ភ្នំពេញ៖ ចំណុចដែលសេសសល់មិនទាន់ចុះ សម្រុងគ្នានៅក្នុងសេចក្តីព្រាងច្បាប់គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)នាពេលកន្លងមក ត្រូវបានបញ្ចប់ក្រោយពីមានជំនួបកំពូលរវាង លោក ហ៊ុន សែន និងលោក សម រង្ស៊ី រយៈពេលជាងមូយម៉ោងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា នៅវិមានរដ្ឋសភា ក្នុងឱកាសរដ្ឋសភាបើកកិច្ចប្រជុំអនុម័តថវិកាជាតិឆ្នាំ២០១៥។
ជំនួបកំពូលបានសម្រេចបញ្ចប់លើ ថ្នាក់ដឹកនាំកំពូលទាំងពីរ ក៏បានឯកភាពគ្នា ជំរុញការបញ្ចប់លើសេចក្តីស្នើសេចក្តីព្រាងច្បាប់គ.ជ.ប និងសេចក្តីស្នើសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត ឲ្យរួចរាល់ចប់សព្វគ្រប់ ជាមួយគ្នាយ៉ាងយូរនៅដំណាច់ខែកុម្ភៈ ឆ្នាំ២០១៥ខាងមុខនេះ។
លោក គួយ ប៊ុនរឿន តំណាងខាងគណបក្សសង្គ្រោះជាតិ និងលោក កើត រិទ្ធ តំណាងខាងគណបក្សប្រជាជនកម្ពុជា បានថ្លែងក្នុងសន្និសីទកាសែតរួមគ្នា ទៅកាន់ក្រុមអ្នកកាសែត ក្រោយបញ្ចប់ជំនួបកំពូលនេះថា ថ្នាក់ដឹកគណបក្សទាំងពីរបានព្រមព្រៀងគ្នាចំនួនបីចំណុចមាន ៖
១.លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមតាមសំណើរបស់លោក សម រង្ស៊ី នូវដំណើរការបើកទូរទស្សន៍ និងវិទ្យុ បន្តការផ្សព្វផ្សាយនៅតាមបណ្តាខេត្តនានា។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រុមហ៊ុនឯកជនដែលទទួលបានគោលការណ៍ ត្រូវទៅបំពេញបែបបទនៅក្រសួងព័ត៌មានតាមនីតិវិធីជាធរមាន។
២.ទាក់ទងនឹងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា ក្នុងនោះថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាធ្វើវិសោធនកម្មប្រការ៤៨ ថ្មី(ពីរ)ដើម្បីឲ្យមានការរៀបចំប្រធានដែលជាតំណាងរាស្ត្ររបស់ គណបក្សនយោបាយដែលមានអាសនៈនៅក្នុងរដ្ឋសភា។ ទន្ទឹមនឹងនេះ ក៏បើកឲ្យមានប្រធានក្រុមនៃមតិភាគតិចនៅក្នុងរដ្ឋសភា ហើយប្រធានក្រុមភាគតិចមានថ្នាក់ស្មើនាយករដ្ឋមន្ត្រី។
៣.ចំពោះរាល់បញ្ហាដែលនៅសេសសល់ មិនទាន់ចុះសម្រុងគ្នា នៅក្នុងសេចក្តីស្នើសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប ត្រូវបានថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរឯកភាពគ្នា ដោះស្រាយបញ្ចប់ ហើយក្រុមការងារគណបក្សទាំងពីរ នឹងបន្តជួបប្រជុំគ្នាដើម្បីអនុវត្តតាមស្មារតីនេះ នៅសប្តាហ៍ក្រោយ៕
លោក គួយ ប៊ុនរឿន និង លោក កើត រិទ្ធ បានធ្វើសន្និសីទកាសែត ថ្លែងរួមគ្នាក្រោយជំនូបកំពូល។