ភ្នំពេញ: ជាអកុសល ល្ខោនទូរទស្សន៍របស់ចិនចំណងជើងថា «ឥទ្ធិពលស្នេហ៍» ដែលចាប់ផ្ដើមថតនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំទៅនឹងគ្មានឱកាសបានបង្ហាញឲ្យទស្សនិក ជនចិនបានទស្សនាឡើយ ក្រោយពីតួឯកប្រុសដែលធ្លាប់បានសម្ដែងរឿងភាគច្រើនកន្លងមកបានជាប់ ពាក់ព័ន្ធនឹងរឿងអាស្រូវពេស្យាកម្មនៅខែឧសភាកន្លងទៅ។
ដំណឹងល្អហៀបនឹងកើតឡើងទៅហើយដោយការនាំយកទិដ្ឋភាពពីកម្ពុជា ទៅកាន់ប្រទេសចិន និងត្រៀមមកវិញនូវកំណើនទេសចរ រឿងឥទ្ធិពលស្នេហ៍ ដែលជារឿងស្នេហាមាន៣០ភាគបានផ្ដើមថតនៅទីតាំងនានាក្នុងខេត្ដ សៀមរាប និងភ្នំពេញ បន្ទាប់ពីការធ្វើពិធីប្រកាសជាផ្លូវការកាលពីខែកុម្ភៈនៅសណ្ឋាគារ Nagaworld។
លោកឧបនាយករដ្ឋមន្ដ្រីសុខ អាន មន្ដ្រីផ្នែកទេសចរណ៍ជាន់ខ្ពស់ និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានមកចូលរួមដើម្បីស្វាគមន៍ដល់ក្រុមផលិតករ និងតារាសម្ដែង រួមទាំងតួប្រុសមានរឿងអាស្រូវ ហួង ហៃបូ។
លោកស្រីឯកអគ្គរដ្ឋទូតចិន BuJianguo បានថ្លែងនៅពេលបើកសម្ពោធការថតថា៖ «តាមរយៈល្ខោនភាគនេះ ប្រជាជនចិននឹងកាន់តែស្គាល់ច្បាស់ពីវប្បធម៌ និងការរស់នៅរបស់ប្រជាជនខ្មែរថែមទៀត។ ខ្ញុំមានជំនឿចិត្ដថា ប្រជាជនចិនកាន់តែច្រើននឹងមកកម្សាន្ដនៅកម្ពុជា ក្រោយពីពួកគេបានទស្សនារឿងនេះ»។
ប៉ុន្ដែនៅក្នុងខែឧសភា តារាភាពយន្ដ ហៃបូ ដែលល្បីជាតួគួរឲ្យស្រឡាញ់ប្រចាំទូរទស្សន៍ ត្រូវបានឃុំខ្លួនដោយអាជ្ញាធរចិនពីបទទិញពេស្យាកម្មនៅសណ្ឋាគារ មួយក្នុងទីក្រុងប៉េកាំង និងត្រូវបានកាត់ទោសឲ្យជាប់គុក៦ខែ ពីព្រោះការរកសេវាកម្មផ្លូវភេទនៅប្រទេសចិនគឺជាទង្វើខុសច្បាប់។
ស្ថានទូតចិនប្រចាំកម្ពុជាមិនអាចទាក់ទងសុំអត្ថាធិប្បាយអំពីការ ផលិតល្ខោនភាគនោះទៀតទេ ប៉ុន្ដែវាច្បាស់ណាស់ថា វានឹងមិនអាចទាន់ពេលវេលាកំណត់បានឡើយដោយសារតែត្រូវមានគម្រោងថត នៅប្រទេសចិនក្នុងខែនេះទៀត។
លោក ចេង ហុងបូ អ្នកនាំពាក្យស្ថាតទូតចិនបានឲ្យដឹងថា៖ «ខ្ញុំមិនដឹងថា ភាពយន្ដនេះនឹងត្រូវបន្ដដំណើរការទៀត ឬក៏យ៉ាងណាទេ? ខ្ញុំគិតថាហៃបូ គឺជាជនជាប់ពាក់ព័ន្ធរឿងរ៉ាវល្មើសច្បាប់នាពេលនេះ»។
លោក ហុងបូ និយាយថា លោកសង្ឃឹមថា យោងតាមហេតុផលមួយចំនួនផលិតកម្មនេះនៅតែអាចបន្ដការងាររបស់ខ្លួនទៅមុខទៀត។
លោកបន្ថែមថា៖ «និយាយពីរឿងភាគនេះខ្ញុំគិតថា វាពិតជាល្អ ហើយបើវាអាចត្រូវបានផលិតឲ្យចប់ចុងចប់ដើម នឹងទទួលបានការចាប់អារម្មណ៍ និងពេញនិយមខ្លាំង»។
ប៉ុន្ដែលោក ឡុង ហ្ស៊ូ (Long Zhou) ជាតំណាងវិទ្យាស្ថានស្រាវជ្រាវទេសចរណ៍ក្រៅស្រុករបស់ចិន មានសុទិដ្ឋិនិយមតិចតួចបំផុតដែលថា គម្រោងនេះនៅតែបន្ដទៅមុខទៀត។
លោកបានឲ្យដឹងក្នុងអ៊ីមែលមួយថា៖ «តាំងពីលោក ហៃបូ ជួបបញ្ហាក្នុងខែឧសភា ការថតភាពយន្ដភាគនោះត្រូវបានផ្អាកក្នុងខែមិថុនាដោយគ្មានកំណត់ ពេលបន្ដជាថ្មីឡើយ»។
សម្រាប់រយៈពេល៨ខែដំបូង កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរជាតិចិនជិត៣៦៥០០០នាក់ ដែលមានចំនួនកើនឡើងរហូតដល់១៩ភាគរយបើធៀបនឹងឆ្នាំ២០១៣។ ចិនគឺជាប្រភពភ្ញៀវទេសចរក្រៅស្រុកដែលកើនឡើងច្រើនបំផុតក្នុងប្រទេស កម្ពុជា។
លោក ហូ វណ្ឌី សហប្រធានក្រុមការងារទេសចរណ៍វិស័យឯកជនជាអ្នកផ្ដួចផ្ដើមជំនួញជាមួយ នឹងរដ្ឋាភិបាលមានជំនឿចិត្ដថា ឱកាសផ្នែកសិល្បៈកម្សាន្ដនឹងបន្តហូរហែទៀត។
លោកថា៖ «យើងនឹងមានតួសម្ដែងជាច្រើន។ ក្រុមហ៊ុនភាពយន្ដជាច្រើនទៀតអាចមកថតនៅកម្ពុជា។ វាល្អសម្រាប់វិស័យទេសចរណ៍ និងទំនាក់ទំនងរវាងកម្ពុជា និងចិន»៕ ប៉ុស្តិ៍ខ្មែរ
លោក ហួង ហៃបូ ជាតួឯកក្នុងរឿងឥទ្ធិពលស្នេហ៍ក្នុងពេលសម្ពោធនៅសណ្ឋាគារ Nagaworld