លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ថៅកែ​ហាង​ពេជ្រ​ហុងកុង​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​ស្លាប់ជិត​ស្តា​ត​អូឡាំពិក​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 November, 2014 ក+ ក-

ភ្នំពេញ​៖ លោក​ឧកញ៉ា អ៊ឺ​ង ម៉េង​ជឺ ថៅកែ​ហាង​ពេជ្រ​ហុងកុង និង​ជា​ថៅកែ​អគារ​លក់​គ្រឿងសំណង់​ហេង ហុង​សេង ត្រូវ​ខ្មាន់កាំ ភ្លើង២​នាក់ បាញ់​ដោយ​កាំភ្លើងខ្លី​ជាច្រើន​គ្រាប់​បណ្តាលឱ្យ​ដួល​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​នៅ​ចំណុច​មុខ​ហាង​លក់​ផ្លែឈើ​ខាងលិច​ស្តា​ត​អូឡាំពិក ខណៈ​ជនរងគ្រោះ​ចុះ​ពីលើ​រថយន្ត​បម្រុង​ដើរចូល​ទិញ​ផ្លែឈើ​។​

ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៧​យប់ ថ្ងៃទី​២២ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ហាង​លក់​ផ្លែឈើ​យីហោ ឡោ​តិច​សេង ផ្ទះ​លេខ​៤៦៤BE0 កែង​ផ្លូវ​លេខ​២៧៤ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ អ៊ឹង ម៉េង​ជឺ អាយុ​ជាង​៤០​ឆ្នាំ ជា​ថៅកែ​ហាង​ពេជ្រ​ហុងកុង នៅ​ជិត​ផ្សារ​ថ្មី បើករថយន្ត​ម៉ាក​តូយ៉ូតា​ឡិច​ស៊ី​ស​៥៧០ ពណ៌​ឈាមជ្រូក ភ្នំពេញ 2M-1683​។​

​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៥៧០ ពណ៌​ក្រហម​មួយគ្រឿង​តែម្នាក់ឯង តាម​បណ្តោយ​ផ្លូវ​លេខ​២៧៤ ពេលមកដល់​មុខ​ហាង លក់​ផ្លែឈើ ឡោ​តិច​សេង ក្បែរ​របង​ស្តា​ត​អូឡាំពិក ជនរងគ្រោះ​បាន​ចុះ​ពីលើ​រថយន្ត​ដើរ​បាន​ប្រហែល​៣​ម៉ែត្រ​ប៉ុណ្ណោះ ស្រាប់​តែមាន​ខ្មាន់កាំភ្លើង​ពីរ​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ មួយគ្រឿង​មកដល់​ឈប់​អែប​ជនរងគ្រោះ​ហើយ​បាន​ដក​កាំភ្លើងខ្លី​ម៉ា​កឡុក CZ98 បាញ់​សំដៅទៅ​ស្រោច​មកលើ​ជនរងគ្រោះ​ជាច្រើន​គ្រា​ប់ប​ណ្តា​ល​ឱ្យស្លាប់​ភ្លាម​នៅនឹងកន្លែង​កើតហេតុ​។ ក្រោយពី​បាញ់​ជនរងគ្រោះ ហើយ​ជនសង្ស័យ​ទាំង​២​នាក់​បាន​បើក​ម៉ូតូ​គេចខ្លួនបាត់​។

យ៉ាងណាក៏ដោយ សមត្ថកិច្ច​នៅ​ពុំ​បានអះអាងពីការធ្វើ​កោសល្យវិច័យ​លើ​សាកសព​លោក​ឧកញ៉ា​ថា រងរបួស​ដោយ​គ្រាប់កាំភ្លើង​ប៉ុន្មាន​គ្រាប់​នៅឡើយ​ទេ ប៉ុន្តែ​នៅ​កន្លែងកើតហេតុ​សមត្ថកិច្ច​បាន​រក ឃើញ​គ្រាប់កាំភ្លើង​ចំនួន​៥​គ្រាប់​បាន​ផ្ទុះ និង​៣​គ្រាប់​មិន​ផ្ទុះ​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចម្រុះ​ខណ្ឌចំការមន បាន​ចុះមក​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ និង​ធ្វើ​កំណត់ហេតុ ដើម្បី​ឈានទៅ​កំណត់​មុខសញ្ញា​ជនសង្ស័យ​ខាងលើ​។ ប៉ុន្តែ​ជា​ជំហាន​ដំបូល​សមត្ថកិច្ច​ជំនាញ​សន្និដ្ឋានថា អាចជា​ករណី​គំនុំ​ដោយ​ជនសង្ស័យ​បានគិត​ទុកជាមុន និង​តាម​ពីក្រោយ​ជនរងគ្រោះ​រហូតមកដល់​ចំណុចកើតហេតុ​ក៏​បាញ់ប្រហារ​តែម្តង​។​

អ្នក​ធ្លាប់​ស្គាល់​ជនរងគ្រោះ លោក អ៊ឹង ម៉េង​ជឺ និង​ភរិយា​លោកស្រី តាំង គឹម​ឆេង បាន​អះអាងថា លោក​ឧកញ៉ា និង​ភរិយា ជា​អ្នក​ចូលចិត្ត​ធ្វើបុណ្យ​ទាន​ដែល​កន្លងមក​ក្រុមគ្រួសារ​របស់លោក​បាន​សង់ផ្ទះ​ទេវតា​ជាច្រើន​ជូន​ជន​ចាស់ជរា និង​គ្មាន​ទីពឹង​នៅក្នុង​ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន​។​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ និង​ភរិយា ពេលធ្វើ​ដំណើរ​ទៅណា​មក​ណា មិន​ដែលមាន​អង្គរក្ស ឬ​អ្នកការពារ​នោះទេ ពោល​ទៅណា​មក ណា​មក​ណា តែ​ពីរ​អ្នក​ភរិយា​ប៉ុណ្ណោះ​។​

សព​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ត្រូវបាន​យកទៅ​កម្ត​ល់​ធ្វើបុណ្យ​នៅ​គេហដ្ឋាន​របស់លោក​នៅ​ភូមិ បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​៕

 

Untitled-1

Untitled-1

Untitled-2លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ និង ភរិយា ពេល​ចុះ​ប្រគល់​ផ្ទះ​ទេវតា ជូន​ចាស់ជរា​