ភ្នំពេញ៖អង្គរក្សលោកឧកញ៉ា ថោង សារ៉ាត់ ចំនួន៣នាក់ ត្រូវបាននាំ ខ្លួនយកទៅសាកសួរនៅស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីវេលាម៉ោង១១និង២០នាទី ថ្ងៃទី១ ខែ ធ្នូ ឆ្នាំ ២០១៤ ប៉ុន្តែរហូតមកដល់ល្ងាចថ្ងៃដដែលនេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីមូលហេតុនៃការឃាត់ខ្លួននៅឡើយទេ។
លោក ជួន ណារិន ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលបន្ទុកព្រហ្មទណ្ឌបានឲ្យដឹងថា សមត្ថកិច្ចពិតជាបានឃាត់ខ្លួនអង្គរក្សលោកឧកញ៉ាផ្ទាល់ម្នាក់ និង២នាក់ទៀត ជាអ្នកជិះម៉ូតូតាមការពារសុវត្ថិភាពពីខាងក្រោយ ដើម្បីនាំយកទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាកដមែន ប៉ុន្តែលោកស្នងការមិនបានបញ្ជាក់ពីមូលហេតុនៃការឃាត់នាំខ្លួននោះឡើយ។ ក្នុងហេតុការណ៍ឃាត់ខ្លួននោះ លោកឧកញ៉ាថោង សារ៉ាត់ ក៏នៅទីនោះដែរ គឺនៅត្រងង់ចំណុច មុខមន្ទីរពេទ្យរុស្សី ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក ជួន ណារិន បានអះអាងថា នេះគ្រាន់តែជាការហៅទៅសាកសួរ ដើម្បីយកព័ត៌មាន មួយចំនួនប៉ុណ្ណោះ គឺសមត្ថកិច្ចនៅមិនទាន់សន្និដ្ឋានថា មនុស្សទាំង៣នាក់នេះពាក់ព័ន្ធនឹង អំពើឃាតកម្មលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ នៅឡើយទេ ព្រោះ
កំពុងធ្វើការសាកសួរ និងផ្ទៀង ផ្ទាត់ព័ត៌មាន។
ចំណែកព័ត៌មានដែលថា ចាប់ខ្លួនលោកឧកញ៉ា ថោង សារ៉ាត់ ថៅកែម្ចាស់បុរី៩៩៩នោះ លោកស្នង ការរង ជួន សារិន និងបដិសេធថា មិនបានចាប់ខ្លួនលោកឧកញ៉ាទេ ប៉ុន្តែគេអាចភ័ន្តច្រឡំ នៅពេលដែល លោកឧកញ៉ា ថោង សារ៉ាត់ជិះរថយន្តទៅមើលអង្គរក្សទាំង៣របស់លោក ដែលត្រូវ សមត្ថកិច្ចហៅយកទៅសួរនាំនៅស្នងការនគរបាលរាជធានីភ្នំពេញ។
សូមរម្លឹកផងដែរថា កន្លងមក ប្រធានតុលាការទីក្រុងភ្នំពេញលោកអាំង មាលតី និងភរិយា បានដាក់ពាក្យប្ដឹងលោកឧកញ៉ា ថោង សារ៉ាត់ ដោយចោទប្រកាន់ពីបទ ឆបោកពាក់ព័ន្ធទៅនឹងករណីទិញលក់ផ្ទះតម្លៃជាង២២ម៉ឺនដុល្លារអាមេរិក ដោយក្រោយពីបង់ប្រាកគ្រប់ចំនួនហើយបែរជាឯកសារផ្ទេរសិទ្ធិកាន់កាប់ គ្មានឈ្មោះលោក អាំង មាលតី និងភរិយាជាម្ចាស់លំនៅដ្ឋាននោះទៅវិញ។ ពាក្យបណ្តឹងរឿងព្រហ្មទណ្ឌនោះ បានដាក់ចូលស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៤កន្លងមកនេះ៕ រដ្ឋា
លោកឧកញ្ញ៉ា ថោង សារ៉ាត់