អត្ថបទ៖លោក សុត្ថារ៉ូ
ភ្នំពេញ៖គណបក្សប្រឆាំងបានប្រកាសថា លោក កឹម សុខា ជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នឹងមិនចូលបំភ្លឺនៅតុលាការថ្ងៃស្អែក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នេះ តាមដីកាកោះហៅនោះទេ។
បក្សប្រឆាំងបានថ្លែងអះអាងបែបនេះ តាមរយៈ លិខិតរបស់ ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ ដោយបញ្ជាក់ថា៖ «ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ សូមបញ្ជាក់សារជាថ្មីម្តងទៀត ថា លោក កឹម សុខា តំណាងរស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងជាប្រធានស្តីទីមតិភាគតិចនៃរដ្ឋសភា មិនអាចចូលបំភ្លឺនៅតុលាការ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ តាមដីការបង្គាប់ឲ្យចូលខ្លួន របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លេខ ១៥១ ក១ ព្រ.ទ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ ដោយមានអភ័យឯកសិទ្ធិសភា»។
បើតាមមាត្រាទី៥៣៨ នៃច្បាប់ព្រហ្មទណ្ឌបានចែងថា «រាល់បុគ្គលណាដែលត្រូវបានកោះហៅ ឱ្យចូលមកឆ្លើយជាសាក្សីនៅមុខ អយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួន តាមដីកាកោះហៅនោះ ដោយគ្មានមូលហេតុសមស្រប ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ១លានរៀល»។
គួរបញ្ជាក់ថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ថាន់ ឡេង កាលពីថ្ងៃទី២៦ ខែឧសភា កន្លងមកនេះ បានចេញដីកាបង្គាប់ឲ្យលោក កឹម សុខា ចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី១៤ ខែមិថុនា ពីបទ «បដិសេធក្នុងការចូលខ្លួន» តាមការកោះហៅរបស់តំណាងអយ្យកាកន្លមក។
ការចេញដីកាកោះនេះ បានធ្វើឡើងបន្ទាប់លោក កឹម សុខា បានអវត្តមានមិនចូលបំភ្លឺតាមការកោះហៅ របស់តំណាងអយ្យការអមសាលាដំបូងក្នុងសំណុំរឿងសញ្ចារកម្មតាមបណ្តឹងរបស់កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។ ក្រោយពីការសម្រេចមិនចូលខ្លួនេះ តុលាការបានធ្វើសេចក្តីរាយការណ៍មួយ ទៅកាន់រដ្ឋសភា ហើយរដ្ឋសភាក្រោមសំឡេងភាគច្រើន ដាច់ខាតបានបោះឆ្នោតគាំទ្រឱ្យតុលាការអនុវត្តន៍នីតិវិធីលើនោះជាបន្តទៀត៕