ភ្នំពេញ: ការនិយាយរិះគន់លើរដ្ឋាភិបាលរបស់លោក កឹម សុខា មួយរយៈចុងក្រោយ នេះ ត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុនសែន ចាត់ទុកថា ជាការនិយាយផ្តេសផ្តាស់នៅក្រៅក្របខណ្ឌរដ្ឋសភា។
ការលើកឡើងជាថ្មីដោយព្រមានទៅកាន់លោក កឹម សុខា អនុប្រធានទី១រដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ នេះបានធ្វើឡើងនាឱកាសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមជាអធិបតីភាពក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សានៅព្រឹកថ្ងៃទី៤ធ្នូ នេះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ” ប៉ុន្មានថ្ងៃនេះ ខ្ញុំបានឮដែលទៅស្រែកពីកន្លែងណានោះមក។ ស្រែកចុះ តែស្រែកខុសរបៀបប្រយ័ត្នអាសំឡេងភាគច្រើនគេបុកទម្លាក់ “។
លោកបន្តថា ” គេឱ្យធ្វើជាអនុប្រធានសភា ឬប្រធានសភា គឺកុំភ្លេចតួនាទីរបស់ខ្លួន ព្រោះប្រធានសភា ឬអនុប្រធានសភានោះ ជាអ្នកសម្របសម្រួល រវាងបណ្តាអ្នកតំណាងរាស្ត្រ គឺមិនមែនឱ្យអ្នកឯងដើរតែជេរគេនោះទេ ហើយបើចង់ផ្តល់យោបល់ទៅលើបញ្ហាអ្វី គឺតាមរយៈប្រធានក្រុមអ្នកតំណាងរាស្ត្រនោះមក ហើយប្រធានក្រុមអ្នកតំណាងរាស្ត្រ យកមកជជែកជាមួយនាយករដ្ឋមន្ត្រី ឬជាមួយប្រធានក្រុមអ្នកតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាមក។ និយាយបែបនេះគឺមិនមែនបិទសិទ្ធិនោះទេ ក៏ប៉ុន្តែយើងក៏ត្រូវមើលដែរ ព្រោះនិយាយគ្នាថាសន្ទនា តែពិតប្រាកដ គឺជេរទៅតាមរបៀបអ្វីផ្សេង គេឲ្យនិយាយនៅក្នុងសភា ម្តេចមិននិយាយ បើមិនបានជេរគេរន្ទះបាញ់ឬអី ក្នុងពេលដែលមេៗ កំពុងប្រកាន់នូវវប្បធម៌សន្ទនា” ។
លោកប្រមុខរាជរដ្ឋាភិបាលបានបន្តថា ” តាមធម្មតា ចរិកមនុស្ស វាមិនដូចគ្នាទេ មនុស្សខ្លះ ចូលចិត្តការសន្ទនា ការសម្របសម្រួល តែអ្នកខ្លះចូលចិត្តបង្កជម្លោះ ” ៕ ម គ