កំពង់ចាម៖ លោក សុជឹម ប៊ុនណារ៉ុម នាយកសាលាឯកជន វណ្ណារ៉ុមអាណាព្យាបាលសិស្សជាច្រើន នាក់ប្រមូលផ្តុំគ្នានៅមុខប៉ូស្តិ៍ប៉ូលីសក្រុងកំពង់ចាមប្តឹងទាមទារប្រាក់ថ្លៃសាលាមក វិញដោយសារមិនបានបង្រៀនកូនចៅរបស់ពួកគាត់។
មន្ត្រីនគរបាលមួយរូបបានប្រាប់ឲ្យដឹងថា អាណាព្យាសិស្សសាលាឯកជនចំណេះទូទៅ វណ្ណារ៉ុម ជាច្រើននាក់ បាននាំគ្នាមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលវាលវង់ ក្រុងកំពង់ចាម ដោយសុំទាមទារឲ្យថ្នាក់ដឹកនាំសាលាឯកជនចំណេះទូទៅមួយនេះ សងលុយក្នុងម្នាក់ៗ ពី៤០០ទៅ៥០០ដុល្លារ អាមេរិកមកវិញ ព្រោះតែសាលាមិនព្រមបង្រៀនកូនចៅរបស់ពួកគាត់ បន្ទាប់ពីចុះឈ្មោះនិងបង់លុយរួចរាល់អស់រយៈពេលជាយូរហើយនោះ។
កាលពីវេលាល្ងាចថ្ងៃទី២១ ខែវិច្ឆិកា អាណាព្យាបាលសិស្សខាងលើ បានមកជួបជុំរៀបចំពាក្យបណ្តឹងនៅស្ថានីយ៍នគរបាលរដ្ឋបាលវាលវង់ ប៉ុន្តែត្រូវបានពន្យារពេលរង់ចាំដល់ថ្ងៃទី២៤ ខែវិច្ឆិកា ទើបបន្តនីតិវិធី ព្រោះការប្តឹងផ្តល់នេះខាងអាណាព្យាបាលសិស្សខ្វះឯកសារ។
អាណាព្យាបាលសិស្សសាលាឯកជនមួយនេះ បានប្រាប់អ្នកយកព័ត៌មានថា ក្រោយពីបើកសាលាបង្រៀននៅក្រុងកំពង់ចាមរួចមក ពួកគាត់បាននាំ កូនទៅចុះឈ្មោះចូលរៀន ប៉ុន្ដែត្រូវបង់លុយក្នុងម្នាក់ពី៤០០ទៅ៥០០ដុល្លារ។ក្រោយពីបង់លុយរួចហើយ ខាងសាលាចេះតែពន្យារពេលមិនដែលបានបង្រៀនកូនចៅរបស់ពួកគាត់នោះឡើយ ដូច្នេះទើបពួកគាត់សម្រេចចិត្តមកដាក់ពាក្យបណ្ដឹងតែម្ដង។
គួរជម្រាបថា សាលាឯកជនមួយនេះ ត្រូវគេដឹងថាមានសាខាមួយទៀតនៅទីរួមស្រុកមេមត់ ខេត្ដត្បូងឃ្មុំ ហើយកន្លងមកសាលានេះ ក៏ធ្លាប់លិចឮនូវរឿងអាស្រូវទាក់ទងនឹងការមិនបានបើកប្រាក់ខែឲ្យសន្តិសុខយាមសាលារហូតមកដល់សព្វថ្ងៃនេះផងដែរ។
លោក សុជឹម ប៊ុនណារ៉ុម នាយកសាលាឯកជន វណ្ណារ៉ុម ខេត្តកំបង់ចាម មិនអាច ទាក់ទងសុំការបញ្ជាក់បានទេ ព្រោះអ្នកធ្វើការនៅទីនោះបដិសេធមិនស្គាល់លេខ ទូរស័ព្ទរបស់លោក ៕ សានូវី