ភ្នំពេញ៖ សំណុំរឿងឃាតកម្មបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ កណ្តាលរាជធានីភ្នំពេញត្រូវបានបំបែកហើយបន្ទាប់ពីការបាញ់ ប្រហារដែលជនសង្ស័យជាមេក្លោងត្រូវសមត្ថកិច្ចបញ្ជាក់ថា គឺជាឧកញ៉ា ថោង សារ៉ាត់ ម្ចាស់បុរី៩៩៩ បាន ប្រព្រឹត្តិ អស់រយៈពេលជាង១០ថ្ងៃកន្លងមក។
តាំងពីវេលាល្ងាចថ្ងៃទី ៣ខែធ្នូ រហូតមកដល់វេលាម៉ោងប្រមាណ៨យប់ទៅហើយ គេឃើញសមត្ថកិច្ច នៅបន្តឡោមព័ទ្ធផ្ទះរបស់លោកឧកញ៉ា ថោង សារ៉ាត់ នៅឡើយ ។ប្រជាពលរដ្ឋរាប់រយនាក់ក៏បាន ប្រមូលផ្តុំគ្នារង់ចាំមើលហេតុការណ៍ឡោមព័ទ្ធនេះ ក្នុងនោះក៏មានអ្នកកាសែត ទូរទស្សន៍ជាច្រើននាក់ បានមានវត្តមាននៅទីនោះដែរ ប៉ុន្តែមិនទាន់់ត្រូវបានគេអនុញ្ញាតអោយចូលជិតនៅឡើយទេ។ ចំណែកទីតាំងបុរី៩៩៩ផ្សេងទៀតក៏ជាគោលដៅរបស់សមត្ថកិច្ចក្នុងការស្វែងរកជនសង្ស័យផងដែរ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា សមត្ថកិច្ចមួយចំនួនទៀតបានបន្តទៅឆែកឆេរនៅបូរីញូវយ៉ក ឋិតនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន បន្តទៀត។
ស្នងការរងនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ បានថ្លែងប្រាប់អ្នកកាសែតថា នៅវេលាម៉ោង ៧យប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤នេះ កម្លាំងសមត្ថកិច្ច ដឹកនាំដោយព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ សៀង សុខ កំពុងឡោមព័ទ្ធចាប់ ឧកញ៉ាវ័យក្មេង ថោង សារ៉ាត់ នៅភូមិ គ្រឹះក្នុងបុរី៩៩៩ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ប្រភពបន្តថា គ្រាដែលសមត្ថកិច្ចកំពុងប្រតិបត្តិការតាមចាប់ឧកញ៉ា ថោង សារ៉ាត់ ជាមេក្លោងនោះ ជនពាក់ព័ន្ធចំនួន៤នាក់ ដែលជាអង្គរក្សរបស់ឧកញ៉ាវ័យក្មេងរូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួចហើយ រួមមាន៖ ទី១. ឈ្មោះ មាស សម្បត្ដិ ទី២. ឈ្មោះសៀង វាសនា ទី៣. ឈ្មោះ កូន ចាន់ថុល និងទី៤. ឈ្មោះ លី សៅ។
ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ដែលកំពុងបញ្ជាដោយផ្ទាល់នោះ បានថ្លែងថា កម្លាំងសមត្ថកិច្ចកំពុងចូលឆែកឆេះនៅក្នុងភូមិគ្រឹះ តែមិនទាន់ចាប់បានមេក្លោងនៃអំពើឃាតកម្មនោះនៅឡើយទេ។
បើតាមសមត្ថកិច្ចបានបញ្ជាក់ថា រហូតដល់ម៉ោង ៨ និង១៣នាទីយប់ថ្ងៃដដែលនេះ សមត្ថកិច្ចបានឃាត់ខ្លួនឪពុក-ម្តាយ របស់ឧកញ៉ា ថោង សារ៉ាត់ ខណៈលោកឧកញ៉ា បានរត់គេចខ្លួនបាត់។ ឪពុករបស់លោកឧកញ៉ា ថោង សារ៉ាត់ មានឈ្មោះ តាំង សុខ ហៅថោង ចំរើន អាយុ ៦៥ឆ្នាំ រីឯម្តាយមានឈ្មោះ កែវ សារី អាយុ៥៥ឆ្នាំ ជាមន្ត្រីក្រសួងការពារជាតិ។
ប្រតិបត្តិការតាមចាប់ខ្លួនឧកញ៉ា ថោង សារ៉ាត់ ដែលជាប់សង្ស័យជាមេក្លោងនៅ ពី ក្រោយឃាតកម្មបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ បានធ្វើឡើងភ្លាមៗ ពោលគឺរយៈពេលប្រហែលជា ២-៣ម៉ោងប៉ុណ្ណោះ បន្ទាប់ពីឪពុក-ម្តាយ របស់លោកឧកញ៉ា ថោង សារ៉ាត់ បានហៅអ្នកយកព័ត៌មានជាច្រើនស្ថាប័នទៅធ្វើសន្និសីទសារព័ត៌មានលាងសម្អាតកេរ្តិ៍ឈ្មោះលោកឧកញ៉ា និងអង្គរក្សថា មិនមានជាប់ពាក់ព័ន្ធនឹងឃាតកម្ម។ ក្នុងសន្និសីទព័ត៌មានេះ អ្នកស្រី កែវ សារី ជាម្តាយឧកញ៉ា ថោង សារ៉ាត់ បានគំរាមប្តឹងបកទៅសមត្ថកិច្ចថែមទៀតផង ដែលបានចាប់លោកឧកញ៉ា និង អង្គរក្ស។
គួរជម្រាបថា លោកឧកញ៉ា អ៊ឹង ម៉េង ថៅកែស៊ីម៉ង់តិ៍ពេជ្រ និងជាម្ចាស់ហាងពេជ្រហុងកុង ត្រូវបានឃាតកបាញ់ សម្លាប់មិនប្រណីដៃ បណ្តាលឲ្យដេកដួលស្លាប់ក្នុងថ្លុកឈាម ខណៈលោក ចុះពីរថយន្តទិញផ្លែឈើនៅជិតស្តាតអូឡាំពិក ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន កាលពីវេលាម៉ោងជាង ៧យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៤ កន្លងមកនេះ៕