ដកហូត​តំណែង ឯ​.​ឧ ឯក វីរ​ដេ​ដ្ឋ មេ​អធិ ការកិច្ច​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 June, 2016 ក+ ក-

ដោយ៖ប៊ុនថេត

​ភ្នំ​ពេ​ញ៖​ឯកឧត្តម ឯក វីរ​ដេ​ដ្ឋ ដែល​ត្រូវជា​កូនប្រុស​បង្កើត​របស់​ឯក​ឧ​ត្ត​ម ឯក សំអុល សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបាន​ដកហូត​មុខតំណែង​ហើយ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៥១៦/៥៥៨ ចុះ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៦​។​

​កន្លងមក មានការ​ខ្សឹបខ្សៀវ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ឯកឧត្តម ឯក វីរ​ដេ​ដ្ឋ អគ្គាធិការ​នៃ​អគ្គាធិការដ្ឋាន​នៃ​ក្រសួង សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ថា​ជាម​ន្ត្រី​ដ៏​មាន​ឥទ្ធិពល និង​ទ្រព្យសម្បត្តិ​មហាសាល ប៉ុន្តែ​ក៏​ល្បីល្បាញ​ខាង​រង​ការរិះគន់​ពី​សំណាក់​មន្ត្រីរាជការ​ក្រោម​ឱវាទ​រឿង​ពុករលួយ ផងដែរ​។​

​ចន្លោះ​តំណែង​មេ​អធិការកិច្ច​ក្រសួង​ហិរញ្ញវត្ថុ​នេះ ត្រូវបាន​ដាក់ជំនួស​ដោ​យ​ឯកឧត្តម ឆាយ រតនៈ វិញ (​ឯកឧត្តម ឆាយ រតនៈ ធ្លាប់​ទទួលបាន​ការតែងតាំង​ជា​ជំនួយការ​ឯកឧត្តម រស់ សីល​វ៉ា សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ មាន​ឋានៈ​ស្មើ​អគ្គនាយក​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៥/៦១៤ ចុះ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៥) ។

ទោះបី​បាត់បង់​តំណែង​ជា​អគ្គាធិការ ​នៃអគ្គាធិការដ្ឋាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែលមាន​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជា​ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក៏ដោយ ក៏​ឯកឧត្តម ឯក វីរ​ដេ​ដ្ឋ ត្រូវបានតែងតាំង​មុខតំណែង​ថ្មី​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​យ៉ាង​ហ៊ឺហា​ដដែល ខណៈ​អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បច្ចុប្បន្ន​មាន​ចំនួន​១៨​នាក់ រួចហើយនោះ​។​

​សូមជម្រាបថា ឯកឧត្តម ឯក វីរ​ដេ​ដ្ឋ ទទួលបាន​ការតែងតាំង​ជា​អគ្គាធិការ​នៃ​អគ្គាធិការដ្ឋាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៣/១០៤៧ ចុះ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៣ (​ក្រោយ​ការបង្កើត​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​) ។ ក្រោយមក ឯកឧត្តម ឯក វីរ​ដេ​ដ្ឋ ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន តែ​មិន​ទទួល​ប្រាក់​បំណាច់​ប្រចាំខែ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៥/៦១៥ ចុះ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៥ ៕