​សមត្ថកិច្ច​នៅ​មិនទាន់​វែកមុខ​ឃាតក​បាញ់សម្លាប់​ឧកញ៉ា​ អ៊ឹង ម៉េង​ជឺ​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 November, 2014 ក+ ក-

ភ្នំពេញ​៖ ជិត​មួយ​សប្តាហ៍​កន្លងមកហើយ​ដែល​ឃាតក​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ មិនទាន់ត្រូវបាន​វែកមុខ​នៅឡើយ ប៉ុន្តែ​សមត្ថ កិច្ច​បាន​អះអាងថា​ កំពុង​ព​ន្លឿ​ន​កា​រស្រាវជ្រាវ​ដើម្បី​បំបែក​សំណុំរឿង​ឃាត​កម្មនេះ ខណៈ​សព​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ត្រូវបាន​ន​ក្រុមគ្រួសារ​និង​បងប្អូន​សាច់ញាតិ​ហែ​ចេញពី​លំនៅឋាន​ក្នុងភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ យកទៅ​បញ្ចុះ​នៅ​វត្ដ​អង្គ​ខ្មៅ ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្ដ​កំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៤ ទាំង​ក្តី​សោកសង្រេង​។​

សមត្ថកិច្ច​បាន​អះអាងថា កំពុងតែ​ព​ន្លឿ​ន​ក្នុងការ​ប្រមូល​ភស្ដុតាង​ដើម្បី​វែកមុខ​ឃាតក​បាញ់សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ​។​លោក ជួន ណា​រិន្ទ អគ្គ​ស្នងការរង នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅពេលនេះ សមត្ថកិច្ច​នគរបាល​ជំនាញ​គ្រប់ផ្នែក កំពុងតែ​ព​ន្លឿ​ន ក្នុង​ស្រាវជ្រាវ​ស៊ើបអង្កេត ដើម្បី​កំណត់​មុខសញ្ញា​វែកមុខ​ឃាតក ដែល​បាន​បាញ់សម្លាប់ លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ កាលពី​យប់​ថ្ង​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤​។​

សព​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ដែលជា​ប្រធាន​ក្រុមហ៊ុន​ស៊ីម៉ង់ត៍ ថៅកែ​ហាង​លក់​ពេជ្រ និង​រកស៊ី​ជួញដូរ​ដី​ខ្ទង់់លាន​ដុល្លារ ត្រូវបាន​ឃាតក ជិះ​ម៉ូតូ​បាញ់សម្លាប់​ជាច្រើន​គ្រាប់ បណ្ដាលឱ្យ​ស្លាប់​នៅ​កណ្ដាល​ទីក្រុង ជាប់ ហាង​លក់​ផ្លែឈើ យីហោ ឡោ​តិច​សេង ជិត​របង​ស្ដារ​អូរ​ឡាំ​ពិ​ក សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន កាលពី​យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ទូទាំងប្រទេស ដែល​សមត្ថកិច្ច​អះអាងថា ជា​រឿង​គំនុំ​សុទ្ធសាធ​។​

គួរ​រំលឹក​ថា នៅក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ផ្សព្វផ្សាយ​នូវ​វិ​ដេ​អូ និង​រូបថត​បុរស​ម្នាក់​ដែលជា​នគរបាល ហើយ​មាន​វត្ដ​មាននៅ​កន្លែងកើតហេតុ​ក្រោយពេល​ឃាតក​បាញ់សម្លាប់​លោក​ឧកញ៉ា​អ៊ឹង ម៉េង​ជឺ​។ ប៉ុន្ដែ​មន្ដ្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បដិសេធថា ការលើកឡើង​របស់​ម​តិ​មហាជន​នៅក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​មិនមាន​មូលដ្ឋាន​ច្បាស់លាស់ ហើយ​បុរស​ម្នាក់​នោះ គឺជា​មន្ដ្រីនគរបាល​ដែល​បាន​ទៅ​ដល់ទី​កើតហេតុ​ជាមួយ​មេដឹកនាំ​របស់ខ្លួន ។​

ករណី​ឃាតកម្ម​លើ​អ្នកជំនួញ​ដែលមាន​ទ្រព្យសម្បត្ដិ​ស្ដុកស្ដម្ភ​តាមផ្លូវ​សាធារណៈ​កណ្តាល​ទីក្រុង ភ្នំពេញ​បែបនេះ បានធ្វើឱ្យ​អ្នកជំនួញ​ធំៗ អ្នកឧកញ៉ា និង​អ្នកវិនិយោគ​បរទេស​ដទៃទៀត បង្ហាញ​នូវ​ក្ដី​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ដែល​អាច​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​ផងដែរ​។ ក្នុងនោះ​អ្នកមាន​ទ្រព្យ​ទាំងឡាយ​ក៏បាន​បង្ហាញ​ពី​ការព្រួយបារម្ភ​ថា ឧកញ៉ា​ស្លូតត្រង់​ម្នាក់​ត្រូវគេ​បាញ់សម្លាប់​ងាយៗ ចុះ​ទម្រាំ​ឈ្មួញ​រកស៊ី​ដែលមាន​រឿងរ៉ាវ​ចម្រូង​ចម្រាស់​ផ្សេងៗ តើ​នឹង​ប្រឈម​បញ្ហា​អសន្ដិសុខ​កម្រិតណា​?

ប្រសិនបើ​សំណុំ​រឿងនេះ​នៅ​បន្ដ​អូសបន្លាយ​នោះ​វា​ពិតជា​ធ្វើឱ្យ ប៉ះពាល់​ដល់​អារម្មណ៍​របស់​ឈ្មួញ​ធំៗ ក៏ដូចជា​ភ្ញៀវទេសចរ​បរទេស​ផងដែរ ។​ប៉ុន្តែ​គេ​រំពឹងថា សមត្ថកិច្ច​នឹង​បំបែកសំណុំរឿង​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​នេះ​នៅក្នុងពេល​ឆាប់ៗ ។​

​លោក ជួន ណា​រិន្ទ អគ្គ​ស្នងការរង នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​និយាយថា សមត្ថកិច្ច​នគរបាល​ជំនាញ កំពុង​ព​ន្លឿ​ន​នីតិវិធី ស៊ើបអង្កេត លើ​ករណី​ឃាតកម្ម បាញ់សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ​៕

Untitled-1Untitled-1

 

Untitled-1