ចាប់បាន​ជនសង្ស័យ​ដុត​សម្លាប់​ស្មៀន ឃុំ​សាលា​ក្រៅ​មួយ​គ្រួសារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 November, 2014 ក+ ក-

ខេត្ត​ប៉ៃលិន​៖​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​មនុស្ស​៣​នាក់ ត្រូវ​សមត្ថកិច្ច​បាញ់​របួស​ជើង​ម្ខាង ខណៈ បាន​ឃាត់ខ្លួន​យកមក​សាកសួរ​តែ​ជន​នោះ បាន​រត់គេច​ពី​សមត្ថកិច្ច ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ដ៏​សាហាវឃោរឃៅ​ចាប់​មនុស្ស​ចង​រួច​ដុត​ទាំង​មនុស្ស​ទាំង​ផ្ទះ​នៅ​ខេត្ត​ប៉ៃលិន​។​

មន្ត្រី​សមត្ថកិច្ច​បញ្ជាក់​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​ឃាតករ​ដែល​ដុត​ផ្ទះ​សម្លាប់​ស្មៀនឃុំ​សាលា​ក្រៅ​មួយ​គ្រួសារ ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​វែកមុខ​បាន​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់​ត្រូវជា​បង​សាច់ថ្លៃ និង មនុស្ស​ប្រុស​២​នាក់​ផ្សេងទៀត​ទៅ​សាកសួរ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ដ៏​សារ​ហាវ​នេះ ប៉ុន្តែ​ខណៈដែល​សមត្ថកិច្ច​កំពុង​សាកសួរ​ត្រូវ​ចំណុច​ស្រាប់តែ​ជនសង្ស័យ​បាន​ស្ទុះ​រត់គេចខ្លួន ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​បាញ់​ឱ្យ​របួស​ជើង​ស្តាំ ទើប​ចាប់បាន​។​

ហេតុ​ការ​ណ៏៍​ឃាត់ខ្លួន​នេះ បាន​ធ្វើឡើង​តាំងពី​ល្ងាច​ថ្ងៃទី​២១ រហូត​ដល់ពេល​រសៀល​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ស្ថិតនៅ​ក្នុងភូមិ​អូរ​៧៥ ឃុំ​អូរអណ្ដូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជា​រឿង​ជម្លោះ​ដណ្ដើម​កេរ​មរតក​ច្រើនជាង​ករណី​ប្លន់​សម្លាប់​យក ទ្រព្យសម្បត្តិ​។​ជនសង្ស័យ​នៅ​ពុំទាន់​សាកសួរ​បាន​នៅឡើយ​ដោយសារ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក ប៉ៃលិន​នៅឡើយ​។​
​ប្រភព​បានឱ្យដឹង​ទៀតថា បុរស​ដែល​សមត្ថកិច្ច​បាញ់រង​របួស​ឈ្មោះ​ឆោម ចំណាន អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អូរ​៧៥ ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ដែលមាន​ផ្ទះ​ក្បែរ​កន្លែងកើតហេតុ​នោះ​។​

តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ស្មៀនឃុំ​សាលា​ក្រៅ ទើប​ចូល​បម្រើ​ការងារ​ក្នុង​មូលដ្ឋាន​នេះ​បានត្រឹមតែ​៦​ទៅ​៧​ខែ ត្រូវ​ឃាតករ​មួយក្រុម​មាន​គ្នា​ប្រមាណ​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ចាប់ចង​ភ្ជាប់​គ្នា​នឹង​ខ្សែភ្លើង​ទាំង​ប្តី​ប្រពន្ធ និង​ទារិកា​ជា​កូនតូច​អាយុ​ទើបតែ​៦​ខែ នៅក្នុង​ផ្ទះ រួច​ចាក់​សាំង​ដុត​ផ្ទះ បណ្តាលឱ្យ​ឆេះ​ស្លាប់​ទាំងអស់គ្នា​យ៉ាង​អាណោចអាធ័ម​ជាទីបំផុត​។ ហេតុការណ៍​គួរឱ្យ​រន្ធត់ និង​ព្រៃផ្សៃ​បំផុត​នេះ បានកើត​ទ្បើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ ទី​២១ ខែវិច្ឆិកា នៅ​ផ្លូវលំ ស្ថិតក្នុង​ភូមិ​អូរ​៧៥ ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ​។​

