ភ្នំពេញ៖ ស្ត្រីមេម៉ាយ និងកូនស្រីតូចម្នាក់ត្រូវ បានបងប្អូនខាងប្តីបណ្តេញចេញពីផ្ទះបន្ទាប់ ពីប្តីរបស់នាងទទួលមរណភាពកាលពីពេលថ្មី ៗកន្លងមកនេះ។ករណីនេះ ត្រូវបានអាជ្ញាធរមូលដ្ឋានដឹកនាំដោយលោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ ចុះសម្របសម្រួលបើកសោទ្វារផ្ទះឱ្យស្ត្រីរូបនេះ និងកូនស្រី បានចូលស្នាក់នៅវិញ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤។
សមត្ថកិច្ច បានឲ្យដឹងថា ស្ត្រីរងគ្រោះ ឈ្មោះ កុយ កឹមទ្បេង អាយុ៣៩ឆ្នាំ មានទីលំនៅក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ បានស្រទ្បាញ់គ្នាជាមួយបុរសឈ្មោះ ស៊ុំ សុផៃ តាំងពីឆ្នាំ២០០៧មកម្ល៉េះ ដោយមានលិខិតបញ្ជាក់ដឹងឮពីភូមិ-សង្កាត់ត្រឹមត្រូវ ប៉ុន្តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នាទ្បើយ។ក្នុងការ រស់នៅជាមួយគ្នានោះ ប្តីប្រពន្ធមួយគូរនេះ បង្កើតបានកូនស្រីម្នាក់ឈ្មោះ ផៃ សុចិន្តា ដែលមកដល់ពេលនេះ មានអាយុ៦ឆ្នាំ ហើយរស់នៅក្នុងលំនៅឋានមួយកន្លែង ក្នុងដីទ្បូត៍របស់ខាងប្តី។ លុះមកដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងមកនេះ បុរសឈ្មោះ ស៊ុំ សុផៃ ជាប្តីបានទទួលមរណភាព ហើយក្រោយមកស្រាប់តែបងប្អូនបង្កើតរបស់ឈ្មោះ ស៊ុំ សុផៃ (ជាប្តី) នាំគ្នាប្តឹងទៅអាជ្ញាធរ និងបណ្តេញនាង កុយ កឹមទ្បេង និងកូនស្រីម្នាក់ឱ្យចេញពីផ្ទះ ដោយសំអាងទៅលើប័ណ្ណសុំកាន់កាប់ដី ដែលសពឈ្មោះ ស៊ុំ សុផៃ និងនាង កុយ កឹមទ្បេង ស្នាក់នៅជុំគ្នាកន្លងមកនោះ ជាកម្មសិទ្ធិឪពុករបស់ឈ្មោះ ស៊ុំ សុផៃ។
ករណីរឿងរ៉ាវខាងលើនេះ ស្ត្រីឈ្មោះ កុយ កឹមទ្បេង បានប្តឹងទាមទារសុំរស់នៅលើផ្ទះ ដែលធ្លាប់រស់នៅជាមួយប្តីនោះ តាំងពីក្រោយពេលប្តីគាត់ស្លាប់មកម្ល៉េះ ប៉ុន្តែអាជ្ញាធរមូលដ្ឋានមិនសម្របសម្រួលឱ្យទ្បើយ ដោយសំអាងថា ប្លង់ដីខាងលើនេះ មិនមែនជាកម្មសិទ្ធិរបស់នាង។ មិនតែប៉ុណ្ណោះ អាជ្ញាធរខណ្ឌច្បារអំពៅ ចាក់សោទ្វារផ្ទះមិនឱ្យនាង កុយ កឹមទ្បេង និងកូនស្រី បានចូលនៅក្នុងលំនៅឋានខាងលើទ្បើយ តែដោយសារនាងបានពឹងពាក់លោកមេធាវី អ៊ូ វុធ ឱ្យជួយសម្របសម្រួលបញ្ហានេះ ទើបនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ខាងអាជ្ញាធរមូលដ្ឋានបានទៅបើកទ្វារឱ្យនាងចេញចូលក្នុងលំនៅឋាន ទាំងការភ័យខ្លាចសាច់ញាតិខាងប្តី និងកូនប្រពន្ធដើម។
យោងតាមច្បាប់ទាយាទ បានឲ្យដឹងថា កុមារីឈ្មោះ ផៃ សុចិន្តា និងស្ត្រីឈ្មោះ កុយ កឹមឡង ត្រូវតែមានចំណែកទទួលបានកេរ្តិ៍មរតក ពីសពឈ្មោះ ស៊ុំ សុផៃ។ ប៉ុន្តែករណីនេះ គេមិនទាន់ដឹងថា អាជ្ញាធរមូលដ្ឋាន និងតុលាការសាលាដំបូងរាជធានីភ្នំពេញ ប្រើឆន្ទានុសិទ្ធិក្នុងការវិនិច្ឆ័យលើសំណុំរឿងរដ្ឋប្បវេណីមួយនេះ ជូនក្មេងស្រី និងស្ត្រីមេម៉ាយក្រោយពីប្តីស្លាប់បានសមស្របក្នុងកម្រិតណានោះទេ ៕ fpm/