ប៉ោយប៉ែត៖ជនជាតិបង់ក្លាដេសចំនួន ១៤នាក់ ត្រូវបានឃាត់ ខ្លួនក្នុងបន្ទប់ផ្ទះសំណាក់មួយ កន្លែងក្នុងសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ ខណៈពួកគេរង់ចាំចាកចេញពីកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
អ្នកឆ្លើយឆ្លងព័ត៌មានបានរាយការណ៍ថា ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងនគរបាលអន្តោប្រវេសន៍ប្រចាំប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយបានចុះឆែកឆេរផ្ទះសំណាក់យីហោ «៩៩៩» មួយកន្លែង ស្ថិត នៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយបានឃាត់ខ្លួនជនជាតិបង់ក្លាដេសចំនួន ១៤នាក់ដែលគេដឹងថាចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ហើយបញ្ជូនចូលរថយន្តទួរីសធុនធំមួយគ្រឿង។
ប្រភពបានបន្តថា ខណៈរៀបកំពុងបញ្ជូនជនបរទសទាំងនោះចូលរថយន្តរួចហើយបម្រុងដឹកចេញទៅ ស្រាប់តែមានរថយន្តស៊ីរ៉ែនរបស់ប៉ុស្តិ៍សង្កាត់ប៉ោយប៉ែតមកធ្វើការរាំងផ្លូវមិនឱ្យដឹកចេញឡើយហើយមានការជជែកគ្នាយ៉ាងចម្រូងចម្រាសរវាងកម្លាំងសមត្ថកិច្ចទាំង២ផ្នែកនោះ ប្រមាណជាងកន្លះម៉ោង ទើបគេឃើញរថយន្តស៊ីរ៉ែននោះព្រមថយចេញបើកផ្លូវឱ្យរថយន្តទួរីសដែលដឹកជនបរទេសទាំងនោះចេញទៅបាន។
ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក ស៊ីម សំអាត បានបញ្ជាក់ថា ជនជាតិបង់ក្លាដេសអន្តោរប្រវេសន៍ទាំង១៤នាក់នេះ នឹងត្រូវបញ្ជូនទៅរាជធានីភ្នំពេញវិញទាំងយប់ដើម្បីចាត់ការបន្តតាមនីតិវិធីរបស់កម្ពុជា៕រដ្ឋា