ភ្នំពេញ៖ ស្ត្រីខ្មែរចំនួន១២នាក់ ដែលត្រូវមេខ្យល់បោកបញ្ជោតយកទៅរៀបការជាមួយបុរសជនជាតិចិន នៅប្រទេសចិន ត្រូវបានជួយសង្គ្រោះឲ្យត្រឡប់មកកម្ពុជាវិញហើយ។កន្លងទៅនេះ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំក្រុងក្វាងចូវនៃប្រទេសចិនបានសហការជាមួយអាជ្ញាធរចិន ជួយសង្គ្រោះនារីខ្មែរដែលរងគ្រោះដោយប្រការផ្សេងៗដូចជាករណីត្រូវមេខ្យល់បោកប្រាស់នាំយកទៅរៀបការជាមួយបុរសចិនហើយត្រូវគេធ្វើទុកបុកម្នេញ។
មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កុយ គួង បានអោយដឹងថា មកដល់ពេលនេះមានស្ត្រីចំនួន៤នាក់គ្នុងចំណោម១២នាក់ខាងលើបានទទួល ទិដ្ឋាការរួចហើយ ហើយបានកំណត់ពេលវេលាមកកម្ពុជាវិញ ដោយម្នាក់មានឈ្មោះ សំ លីណា មានស្រុកកំណើតនៅខេត្តកណ្តាល នឹងមកដល់នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង ៥ និង២៥ នាទីល្ងាច។រីឯឈ្មោះ សំណាង សុវណ្ណលីណា ស្រុកកំណើតខេត្តត្បូងឃ្មុំ, ឈ្មោះ អ៊ាង ភណ្ឌ ស្រុកកំណើតខេត្តកំពង់ចាម និងឈ្មោះ កែន ស្រីឡែន មានស្រុកកំណើតនៅរាជធានីភ្នំពេញនឹងមកដល់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង ៣ និង ២០នាទីរសៀល។
ស្ថានអគ្គកុងស៊ុលកម្ពុជា កំពុងបន្តធ្វើការងារជាមួយអាជ្ញាធរ ចិន ដើម្បីធ្វើមាតុភូមិនិវត្តន៍ស្ត្រីខ្មែរ ដែលនៅសេសសល់ចំនួន៨ នាក់ ជាបន្តបន្ទាប់ទៀត៕
រូបភាពស្ត្រីរងគ្រោះ ដែលចាញ់បោករមេខ្យល់ថា នាំទៅរកការងារធ្វើ ឬរៀបការជាមួយបុរសជនជាតិចិន នៅប្រទេសចិន។