ភ្នំពេញ៖ជំនួបទ្វេភាគីរវាងមេដឹកនាំកំពូលគណបក្សជាប់ឆ្នោតទាំងពីរបានទម្លាយភាព ទាល់ច្រកដែលនៅសេសសល់ក្នុងនោះកាល ពីថ្ងៃសុក្រ ក្រសួងព័ត៌មានបានសម្រេចអនុ ញ្ញាតឲ្យក្រុមហ៊ុន Cambodian Independent Media Co, Ltd របស់គណបក្សប្រឆាំងចាប់ ផ្តើមដំណើរការស្ថានីយផ្សាយទូរទស្សន៍របស់ខ្លួននៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត។
លិខិតដែលចុះហត្ថលេខាដោយលោកខៀវ កាញារិទ្ធ និងមានការយល់ព្រមពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ផ្តល់ឲ្យទូរទស្សន៍បក្សប្រឆាំងផ្សាយតាមប្រព័ន្ធ Analog ដោយក្រសួងបានដកហ្វ្រេកង់មួយពីក្រុមហ៊ុនទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញចំនួន១Channel ។
ក្រសួង ព័ត៌មានបានសម្រេចកាលពីថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០១៤ អនុញ្ញាតឲ្យក្រុមហ៊ុន Cambodian Independent Media Co, Ltd ដំណើរការស្ថានីយទូរទស្សន៍តាមប្រព័ន្ធ Analogនៅរាជធានីភ្នំពេញ ដែលមានកំលាំងផ្សាយ ១០ គីឡូវ៉ាត់ កម្ពស់បង្គោលអង់តែន ១២០ម៉ែត្រ និងប្រើ Channel UHF-E41 និងស្ថានីយទូរទស្សន៍ប្រព័ន្ធ Analog ផ្សាយតាមបណ្តាខេត្តទូទាំងប្រទេសដែលមានកម្លាំងផ្សាយ ១គីឡូវ៉ាត់ កម្ពស់បង្កោលអង់តែន១០០ម៉ែត្រនិងប្រើ Channel ដដែល។
លើសពីនេះ ក្រុមហ៊ុន Cambodian Independent Media Co, Ltd ត្រូវក្រសួងព័ត៌មានប្រាប់ឲ្យទៅបំពេញបែបបទស្នើសុំអាជ្ញាប័ណ្ណ ដើម្បីដំណើរការស្ថានីយ៍ទូរទស្សន៍ផ្សាយបន្តនៅតាមបណ្តាខេត្តនៅក្រសួង ព័ត៌មាន។
ការចេញលិខិតដែលមានចំណារយល់ព្រមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ ត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុកលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានធ្វើឡើងបន្ទាប់ពីជំនួបរវាងមេដឹកនាំគណបក្សជាប់ឆ្នោតទាំងពីរកាលពី ថ្ងៃសុក្រទី២៨ ខែវិច្ឆិកា។
នៅក្នុងចំណុចទី១នៃលទ្ធផលជំនួប ហ៊ុន សែន-សម រង្សី នេះដែរ ត្រូវបានគូសបញ្ជាក់ថា ចំពោះសំណើរសុំរបស់លោក សម រង្សី ទាក់ទងទៅនឹងការដាក់ឲ្យដំណើរការស្ថានីយទូរទស្សន៍ និងការដាក់ឲ្យស្ថានីយវិទ្យុផ្សាយបន្តនៅតាមខេត្ត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ការឯកភាពជាគោលការណ៍ ដោយតម្រូវឲ្យក្រុមហ៊ុនពាក់ព័ន្ធត្រូវបំពេញបែបបទស្នើសុំអាជ្ញាប័ណ្ណ នៅក្រសួងព័ត៌មាន។
លោក យ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានថ្លែងថា ជាគោលការណ៍គណបក្សរបស់លោកយល់ព្រមផ្សាយជាបណ្តោះ អាសន្នសិនតាម ប្រព័ន្ធAnalog ដោយសារតែប្រព័ន្ធនេះមានគុណភាពមិនទាន់ល្អដូចផ្សាយតាមប្រព័ន្ធ Digital មែនតែអ្នកទស្សនា អាចមើលទូរទស្សន៍ថ្មីនេះបានភ្លាម។ ដោយឡែកទាក់ទងទៅនឹងការចាប់ផ្តើមវិញ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា កំពុងតែរៀបចំកម្មវិធី និងដំណើរការផ្សេងៗទៀត។
គួរជម្រាបថា ក្រុមហ៊ុនផ្សព្វផ្សាយឯករាជ្យកម្ពុជាមួយកំពុងរៀបចំឯកសារដើម្បីដំណើរបើកស្ថានីយទូរទស្សន៍របស់ខ្លួន បន្ទាប់ពីក្រសួងព័ត៌មានបានសរសេរលិខិតអនុញ្ញាតកាលពីថ្ងៃទី២៤ វិច្ឆិកា។ ប្រធានក្រុមប្រឹក្សាភិបាលនៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យកម្ពុជាដែលហៅកាត់ថា ស៊ីអាយអឹម (Cambodian Independent Media) អ្នកស្រី គុណ លំអង មានប្រសាសន៍នៅថ្ងៃទី ៣០វិច្ឆិកាថា អ្នកស្រី មានភាពជឿជាក់ថា នឹងទទួលបានអាជ្ញាប័ណ្ណបើកស្ថានីយទូរទស្សន៍ ពីក្រសួងព័ត៌មាន ប៉ុន្តែកត្តាដែលអ្នកស្រីព្រួយបារម្ភនោះ គឺបញ្ហាធនធានហិរញ្ញវត្ថុសម្រាប់ ដំណើរការស្ថានីយប្រព័ន្ធផ្សព្វផ្សាយមួយនេះ។
អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មាន ប្រសាសន៍ថា នៅថ្ងៃច័ន្ទទី១ធ្នូ ក្រុមហ៊ុននឹងដាក់ការស្នើសុំអាជ្ញាប័ណ្ណនោះ នៅក្រសួងព័ត៌មាន ប៉ុន្តែដំណើរការនៃគ្រប់គ្រង និងចាត់ចែងស្ថានីយនេះ កំពុងស្ថិតនៅក្នុងការពិភាក្សាគ្នានៅឡើយ។ លោកបញ្ជាក់ទៀតថា ទោះបីជាក្រុមហ៊ុនឯកជនណាមួយទទួលសិទ្ធិវិនិយោគក៏ដោយ ប៉ុន្តែស្ថានីយនោះត្រូវតែឯករាជ្យ និងស្របតាមវិជ្ជាជីវៈព័ត៌មាន។
ទោះជាយ៉ាងនេះក្តី អ្នកស្រី គុណ លំអង បានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនកំពុងពិភាក្សានឹងគណបក្សសង្គ្រោះជាតិ ក្នុងការធានាឲ្យមានប្រភពហិរញ្ញវត្ថុគ្រប់គ្រាន់នៅពេលដែលស្ថានីយនេះនឹងទទួលបានអាជ្ញាប័ណ្ណផ្សព្វផ្សាយនៅពេលដ៏ខ្លីខាងមុខ៕ ម.គ