កំពង់ស្ពឺ៖រោងម៉ាស៊ីនអារឈើប្រភេទរណាបញ្ឍរដ៏ធំមួយកន្លែងជារបស់ឈ្មោះ លី ជាមន្ត្រីជំទប់ឃុំ ស្ថិតក្នុងភូមិព្រៃខ្លា ឃុំពោអង្គ្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបានគេរាយការណ៍មកថា បានដឹកឈើដុលមូលរាប់រយកំណាត់ទៅអារច្រៀកជាក្តារគ្រឿងលក់យ៉ាងអនាធិបតេយ្យដោយមានការបើកភ្លើងខៀវពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបរសេដ្ឋ និងមន្ត្រីសមត្ថកិច្ចផ្សេងៗមួយចំនួនទៀត ។
បើយោងតាមការឲ្យពីអ្នករស់នៅម្តុំនោៈបាននិយាយថា ឈ្មោៈ លី ជាមន្ត្រីក្រុមប្រឹក្សាឃុំនេះមានមុខរបរអារឈើនេះជាយូរមកហើយ ជាញឹកញាប់តែងឃើញមានមន្ត្រីចេញចូលមកកាន់ទីនេះមានឡានម៉ូតូទំនងមកយកលាភសក្ការៈពីម្ចាស់រោងម៉ាស៊ីននេះហើយមើលទៅ ។ ប្រភពបន្តថាម្ចាស់រោងម៉ាស៊ីតែងតែក្អេងក្អាងថាគេមិនខ្លាចនរណាទេពីព្រោៈគេបានបោះទុនចាយលុយដល់សមត្ថកិច្ចអស់ហើយ ដូចនេះគ្មាននរណាហ៊ានប៉ះពាល់គាត់នោៈទេ ។ ពលរដ្ឋអ្នកស្រឡាញ់ព្រៃឈើបានលើកឡើងថាមន្ត្រីសង្កាត់រដ្ឋបាលឈើបរសេដ្ឋមិនគួរណាបណ្តែតបណ្តោយឲ្យមានបទល្មើសនៅកណ្តាលវាលហើយជាប្រភេទរោងម៉ាស៊ីរ៉ៃបញ្ឍរដ៏ធំយ៉ាងគគ្រឹកគគ្រេងបែបនេះទេ ហើយជារោងម៉ាស៊ីនដែលគ្មានច្បាប់ ឬត្រូវច្បាប់ហាមឃាត់ផងនោះដែរ ។ ម្ចាស់រោងម៉ាស៊ីនរូបនេះត្រូវបានគេដឹងរកស៊ីដុះស្លែរាប់ឆ្នាំមកហើយ និងត្រូវបានគេដឹងរត់ការបង់លុយគ្រប់ជំនាញរាល់ខែទើបទីតាំងនេះមិនមានអ្នកណាបង្ក្រាប ជាពិសេសមន្ត្រីជំនាញនៅទីនោះផ្ទាល់តែម្តង ។
យោងតាមច្បាប់ស្តីពីព្រៃឈើ មាត្រា១០១ កថាខណ្ឌ័ ២ បានចែងថា ចំពោះមន្ត្រីព្រៃឈើណាមួយចូលរួមទាំងស្រុង ឬដោយផ្នែក និងដោយផ្ទាល់ក្នុងសកម្មភាពណាមួយនៃអាជីវកម្មព្រៃឈើ ដែលប្រព្រឹត្តឡើងដោយមន្ត្រីរដ្ឋបាលព្រៃឈើ ត្រូវផ្តន្ទាទោសជាប់ពន្ធ័នាគារ ពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ ពី១០លានរៀល ទៅ១០០លាន ផងនោះដែរ ៕