ភ្នំពេញ៖លោកស្រីហ៊ុន ស៊ីណាត អនុរដ្ឋលេខា ធិការក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា ព្រឹទ្ធ សភា និងអធិការកិច្ច បានដាក់លិខិតសុំលា លែងពីតំណែងជាផ្លូវការជូននាយករដ្ឋមន្ត្រី ហ៊ុន សែន ជាបង ប្រុសបង្កើតរបស់លោកស្រី ដោយសារលោកស្រីមានបញ្ហាខាងសុខភាព។
លិខិតសុំលាលែងពីតួនាទីនេះ បានផ្ញើជូនបងប្រុសតាមរយៈលោកស្រីឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤នេះ។
គួររំលឹកថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតរបស់ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានសរសេរលើ Facebook ថា លោកស្រីមិនអាចដោះស្រាយ ទំនាស់ដីធ្លីជូនប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺបាន ដោយសាររងឥទ្ធិពលសម្ពាធ និងការប្រមាថពីឧកញ៉ា លី យ៉ុងផាត់ ដូច្នេះលោកស្រីសុំឈប់ការងារពីក្រសួង។
លើទំព័រ Facebook របស់លោកស្រី ក៏បានសរសេរថា «អរុណសួស្ដីបងៗប្អូនៗ មីងពូ ទាំងអស់នៅ ក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាទីនឹករលឹក! ខ្ញុំមិនអាចបញ្ចប់នូវការដោះស្រាយដីធ្លីរបស់អ្នក ទាំងអស់គា្នបាន ដោយរដ្ឋាភិបាលផ្ទេរទៅមន្ទីររៀបចំដែនដីនគរូបនីយកម្មខេត្តវិញ ដូចនេះសូមអ្នកទាំងអស់គ្នា ចាំយកដីពីខេត្ត បែងចែកទៅ! ក្នុងមួយជីវិតខ្ញុំៗ ស្អប់បំផុតភាព អយុត្តិធម៌»។
ក្នុងសាររបស់លោកស្រី ហ៊ុន ស៊ីណាត នោះក៏បានបញ្ជាក់ផងដែរថា «រយៈពេលស្រាវជ្រាវ ដីនេះមានមនុស្សច្រើនណាស់ មកនិយាយកុំឱ្យខ្ញុំធ្វើត្រូវការប៉ុន្មាន តែខ្ញុំបានប្រាប់ថា ខ្ញុំត្រូវការតែដី ជូនប្រជាជន និងឱ្យក្រុមហ៊ុនវិញទេ លោកឧកញា លី យ៉ុងផាត់ គាត់ប្រមាថខ្ញុំសព្វបែបយ៉ាង ខ្ញុំសុំសួរមិត្តរួម Facebook ថារាល់អ្នកវិនិយោគទាំងអស់យើងត្រូវការពារតែគាត់ថា ខ្ញុំកាន់ជើងតែចិនៗនោះ ខាងក្រុមហ៊ុនស៊ីធីម៉ាត ឈូសឆាយបំផ្លាញចំការចំប៉ី របស់កូនប្រុសអភិបាលរងលី យិន ខេត្តសាទុង ប្រទេសចិន! លោកជំទាវជាទីគោរព ខ្ញុំសុំឈប់ពីការងារ ពីព្រោះខ្ញុំយល់ថា ក្រសួងនេះធ្វើអធិការកិច្ចទៅចំគ្នាឯងដូចឧកញ៉ា លី យ៉ុងផាត ទៀតមុខតែមិនហ៊ានធ្វើ ដូចនេះនាងខ្ញុំមិនអាចរស់នៅក្នុងក្រសួងរកយុតិ្តធម៌ជូនប្រជារាស្ត្រ តាមបណ្ដឹងមិនបានដដែលខ្ញុំសុំលាឈប់ពីពេលនេះទៅជាប្រជាជនចុះ។ សូមជូនពរលោកជំទាវ សូមជួបតែសំណាងល្អ»។
លិខិតលាលែងនោះ លោកស្រី ហ៊ុន ស៊ីណាត បានបញ្ជាក់ពីមូលហេតុថា ដោយសារលោកស្រីមាន បញ្ហាផ្នែកសុខភាព ហើយត្រូវការព្យាបាលជាចាំបាច់៕ម.គ
លោកស្រី ហ៊ុន ស៊ីណាត