ភ្នំពេញ: អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស បានដឹកនាំប្រតិភូចូលឆ្លើយបំភ្លឺផ្ទាល់មាត់ នៅចំពោះមុខគណៈកម្មការទី១របស់រដ្ឋសភាដែលដឹកនាំដោយលោក អេង ឆៃអ៊ាង អំពីបញ្ហាដីធ្លីនៅរាជធានីភ្នំពេញ ពិសេសករណីបឹងកក់ និងបុរីកីឡា។
ក្នុងពេលចូលរដ្ឋសភាគេឃើញលោកប៉ា សុជាតិវង្ស បានចូលតាមទ្វារខាងមុខតែនៅពេលចេញមកវិញ លោកបានចេញតាមទ្វារក្រោយ ទំនងជាលោកត្រូវគេប្រាប់ថានៅមុខរដ្ឋសភាមានក្រុមអ្នកបឹងកក់ និងអ្នកបុរីកីឡា បានប្រមូលផ្តុំលើកបដាតវ៉ានៅទីនោះ។
យ៉ាងណាក៏ដោយ បន្ទាប់ពីចូលបំភ្លឺចំពោះមុខគណៈកម្មការទី១ រួចមក លោក ប៉ា សុជាតិវង្ស បានថ្លែងទៅកាន់ក្រុមអ្នកកាសែតថា លោកបានលើកឡើលងពីបញ្ហាដីធ្លី និងដំណោះស្រាយ ដែលអាជ្ញាធររាជធានី បានប្រឹងប្រែង ក្នុងពេលកន្លងមក។ ការដោះស្រាយនោះ អាជ្ញាធរខិតខំប្រឹងធ្វើនៅនឹងកន្លែងនិមួយៗ ពិសេសលើករណីបឹងកក់ និងបុរីកីឡា។ បើដោះស្រាយមិនចេញទេ ទើបអាជ្ញាធរ បញ្ជូនទៅតុលាការ។
ចំពោះការចាប់កាត់ទោសអ្នកតវ៉ាដីធ្លីបឹងកក់ និងព្រះសង្ឃ សរុប ១១ រូប កាលពីថ្ងៃទី១១ និងថ្ងៃទី១២វិច្ឆិកា ត្រូវបានលោកអភិបាល លើកឡើងថា ការចាប់ខ្លួននោះ មិនមែនស្ថិតក្នុងរង្វង់នៃទំនាស់ដីធ្លីទេ តែជានីតិវិធីរបស់តុលាការ។
ចំណែកលោកអេងឆៃអ៊ាង ប្រធានគណៈកម្មការទី១ របស់រដ្ឋសភា បានលើកឡើងថា ការឆ្លើយបំភ្លឺរបស់អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧វិច្ឆិកានេះ មានចំណុចជាច្រើន អាចទទួលយកបាន។ គណៈកម្មការរដ្ឋសភា នឹងបន្តពិនិត្យលើការលើកឡើងរបស់អាជ្ញាធរ ពាក់ព័ន្ធនឹងបញ្ហាដីធ្លីនៅបឹងកក់ និងនៅបុរីកីឡា។
លោកអេងឆៃអ៊ាង បន្តថា តំណាងរាស្ត្រ ក្នុងគណៈកម្មការទី១ របស់រដ្ឋសភា ក៏នឹងបន្តការងារជាមួយអាជ្ញាធររាជធានីភ្នំពេញ ដើម្បីជួយគ្នាទៅវិញទៅមក ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាដីធ្លីដ៏រ៉ាំរៃនោះ៕