របាយការន៍​មន្ត្រីនគរបាល​បង្ហាញថា ជនរងគ្រោះ​ជា​ប្តី​ឈ្មោះ ហេង រ៉ាវី អាយុ​២៧​ឆ្នាំ ជា​ស្មៀនឃុំ​សាលា​ក្រៅ ប្រពន្ធ​ឈ្មោះ ធី ផល​ទ្បៃ អាយុ​២៤​ឆ្នាំ ប្រកប​របរ​លក់​គ្រឿងទេស​នៅផ្ទះ និង​ទារិកា​ជា​កូន​ឈ្មោះ ហេង ម៉េង​ជូ អាយុ​ទើប​៦​ខែ ។ ក្រុមគ្រួសារ​នេះ មាន​ស្រុកកំណើត​នៅ​ភូមិ​និគម ឃុំ​និគម ស្រុក​ថ្មគោល ខេត្តបាត់ដំបង បច្ចុប្បន្ន​រស់នៅក្នុង​ភូមិ​ខាងលើ​។

មន្ត្រីនគរបាល​បានឱ្យដឹង​ទៀតថា បើតាម​ការសន្និដ្ឋាន គឺ​ដាក់​ការសង្ស័យ ៖
​ទី​១-​ជា​រឿង​ទំនាស់​រវាង​ក្រុមគ្រួសារ​របស់​ពួកគេ​ដែល​ស្រ​ទ្បា​ញ់ មិន​ស្មើគ្នា​។ ទី​២-​ទាក់ទិន​ទៅនឹង​មុខតំណែង​ស្មៀន ទើបតែ​ទ្បើង​ថ្មី និង​ទី​៣-​ទាក់ទិន​ទៅនឹង​ការរកស៊ី​បង្កើត​ស្តង់​ពោត​ដំ​ទ្បូ​ង​មី​។​

បើតាម​ព័ត៌មាន​ឱ្យដឹងថា ជនរងគ្រោះ​ទើបតែ​ទៅ​ខ្ចីលុយ​ពី​ធនាគារ​ចំនួន ៤​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​យក​ប្រើប្រាស់​ក្នុង​មុខរបរ​របស់ខ្លួន កាលពីពេល​ល្ងាច ហើយ​លុយ​នេះ​ត្រូវ​ភ្លើង​ឆេះ​ហ្មត់​ទាំងអស់​។​

ប្រភព​បានឱ្យដឹង​ទៀតថា ករណីនេះ គឺជា​រឿង​គំនុំ​ដណ្ដើម​កេរអាករ​គ្នា​រវាង​បងប្អូន ប៉ុន្តែ​ជនសង្ស័យ​ទំនង​មិនមែន​អាចធ្វើ​តែម្នាក់ឯង​ទេ គឺមាន​គ្នា​។​សមត្ថកិច្ច​នគរបាល​គ្រប់លំដាប់​ថ្នាក់​នៅក្នុង​ខេត្ត កំពុង​ស្រាវជ្រាវ​ហៅមនុស្ស​ប្រុស២​នាក់​ទៀត មក​សាកសួរ​ពាក់ព័ន្ធ​ករ​ណ​ឃាត​កម្មនេះ​។​

ការសម្លាប់​ដោយ​ចាប់ចង​រួច​ដុត​ទាំង​មនុស្ស​ទាំង​ផ្ទះ​យ៉ាង​ឃោរឃៅ​នេះ បានបង្ហាញ​ឱ្យឃើញ​នូវ​គំនុំ​ដ៏​ស្រួចស្រាល់​មួយ តែ​អ្វីដែល​គួរឱ្យ​ថ្កោលទោស​បំផុត​នោះ គឺ​ក្មេង​តូច​ដែលមាន​អាយុ​ទើបតែ​៦​ខែ មិនទាន់​ដឹងក្តី​ផង​នោះ​ក៏​ពួកគេ​ចាត់ជា​សត្រូវ​ហើយ​ចង​ដុត​សម្លាប់​ដែរ​៕

Untitled-3

 

 

 

 

Untitled-3

 

 

 

 

Untitled-3