ភ្នំពេញ៖លោកឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចអន្ដរាគមន៍ង៧០ នៅព្រឹកថ្ងៃអង្គារ៍នេះ បានច្រានចោលនូវសេចក្ដីរាយការណ៍ព័ត៌មាននានាថា លោកឧត្ដមសេនីយ៍ផ្កាយពីរ ថោង សារ៉ាត់ ជាមន្ដ្រីយោធាជាន់ខ្ពស់នៅអង្គភាពង៧០និងបានប្រកាសថា លោកថោង សារ៉ាត់ មិនមែនជាមន្ដ្រីនៅក្នុងអង្គភាពង៧០នោះទេ។
មេបញ្ជាការកងពលតូចអន្ដរាគមន៍ង៧០ លោក ម៉ៅ សុផាន់ បានអះអាងបញ្ជាក់ នៅព្រឹកថ្ងៃអង្គារ៍ ទី០២ ខែធ្នូនេះថា “ថោង សារ៉ាត់ និងអង្គរក្ស បានចេញពីអង្គភាពង៧០ ជិត១០ឆ្នាំហើយ ”។
សូមបញ្ជាក់ថា នគរបាលនៃស្នងការដ្ឋានរាជធានី ភ្នំពេញបានឃាត់ខ្លួនអង្គរក្សលោកឧកញ៉ា ថោង សារ៉ាត់ កាលពីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤ ខណៈធ្វើដំណើរតាមបណ្ដោយ ផ្លូវ២៧១ត្រង់មុខមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀតក្នុងសង្កាត់ ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ដោយពាក់ព័ន្ធសង្ស័យទៅនឹងករណីឃាតកម្មទៅលើឧកញ៉ា អ៊ឹង ម៉េងជឺ ដែលត្រូវខ្មាន់កាំភ្លើងបាញ់ឱ្យស្លាប់នៅនឹងកន្លែងកាលពីថ្ងៃទី២២ ខែវិច្ឆិកា នៅជិតអាងទឹកអូរឡាំពិក។ ក្នុងហេតុការនោះ សមត្ថកិច្ចមិនបានចាប់ ឬឃាត់ខ្លួនលោកឧកញ៉ា ថោង សារ៉ាត់ នោះទេ តែវត្តមានរបស់លោកឧកញ៉ាថោង សារ៉ាត់ នៅស្នងការដ្ខាននគរបាលរាជធានីភ្នំពេញក្នុងពេលដែលមានកាឃាត់ខ្លួនអង្គរក្សលោកនោះគឹដោយសារលោកទៅចង់ដឹងពីមូលហេតុនៃការឃាត់ខ្លួនអង្គរក្សនោះប៉ុណ្ណោះ៕
លោក ថោង សារ៉ាត់ រូបថតឯកសារ