ដំរី “​សំបូរ ”​ត្រូវបាន​ដាក់​ឲ្យ​ចូល​និវត្ត​នៅក្នុង​ព្រៃ​ខេត្ត​មណ្ឌល​គី​រី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 November, 2014 ក+ ក-

ភ្នំពេញ​៖ សំបូរ ដែលជា​សត្វ​ដំរី​ល្បីល្បាញ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ និង​អន្តរជាតិ និង​ធ្លាប់មាន ឈ្មោះ​ល្បី​ខ្លាំង​អស់​រយៈ​ជា​ច្រើ​ឆ្នាំ​នៅក្នុង​រាជធានី​ភ្នំពេញ​នោះ នឹងត្រូវ​បាន ដាក់ឲ្យ​ចូលនិវត្តន៍​នៅក្នុង​សប្តាហ៍​នេះ នៅក្នុង​ព្រៃ​ដែល​អភិរក្ស​ដោយ​គម្រោង​បរិស្ថាន​ផ្តួចផ្តើម​ជីវភាព​សត្វ​ដំរី ស្ថិតក្នុង​តំបន់​ការពារ​ព្រៃ​សីមា ក្នុង​ខេត្តមណ្ឌលគិរី ដោយមាន​ការគាំទ្រ​ថវិកា​ពី​គម្រោង​គាំទ្រ​ព្រៃឈើ​និង​ជីវចំរុះ​របស់ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក ដើម្បី​អភិវឌ្ឍ​អន្តរជាតិ (SAID) ។​នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័​ត៌​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ កម្ពុជា ចេញផ្សាយ​កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ​។​

ពិធី​ជូន​ដំណើរ​សំបូរ ដែលមាន​អាយុ ៥២​ឆ្នាំ បានធ្វើ​ឡើងជា​សាធារណៈ​កាលពី​រសៀល​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០១៤​ដល់ ភ្ញៀវ​ជាតិ និង​អន្តរជាតិ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​បានលើកឡើង​ថា​លោក​ស៊ីន​សន​ដែលជា​ម្ចាស់​និង ធ្លាប់​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សំបូរ​អស់​រយៈពេល​ជាង ៤០​ឆ្នាំ​មកហើយ​នោះ បានធ្វើការ​សំរេចចិត្ត​យ៉ាង​ពិបាក​ក្នុង​ការបញ្ជូន​សំបូរ​ទៅ​តាំងទី​លំ ថ្មី​នៅក្នុង​ព្រៃ​ធម្មជាតិ​វិញ​។​

លោក​ស៊ីន​សន​បាន​ថ្លែងថា​” យើង​ជំពាក់​គុណ​សំបូរ​ច្រើនណាស់ ហើយ​នេះ​ជា​ពេលដែល​យើង​ត្រូវ​សងគុណ​សំបូរ​វិញ​។ សំបូរ​នឹង​រស់នៅ​ក្នុងព្រៃ​ជាមួយ​ដំរី​ផ្សេងៗ​និង​ទទួលបាន​ការថែទាំ ព្យាបាល​។

ការសំរេចចិត្ត​នេះ​វា​ពិបាក​តែ​វា​ជាការ​សំរេចចិត្ត​ដ៏​ត្រឹមត្រូវ​ដើម្បី សុខុមាលភាព​របស់​សំបូរ​។ សំបូរ​ត្រូវការ​ចូលនិវត្តន៍​និង​សំរាក​ក្នុង​ជីវិតចុងក្រោយ​របស់ខ្លួន​។ គម្រោង ELIE នឹង​មើលថែ​សំបូរ​យ៉ាង​ល្អ​”​។​

​សេចក្ដីប្រកាស​ព័ត៌មាន​បន្តថា ការដឹកជញ្ជូន​សំបូរ​ទៅកាន់​ខេត្ត មណ្ឌល​គី​រី គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ដែល​គាំទ្រ​ថវិកា ដោយ​មូលនិធិ Alexander Abraham (Alexander Abraham Foundation)​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​តាមរយៈ​USAID​និង​រដ្ឋបាល​ព្រៃឈើ​នៃ ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​របស់ ប្រទេស​កម្ពុជា​។​

នៅ​ចុងបញ្ចប់​នៃ​សេចក្ដីប្រកាស​នោះ លោក Sean Callahan នាយករង​បេសកកម្ម​របស់ USAID បាន​មានប្រសាសន៍ “USAID មាន​សេចក្តី​រីករាយ​ដែល​បាន​ចូលរួម​ជាមួយ​អ្នកគាំទ្រ​ទាំងអស់​និង រាជរដ្ឋាភិបាល​កម្ពុជា​នៅក្នុង​ពិធី​ដ៏​រំភើប​នេះ​។​សំបូរ​ត្រូវបាន​គ្រប់ គ្នា​ស្រលាញ់​ទាំង​ក្នុងប្រទេស​និង​ក្នុង​ពិភពលោក​។ ការបញ្ជូន​សំបូរ​ត្រលប់​ទៅក្នុង​ព្រៃ​វិញ បង្ហាញ​ពី​សារៈសំខាន់​ក្នុងការ​អភិរក្ស​សត្វ​ដែលជា​ប្រភេទ​សត្វ​កម្រ​ជិត ផុត​ពូជ​នេះ​”​។​

ក្រុមការងារ​ELIE​កំពុង​រៀបចំ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​សំបូរ​។ លោក Khun Diyon​នាយក ELIE បាន​មានប្រសាសន៍ថា​“​គម្រោង ELIE​ត្រូវបាន​បង្កើតឡើង​ដោយ​ការគិត​អំពី​សត្វ​ដំរី​ដូចជា​សំបូរ​នេះ ជាដើម​។​នៅ​ELIE​យើង​ស្វាគមន៍​ឱកាស​ក្នុង​ការនាំ​សំបូរ​មកកាន់​បរិស្ថាន ធម្មជាតិ​នេះ​ដែល​សំបូរ​អាច​រស់នៅ​ជាមួយ​សត្វ​ដំរី​ដទៃទៀត​និង​រស់នៅ​ជីវិត ចុងក្រោយ ប្រកបដោយ​ក្តី សប្បាយ​និង​សន្តិភាព​”៕

Untitled-1

ដំរី សំបូរ អាយុ​៥២​ឆ្នាំ ដែល​ត្រូវ​នាំទៅ​ខេត្ត​មណ្ឌល​គី​រី​ដាក់ចូល​និវត្តន៍​