វិទ្យុ​FM កម្លាំង ៥ KW របស់​រដ្ឋ​នៅ​ខេត្តបន្ទាយមានជ័យ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2014 ក+ ក-

បន្ទាយមានជ័យ​៖ វិទ្យុជាតិ FMកម្រិត៩៤MHZ កម្លាំង​ផ្សាយ 5KW ដែល​អាច​ឮ​ដល់​បណ្តា​ខេត្ត​ខ្លះ​នៅជាប់​ព្រំដែន​ខេត្តបន្ទាយមានជ័យ និង​ឮ​ដល់​តំបន់​ខ្លះ​នៃ​ទឹកដី​ថៃ​ផង​ដែរនោះ ត្រូវបាន​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​។​

ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការ​នូវ​វិទ្យុជាតិ​ខេត្តបន្ទាយមានជ័យ​នេះ បានធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ ក្រោម​វត្តមាន​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ មន្ត្រីរាជកា ប្រជាពលរដ្ឋ សិស្សានុសិស្ស នៅក្នុង​ខេត្ត​ជាច្រើន​នាក់​។​

លោក សេក សុខុម ប្រធាន មន្ទីរ​ព័ត៌មាន​ខេត្តបន្ទាយមានជ័យ បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា ស្ថានីយ​វិទ្យុ FM ជាតិ កំរិត​៩៤ MHZ ខេត្តបន្ទាយមានជ័យ ដែលមាន​កម្លាំង​ផ្សាយ ៥ KW នេះ ជា​ស្ថានីយ​វិទ្យុ​របស់​រដ្ឋ​ដំបូងបង្អស់​នៅ​ខេត្តបន្ទាយមានជ័យ ដែលជា​ជំនួយ​របស់​វិទ្យុ​សម្លេង​វៀតណាម (VOV) តាមរយៈ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ព័ត៌មាន​។​
​លោក សេក សុខុម បាន​បន្តថា ស្ថានីយ​វិទ្យុ​នេះ សាងសង់​ក្នុង​ឆ្នាំ​២០១១ និង​ការ​ជ្រោមជ្រែង​ឧបត្ថម្ភ​ពី​ថ្នាក់ដឹកនាំ និង​សប្បុរសជន ក្នុង​ខេត្ត​លើដី​ទំហំ ២៧​ម៉ែត្រ គុណ ២៨​ម៉ែត្រ និង​ថែម​ដី​សាលាក្រុង​សិរីសោភ័ណ ១៦​ម​គុណ ៦​ម​ទៀត​។ ចំពោះ​អង់​តែ​ន​វិទ្យុ កម្ពស់ ៧០​ម ជា​អំណោយ​មួយផ្នែកធំ​របស់លោករ​ដ្ឋ​មន្ត្រី ខៀវ កាញារីទ្ធ ត្រូវបាន​តម្លើង​ក្នុង​ខែកញ្ញា ឆ្នាំ​២០១១ ហើយ​បន្ទាប់មក​ស្ថាបនា​ស្ទូ​យោ អគារ និង​របង​។ វិទ្យុ​បាន​ដំណើរការ​ផ្សាយ សាកល្បង ចាប់ពី​ថ្ងៃទី​១២ ខែ​មិនា ឆ្នាំ​២០១៤ គឺ​ផ្សាយ​កម្មវិធី​ផលិត​ខ្លួនឯង និង​ផ្សាយ​បន្ត​ពី​វិទ្យុជាតិ​ពី​រាជធានី​ភ្នំពេញ​។​

លោក​ប្រធាន​មន្ទីរ បន្ថែមថា ការផ្សាយ​វិទ្យុ​នេះ គ្របដណ្តប់​ទូលាយ​ពេញ​ខេត្តបន្ទាយមានជ័យ ហើយ​ដល់​ប៉ែក​ខាងលិច និង​ខាងត្បូង​ខេត្ត​ឧ​ត្ត​មានជ័យ និង​ខេត្តសៀមរាប និង​ខាងលិច​ខេត្តបាត់ដំបង​។ ក៏​ឮ​ដល់​ខាងកើត និង​ឦសាន​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​ដែរ ហើយ​កម្មវិធី​វិទ្យុ​នេះ​ចាក់ផ្សាយ រយៈពេល ១៨​ម៉ោង ក្នុង ១​ថ្ងៃ ចាប់ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ២២​យប់​។​

​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​និយាយថា វិទ្យុជាតិ​នេះ គឺជា​វិស័យ​ព័ត៌មាន ដែលជា​ឧបករណ៍​មួយ​ដ៏​មាន​មាន​សារសំខាន់​ណាស់ សម្រាប់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្ត និង​ការទទួលបាន​នូវ​សេវា​ព័ត៌មាន ច្បាស់លាស់​គ្រប់​ជ្រុងជ្រោយ និង​បាន​លើក​កំរិត​ការយល់ដឹង​ទាំង​ការកម្សាន្ត និង​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ នៅតាម​សហគមន៍​ទូទាំង​ខេត្ត​។​

សូមបញ្ជាក់ថា នៅ​ខេត្តបន្ទាយមានជ័យ​មាន​វិទ្យុផ្សាយសំឡេង FM ជាង ១០ រួមមាន នៅ​ក្រុង​សិរីសោភ័ណ ស្រុក​មង្គល​បូរី ក្រុង​ប៉ោយប៉ែត និង​ស្រុក​ម៉ាឡៃ​។​ចំណែក​ទីតាំង ស្ថានីយ​វិទ្យុរ​ដ្ខ FM ជាតិ កំរិត​៩៤ MHZ កម្លាំង​ផ្សាយ 5KW និង​ទូរទស្សន៍​ជាតិ ស្ថិតនៅ​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​៕

Untitled-1