សមត្ថកិច្ច​តាមរក​ជនជាតិភាគតិច​ម៉ុង​តា​ញ៉ា​លាក់ខ្លួន​ក្នុងព្រៃ​ខេត្ដ​រតនគិរី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 December, 2014 ក+ ក-

​កាលពី​ម្សិលមិញ​ប៉ូលិស​កម្ពុជា​បាន​និយាយ ថា ពួកគេ​បាន​រុករក​ក្រុម​ជនជាតិភាគតិច​ម៉ុង​តា​ញ៉ា​មួយក្រុម​ពី​វៀតណាម នៅ​តំបន់​ព្រៃ​ក្នុង​ខេត្ដ​រតនគិរី​ដែល​បាន​ឆ្លង​ព្រំដែន​ក្នុងការ​ប៉ុន ប៉ង​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ កម្ពុជា​។​

ក្រុម​អង្គការសិទ្ធិមនុស្ស​ឲ្យ​ដឹងថា កាលពី​ខែ​មុន​ជនភាគតិច​ម៉ុង​តា​ញ៉ា​១៣​នាក់​ក្នុងនោះ​មាន​ស្ដ្រី​ម្នាក់ បាន​រត់គេច​ចេញពី​ការ​ធ្វើទុក្ខបុកម្នេញ​នៅក្នុង​ប្រទេស​វៀតណាម ហើយ​តាំងពី​ពេល​នោះមក​បាន​លាក់ខ្លួន​នៅក្នុង​ខេត្ដ​រតនគិរី​។​

ស្នងការ​ប៉ូលិស​ខេត្ដ​រតនគិរី​លោក ងួន កឿ​ន បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា​អាជ្ញាធរ​កំពុង​ស្វែងរក​ពួកគេ​។ លោក​ថា ក្រសួងមហាផ្ទៃ​នឹងធ្វើ​ការសម្រេច​ចិ​ត្ដ​ថា​តើ​នឹងមាន​ការបញ្ជូន​ពួកគេ ចេញពី​កម្ពុជា​វិញ​ឬ​យ៉ាងណា​។​

ភ្លាមៗ​នេះ គេ​មិនទាន់​អាចទាក់ទង​ក្រសួងការបរទេស​វៀត​ណា​ម​នៅ​ក្រុង​ហាណូយ​បាន​នៅឡើយ ទេ ដើម្បី​បញ្ជាក់ថា តើ​វៀតណាម​នឹង​ស្វែង​សុំ​ឲ្យ​មានការ​បញ្ជូន​ពួកគេ​ទៅ​វៀតណាម​វិញ ឬ​យ៉ាងណា​។​

ប៉ុន្ដែ​លោក Pham Thu Hang មន្ដ្រី​នៅ​ក្រសួងការបរទេស​វៀត​ណា​ម​បាន​ប្រាប់​កាសែត AFP ថា ពលរដ្ឋ​គ្រប់​ប្រទេស​ទាំងអស់​ត្រូវគោរព​ច្បាប់​ប្រទេស​របស់ខ្លួន និង​ច្បាប់​នានា​ទាក់ទង​នឹង​បែបបទ​នៃ​ការចេញចូល​ក្នុងប្រទេស​។​

កាល ពី​សង្គ្រាម​ឥណ្ឌូចិន ពួក​ម៉ុង​តា​ញ៉ា​បាន​គាំទ្រ​ដល់​បារាំង ហើយ​ក្រោយមក​គាំទ្រ​ទាហាន​អាមេរិក​ប្រឆាំងនឹង​ពួក​កុម្មុយនីស្ដ ហើយ​បាន​ប្រឈមមុខ​នឹង​ការ​ធ្វើទុក្ខបុកម្នេញ និង​ការរើសអើង​តាំងពី​ពេល​ចប់​ចម្បាំងរាំងជល់​នៅ​ឆ្នាំ​១៩៧៥​។​
​លោក ឆាយ ធី មន្ដ្រី​សម្របសម្រួល​សិទ្ធិមនុស្ស​នៃ​អង្គការ​អាដហុក​នៅ​រត​ន​គិរី​និយាយថា ពួក​ម៉ុង​តា​ញ៉ា​ទាំង​១៣​នាក់​នេះ​រត់គេច​ចេញពី​ការធ្វើ​បាប​នៅ​វៀតណាម ហើយ​ចង់​ស្វែង​សិទ្ធិ​ជ្រកកោន​។​

លោក​បន្ដ​ឲ្យ​ដឹងថា ពួកគេ​ខ្វះ​ស្បៀង ហើយ​មាន​ជំងឺគ្រុនចាញ់ ប៉ុន្ដែ​មិន​ហ៊ាន​ចាក​ចេញពី​ព្រៃ​ទេ​ខ្លាច​អាជ្ញាធរ​បញ្ជូន​ចេញទៅ​វៀតណាម វិញ​។​
​ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ​និយាយថា ការបង្ខិតបង្ខំ​ពួកគេ​ឲ្យ​ទៅ​វៀតណាម​វិញ គឺជា​ការបំពាន​កាតព្វកិច្ច​អន្ដរជាតិ​របស់​កម្ពុជា​៕

Untitled-1