ព្រះសីហនុ៖ សង្វៀនប្រជល់មាន់អនាធិប តេយ្យ ដែលស៊ីសងលុយរាប់ពាន់ដុល្លារ ឬរាប់ ម៉ឺនបាត (លុយសៀម)ក្នុងមួយគូៗ បានធ្វើឲ្យអ្នករស់នៅក្រុងព្រះសីហនុប្រតិកម្មរិះគន់យ៉ាងខ្លាំងចំពោះលោកអភិបាលក្រុង និងបានស្តីបន្ទោសទម្លាក់កំហុសទៅលើលោកស្នងការនគរបាលខេត្តថា ពាក់ព័ន្ធនឹងអំពើពុក រលួយទើបមិនបង្ក្រាប។
អ្នកឆ្លើយឆ្លងព័ត៌មានបានរាយការណ៍ថា សង្វៀនភ្នាល់ការប្រជល់មាន់ខាងលើនេះ ស្ថិតនៅចំណុចទល់មន្ទីរឧស្សាហកម្ម ស្ថិតក្នុងសង្កាត់លេខ១ ក្រុង.ខេត្តព្រះសីហនុ ដែលមានឈ្មោះ ហូង និងឈ្មោះពៅ ជាម្ចាស់សង្វៀន។
ប្រភពបន្តថា កន្លងមកកន្លែងល្បែងប្រជល់មាន់របស់ តាហូង និងពៅ នេះគេបានឃើញផ្អាកម្តងរួចមកហើយ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានក្តីត្រេកអរឥតឧបមា ព្រោះល្បែងស៊ីសងគឺជាប្រភពជំរុញមនុស្សល្អឲ្យហ៊ានប្រព្រឹត្តបទល្មើស មិនរើសមុខទោះបីដឹងថាមានគ្រោះថ្នាក់បែបណាក្តី។ប៉ុន្តែគួរឲ្យសោក ស្តាយព្រោះការបិទនោះបានតែរយៈពេលខ្លីប៉ុណ្ណោះ ក៏ឃើញគេបើកឡើងវិញ និងរឹតតែគគ្រឹកគគ្រេងជាងមុនទៅទៀត ហើយមិនដែលឃើញមានសមត្ថកិច្ចណាមួយចេញមកបង្ក្រាបឡើយ។
អ្នកចូលលេងល្បែងប្រជល់មាន់ក្នុងទីតាំងខាងលើនេះ បានប្រាប់ថា សមត្ថកិច្ចជំនាញមួយចំនួនបាន មកសុំលុយពីឈ្មោះ ហូង និងឈ្មោះពៅ ដែលជាម្ចាស់ទីតាំងជាញឹកញាប់ ។ចំណែកតាហូង និងពៅ ក៏បានអួតក្អេងក្អាងដោយឥតលាក់លៀមប្រាប់អ្នកចូលលេងកុំឲ្យភ័យខ្លាចដែរថា អញ្ជើញលេងដោយសេរីកុំខ្លាចឲ្យសោះ គ្មានអ្នកណាហ៊ានមក ចាប់ទេ ព្រោះគេបានសូកលុយឲ្យមេៗសមត្ថកិច្ចខេត្តរួចអស់ហើយ ។
ប្រភពបន្តថា ការបិទទីតាំងល្បែងជល់មានរបស់តាហូង និងពៅ កាលពីប៉ុន្មានខែមុននោះ ត្រូវគេដឹងថា មានបញ្ជាពីលោក ស៊ាង កុសល ស្នង ការនគរបាលខេត្ត។ចំណែកការបើកលេងជាថ្មីឡើងវិញនេះ ពិតជា គ្មានអ្នកណាហ៊ានចេញច្បាប់អនុញ្ញាតឲ្យឡើយ ព្រោះវាជាប្រភេទល្បែងស៊ីសងខុសច្បាប់សុទ្ធសាធ ។ប៉ុន្តែដោយសារតែគ្មានការបង្ក្រាប ទើបប្រជាពលរដ្ឋនាំគ្នានិយាយទម្លាក់កំហុសទៅលោក ភុល ភស្តា អធិការនគរបាលក្រុងព្រះស៊ីហនុ និងលោកស្នងការខេត្ត ថាជាអ្នក ទទួលសំណូកដូចការអួតអាងរបស់តាហូង និងឈ្មោះពៅ នោះមែន ដើម្បីជាថ្នូរនឹងកាធ្វើមិនដឹងមិនឮចំពោះទីតាំងល្មើសច្បាប់ខាងលើនេះ។
លោកស្នងការ ស៊ាង កុសល កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា នេះ មិនអាចទាក់ទងសុំការបកស្រាយពាក់ព័ន្ធនឹងការបើកឲ្យមានកន្លែងប្រជល់ មាន់ខុសច្បាប់ដូចខាងលើនេះបានទេ។រីឯលោក ភុល ភស្តា អធិការក្រុងព្រះសីហនុក៏មិនអាចភ្ជាប់ប្រព័ន្ធទូរស័ព្ទដើម្បីសុំការពន្យល់បានដែរកាលពីរសៀលថ្ងៃទី២២ខែវិច្ឆិកា នេះ៕ សម្បត្តិ