ភ្នំពេញ៖ អង្គរក្សរបស់លោកឧកញ៉ា ថោង សារ៉ាត់ ម្នាក់ឈ្មោះ សៀង វាសនា គឺអាចជាជនសង្ស័យខ្មាន់កាំភ្លើងបាញ់សម្លាប់យ៉ាងឃោរឃៅទៅលើរូបលោកឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែហាងពេជ្រ និងជាប្រធានក្រុមហ៊ុនស៊ីម៉ង់ដ៍ត្បូងពេជ្រ កាលពីថ្ងៃទី២២ វិច្ឆិកា កន្លងមកនេះ។
រហូតមកដល់ពេលនេះ ជនសង្ស័យចំនួន ៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅធ្វើការសាកសួរនៅស្នងការនគរបាលរាជធានីភ្នំពេញ។ជនសង្ស័យទាំង ៤នាក់ មាន៖ ១.ឈ្មោះ មាស សម្បត្តិ, ២.ឈ្មោះ សៀង វាសនា, ៣.ឈ្មោះ គយ ចាន់ថល និងទី៤.ឈ្មោះ លី សៅ។ក្នុងនោះឈ្មោះ សៀង វាសនា ត្រូវបានសមត្ថកិច្ចសង្ស័យថាជាជនដៃដល់នៅក្នុងអំពើឃាតកម្មនេះ។
សមត្ថកិច្ចបានប្រើកម្លាំងយ៉ាងច្រើន និងប្រើពេលវេលាជាច្រើនម៉ោងក្នុងការចុះឆេកឆេររុករកវត្ថុតាង និងលោកឧកញ៉ា ថោង សារ៉ាត់ នៅតាមបណ្ដាបុរី៩៩៩ និងតាមទីតាំងផ្សេងទៀតរបស់ឧកញ៉ាថោង សារ៉ាត់ ដើម្បីរកចាប់ខ្លួន ប៉ុន្តែរហតូមកម៉ោង១១យប់ថ្ងៃទី៣ធ្នូនេះនៅមិនទាន់បានរក ឃើញឧកញ៉ាថោង សារ៉ាត់ នោះទេ ចំណែកឪពុក ម្តាយរបស់ឧកញ៉ាថោង សារ៉ាត់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីសាកសួរ។
គួររំលឹកថាលោកឧកញ៉ា អ៊ឹង ម៉េងជឺ ម្ចាស់ក្រុមហ៊ុនស៊ីម៉ងត៍សញ្ញាត្បូងពេជ្រ និងជាម្ចាស់ហាងមាសពេជ្រ ដ៏ធំនៅភ្នំពេញយីហោហុងកុង កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ត្រូវបានខ្មាន់កាំភ្លើងចូលទៅជិតហើយបាញ់សម្លាប់យ៉ាងឃោរឃៅកណ្តាលទីសាធារណៈ ខណៈលោកចុះពីរថយន្តទៅទិញផ្លែឈើស្ថិតតាមបណ្តោយមហាវិថីព្រះសីហនុ កែងនឹងផ្លូវលេខ១០៥ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ទោះបីលោកឧកញ៉ាអ៊ឹង ម៉េងជឺ លើកដៃរងនិងស្រែកអង្វរបែបណា ក៏ដោយ ៕ម គ ជនសង្ស័យឈ្មោះ សៀង វាសនា