ដោយ៖ វិធិ
ក្រចេះ៖លោក ជ្រុន សៅ នាយរងសង្កាត់ថ្មគ្រែ រងការចោទប្រកាន់ថា មានការឃុបឃិតគ្នាជាមួយឈ្មួញឈើឈ្មោះ ប៊ុណ្ណា រស់នៅខេត្តស្ទឹងត្រែង ពាក់ព័ន្ធនឹងអំពើពុករលួយ ក្រោយមានការដោះលែងឈ្មួញឈើរូបនោះ។
ការលួចដោះលែងឈ្មួញឈើរូបនោះ គឺត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីឈ្មួញឈើឈ្មោះ ប៊ុណ្ណា បានឡើងជិះក្នុងរថយន្តរបស់លោក ជ្រុន សៅ នាយរងសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ។
បន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបចាប់ឃាត់រថយន្តសាំងយ៉ុងដឹកឈើប្រណិតមួយគ្រឿង កាលពីថ្ងៃទី២៦ ខែមិថុនា នៅចំណុចស្ពានតេ ក្នុងសង្កាត់រកាកណ្ដាល ក្រុងក្រចេះតែម្តង។
ហើយថែមទាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ប៊ុណ្ណា ជនជាតិវៀតណាម ដែលជាថៅកែឈើដ៏ល្បីឈ្មោះម្នាក់ នៅខេត្តស្ទឹងត្រែង និងជាម្ចាស់រថយន្តបទល្មើស ដោយសមត្ថកិច្ចចម្រុះ បានប្រគល់អោយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដែលមានលោក ជ្រុន សៅ មេព្រៃថ្មគ្រែ និងលោក អ៊ីវ ហាក់ ដែលជាមេព្រៃកន្ទួត ជាអ្នកទទួលយកវត្ថុតាំង និងជនសង្ស័យ ដើម្បីយកទៅរក្សាទុក និងកសាងសំនុំរឿងតាមនីតិវិធីច្បាប់ស្តីពី ព្រៃឈើ ប៉ុន្តែបែរជាធ្វើការដោះលែងម្ចាស់រថយន្តបទល្មើសទៅវិញ។
ជុំវិញការចោទប្រកាន់ ដែលថា លោក ជ្រុន សៅ នាយរងសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ បានដោះលែងជនសង្ស័យ ដែលជាឈ្មួញឈើឈ្មោះ ប៊ុណ្ណា ខាងលើនេះ លោក ជ្រុន សៅ បានប្រាប់អ្នកសារពត៌មានតាមទូរសព្ទ័ កាលពីថ្ងៃទី២៧ ខែមិថុនានេះថា ”ម្ចាស់ឡានដឹកឈើប្រណិត ដែលគេដឹងថា ជាជនជាតិយួន ចាប់ឃាត់បានកាលពីព្រឹកថ្ងៃទី២៦ ម្សិលមិញនៅចំនុចស្ពានតេនោះ បានរត់បាត់ហើយ គឺគេលួចរត់ពេលសុំប៉ូលីសទៅបត់ជើងធំ” នេះជាការអះអាងរបស់លោក ជ្រុន សៅ នាយរងសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ។
បើទោះជាមានការអះអាងបែបនេះ ពីសំណាក់លោក ជ្រុន សៅ ដែលជានាយរងសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែយ៉ាងនេះក្ដី ក៏មជ្ឈដ្ឋានមួយចំនួន រួមទាំងអ្នកសារពត៌មានផងនោះ នៅតែមានការងឿយឆ្ងល់ និងដាក់ការសង្ស័យជាខ្លាំង ចំពោះចំណាត់ការរបស់លោកជ្រុន សៅ នាយរងសង្កាត់ព្រៃឈើថ្មគ្រែ ខណ:ដែលមានគេឃើញ ម្ចាស់រថយន្តបទល្មើសឡើងជិះក្នុងរថយន្តជាមួយគ្នា មុននឹងជនសង្ស័យរត់គេចបាត់។
សូមបញ្ជាក់ថា ”នៅពេលដែលសមត្ថកិច្ចចម្រុះ មាននគរបាល ប៉េអឹមក្រុងក្រចេះ និងអ្នកសារពត៌មាន ដេញចាប់រថយន្តសាំយ៉ុងដឹកឈើប្រណិតប្រគល់អោយមេព្រៃ លោក ជ្រុន សៅ នាយរងសង្កាត់ព្រៃឈើថ្មគ្រែ ទទួលយកទាំងទឹកមុខស្អុយប៉ែ ដោយបាត់បង់នូវប្រយោជន៍ ព្រោះគាត់ជាជើងខ្លាំងផ្នែកប្រម៉ាញ់លើកំណាត់ផ្លូវជាតិលេខ៧ ចំពោះអ្នកដែលរំលងដឹកបទល្មើសមិនតេប្រាប់” នេះជាការលើកឡើងរបស់សមត្ថកិច្ច។
ដោយឡែក ប្រភពពីអ្នកដឹកឈើវិញ គេខ្លាចណាស់លោក ជ្រុន សៅ ហៅ សៅ មេព្រៃសង្កាត់ថ្មគ្រែ៕