌរបស់តុលាការនោះទេ។
គួររំលឹកជូនថា លោកមាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ រួមនឹងសកម្មជនមួយចំនួនទៀតត្រូវបានតុលាការចាប់ខ្លួននិងបញ្ជូនទៅ ឃុំឃាំងនៅពន្ធនាគារព្រៃសរជាបន្តបន្ទាប់កាលពីសប្តាហ៍មុន។ ប្រឈម នឹងបញ្ហានេះ លោកសម រង្ស៊ីបានលើកឡើងថា ភាគីទាំងពីរត្រូវតែខិតខំបញ្ចប់ភាពតានតឹងទាំងនេះ។ ភាពតានតឹងដែលប្រធានគណបក្សប្រឆាំងរូបនេះ ចាត់ទុកថា កើតចេញពីស្ថានការនយោបាយក្រោយការបោះឆ្នោត។
យ៉ាងណាក៏ដោយ លោកសម រង្ស៊ី សង្ឈឹមថា លោកនឹងជួបជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីនិយាយអំពីការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិពីសំណាក់ អាជ្ញាធររដ្ឋាភិបាលក្នុងពេលឆាប់ៗខាងមុខនេះ៕