ភ្នំពេញ៖ហេតុការណ៍បាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ជាថៅកែហាងលក់ពេជ្រ,ជាប្រធានក្រុមហ៊ុនស៊ីម៉ង់ត៍ និងជាឈ្មួញរកស៊ីដីធ្លី កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា រហូតដល់ល្ងាចថ្ងៃទី២៤ ខែវិច្ឆិកានេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលស្ទើរទូទាំងប្រទេសជាពិសេសនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលបានផ្សព្វផ្សាយនូវរូបថត និងវិដេអូឃ្លីបស្តីពីទិដ្ឋភាពនៃឃាតកម្មនោះ នៅខាងមុខហាងលក់ផ្លែឈើជិតអាងទឹកស្តាតអូឡាំពិក ។
ទោះជាយ៉ាងនេះក្តី ក៏រហូតដល់រសៀលថ្ងៃទី២៤នេះ ជនពាក់ព័ន្ធនឹការបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ នៅមិនទាន់បានលាតត្រដាងជាផ្លូវការនោះទេ។បើតាមប្រភពព័ត៌មានពីមិត្ដភក្ដិនិងសាច់ញាតិ បានបង្ហើបឲ្យដឹងថា ឃាតកម្មខាងលើនេះអាចផ្ដើមចេញពីរឿងគំនុំដោយសារជម្លោះក្នុង មុខរបររកស៊ីណាមួយ ព្រោះឧកញ៉ា អ៊ឹង ម៉េងជឺ មានមុខរបរច្រើន ដូចជាបើកក្រុមហ៊ុននាំចូលសម្ភារៈសំណង់ពីប្រទេសថៃ បើកហាងលក់ពេជ្រយីហោ ហុងកុង និង មុខរបរមួយទៀតគឺជំនួញដីធ្លី។
ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញម្នាក់ បានឲ្យដឹងថា លោកឧកញ៉ាអ៊ឹង ម៉េងជឺ ពាក់ព័ន្ធសំណុំរឿងទំនាស់ដីធ្លីប្រមាណ១០ហិតានៅម្តុំ បឹងបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានទឹកប្រាក់រាប់លានដុល្លារអាមេរិកជាមួយឧកញ៉ា ម្នាក់ទៀត ដែលគេមិនអាចបញ្ជាក់ អត្ដសញ្ញាណទេ។ប្រភពបន្តថាលោកឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបានលោក កែវ មុនី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញកោះហៅឲ្យចូលខ្លួននៅថ្ងៃទី៨ ធ្នូ ២០១៤ ដើម្បីសាកសួរលើសំណុំរឿងព្រហ្មទណ្ឌមួយក្នុងនាមរូបលោកជាចុងចោទ។ ក្រៅពីរឿងក្ដីក្ដាំខាងលើនេះ គេមិនដឹងថា លោកឧកញ៉ាមានពាក់ព័ន្ធរឿងអ្វីផ្សេងទៀតនោះឡើយ ហើយក៏គ្មាននរណាដឹងថា មូលហេតុនៃការបាញ់សម្លាប់នេះ ពាក់ព័ន្ធនឹងរឿងអ្វីពិតប្រាកដនោះដែរ។
អំពើឃាតកម្មកណ្ដាលក្រុងភ្នំពេញ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ស្ថិតនៅជិតហាងលក់ផ្លែឈើ ក្បែរស្ដាតអូរ ឡាំពិក សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន បានធ្វើឱ្យមាន ការចាប់អារម្មណ៍និងការ ទន្ទឹងរង់ចាំមើលគ្រប់ៗគ្នាពីមជ្ឈដ្ឋានទូទៅ ចំពោះប្រតិបត្ដិការស្រាវជ្រាវ របស់សមត្ថកិច្ច ថាតើចាប់បាន ឃាតក និងមេខ្លោងនៅពី ក្រោយពេលណា ពីព្រោះ នៅលើបណ្តាញសង្គម បានផ្សព្វផ្សាយនូវរូបថត និងវិដេអូ ចេញពីកាំម៉ារ៉ាសុវត្ថិភាព ព្រមទាំងវិដេអូ ថតតាមទូរស័ព្ទ នៅកន្លែងកើតជុំវិញឃាតកម្មបាញ់សម្លាប់លោកឧកញ៉ាអ៊ឹង ម៉េងជឺ ។
ក្នុងរូបភាព បុរសឃាតករត្រូវបានគេគូសរង្វង់បញ្ជាក់យ៉ាងច្បាស់និងសរសេរថា បន្ទាប់ពីបាញ់សម្លាញ់ឧកញ៉ារូបនោះហើយ ឃាតករបានមកពិនិត្យមើលសាកសពថែមទៀតផង។
ខ្សែវិដេអូខ្លី ដែលគេបង្ហោះក្នុងហ្វេសប៊ុកនោះ ត្រូវបានអ្នកលេងហ្វេសប៊ុកបញ្ជាក់ថា ឃាតក បាញ់សម្លាប់ឧកញ៉ា និងប៉ូលិសស្លៀកពាក់ស៊ីវិល មានសៀតអាយកូម មានភិនភាគ និងសម្លៀកបំពាក់ដូចគ្នា។ ខុសត្រង់ថា ពេលបាញ់សម្លាប់ឧកញ៉ា បុរសនោះ មូរដៃអាវ ពាក់មួកប៉ារ៉េ និងពាក់ម៉ាស់។ តែពេលមកពិនិត្យមើលសាកសព បុរសនោះមិនពាក់មួក មិនពាក់ម៉ាស់ និងបានទម្លាក់ដៃអាវចុះ ពេលគេថតបាន ហើយមានសភាពរាងតក់ស្លុត។
យ៉ាងណាក៏ដោយ ជុំវិញឃ្លីបវិដេអូខាងលើនេះ ត្រូវបានមន្ដ្រីជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញធ្វើការបដិសេធហើយប្រាប់ថា បុរសរូបនោះជាមន្ដ្រីនគរបាលផ្នែកអន្ដរាគមន៍នៅខណ្ឌចំការមន។
លោក ជួន ណារិន បានបញ្ជាក់ថា នៅព្រឹកមិញនេះ ក៏មានកិច្ចប្រជុំជាមួយអគ្គស្នងការនគរបាលជាតិ ដើម្បីពន្លឿននីតិវិធីស៊ើបអង្កេតលើករណីនេះ ឲ្យបានឆាប់។
លោក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បាននិយាយថា សមត្ថកិច្ចនគរបាលជំនាញ កំពុងពន្លឿននីតិវិធីស៊ើបអង្កេតលើករណីឃាតកម្មបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ៕ សម្បត្តិ