បង្ក​គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​ប្រព​ន្ឋ និង​កូន​ក្នុង​ផ្ចៃ ដើម្បី​បាន​លុយ​ធានារ៉ាប់ រង​ជីវិត​ជិត​៩​លាន​ដុល្លារ​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 November, 2014 ក+ ក-

ភ្នំពេញ​៖​បុរស​ជា​ជនជាតិ​កូរ៉េ​ម្នាក់​បាន​ប្រើ ល្បិច​បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍សម្លាប់​ប្រព​ន្ឋ​ជា​ជនជាតិខ្មែរ និង​កូន​ក្នុង​ផ្ចៃក្នុង​គោលបំណង​បាន​ប្រាក់​សំណង​ពី​ក្រុមហ៊ុន​ធានារ៉ាប់រងជីវិត​របស់​ប្រព​ន្ឋ ដែលមាន​ទឹកប្រាក់​ប្រមាណ​ជិត ៩​លាន​ដុល្លារ​អាមេរិក​។​

លោក កុយ គួ​ង មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​ប្រាប់​អ្នកកា​កាសែត​ថា ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​បានឱ្យដឹងថា កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៤ នៅ​ប្រទេស​កូរ៉េ មាន​ខ្មែរ​មួយ​គ្រួ​សារបាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងនោះ​បណ្តាលឱ្យ​ស្ត្រី​ម្នាក​ដែលមាន​ផ្ចៃ​ពោះ​៧​ខែ​ស្លាប់​នៅ​កន្លែងកើតហេតុ ហើយ​បុរស​ជា​ប្តី​ជា​ជនជាតិ​កូរ៉េ​រងរបួស​ស្រាល​។​

លោក កុយ គួ​ង បាន​ឲ្យ​ដឹងថា ក្រោយពី​កើតហេតុ នគរបាល​ប្រទេស​កូរ៉េ​បានធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នោះ ហើយ​បាន​រកឃើញថា ប្តី​ជនជាតិ​កូរ៉េ​រូបនេះ មាន​ចេតនា​សម្លាប់​ប្រព​ន្ឋ​ជា​ជនជាតិខ្មែរ តាម​រូបភាព​គ្រោះថ្នាក់​ចរាចរ​ណ៍ ដើម្បី​បាន​ប្រាក់​សំណង​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត​របស់​ប្រព​ន្ឋ ដែលមាន​ចំនួន​ជិត ៩​លាន​ដុល្លារ​អាមេរិក​។​

មន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា បញ្ជាក់ថា បច្ចុប្បន្ននេះ នគរបាល​ប្រទេស​កូរ៉េ​បាន​ចាប់ខ្លួន​ប្តី​កំណាច​ឃោរឃៅ​នោះ​ដើម្បី​ផ្តន្ទាទោស​។​ស្ត្រី​ខ្មែរ​ដែល​រងគ្រោះ​រហូតដល់​បាត់​បង់ជីវិត​មានឈ្មោះ អ៊ី ស៊ី​ឡែ​ន មាន​ស្រុកកំណើត​នៅ​ភូមិ​ក្ត​ល់​លើ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ បាន​រៀបការ​នឹង​រស់នៅ​ជាមួយ​ប្តី​ជនជាតិ​កូរ៉េ​នោះ​តាំងពី​ឆ្នាំ​២០០៨ រហូតមកដល់​ពេលនេះ មានកូន​ស្រី​មួយ​អាយុ​៥​ឆ្នាំ និង​កូន​ក្នុង​ផ្ទៃ​អាយុ​៧​ខែ នៅ​ថ្ងៃកើតហេតុ​កូនស្រី​អាយុ​៥​ឆ្នាំ មិន​ស្ថិតក្នុង​រថយន្ត​ជាមួយ​ឱ​ពុក​-​ម្តាយ ទេ​។​

លោកស្រី ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ចំណែក​ក្រុម​ទូរទស្សន៍​ប្រទេស​កូរ៉េ​មួយចំនួន គ្រោង​ធ្វើដំណើរ​មក​កម្ពុជា​ដើម្បី​ថត និង​សម្ភាសន៍​គ្រួសារ​សព​ស្ត្រី​រងគ្រោះ​នៅ​ខេត្ត​ត្បូងឃ្មុំ​នាពេលខាងមុខ​នេះ​។​

​ក្រសួងការបរទេស និង​សហ​ប្រតិ​ប​ត្ត​ការ​អន្តរជាតិ បាន​ណែនាំ​ស្ថានទូត​កម្ពុជា ឱ្យ​ប្តឹង ឬ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ជូន​គ្រួសារ​សព និង​សំណង​សម្រាប់​ចិញ្ចឹម​កូនស្រី​ដែល​រស់រានមានជីវិត​៕ រដ្ឋា​

Untitled-1

​លោក កុយ គួ​ង កំពុងផ្តល់​បទសម្ភាសន៍ ដល់​អ្នកសារព័ត៌មាន​នានា​