សិក្ខាសាលា​អំពាវនាវ​អ្នកកាសែត​សូម​ប្រកាន់​ក្រមសីលធម៌​វិជ្ជាជីវៈ​ឲ្យ​បាន​ខ្ពស់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 December, 2014 ក+ ក-

ភ្នំពេញ​៖ ក្លឹប​អ្នកកាសែត​កម្ពុជា​បាន​អំពាវនាវ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់​សូម​ប្រកាន់ យក​នូវ​ក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បី​ជៀសវាង​បាន​នូវ​ការគំរាមកំហែង ប្ដឹងផ្ដល់ និង​រក្សាបាន​នូវ​ព័ត៌មាន​សុក្រឹតដែល​អាច​ជឿ​ទុកចិត្តបាន ឬ​ជា​អាវ​ក្រោះ​សម្រាប់​អ្នកសារព័ត៌មាន​ផ្ទាល់​។​
​ការអំពាវនាវ​នេះ បានធ្វើ​ឡើង​ក្នុង​សិក្ខាសាលា​ស្ដីពី​វិជ្ជាជីវៈ​សារព័ត៌មាន និង​សន្តិសុខ​អ្នកកាសែត នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ៥ ធ្នូ ដែល​រៀបចំឡើង​ដោយ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​សហការ​ជាមួយ​អង្គការ​យូណេស្កូ បាន​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​របស់​អ្នកកាសែត​និង​រិះរក​វិធី​ការពារ​ខ្លួន ដោយមាន​តំណាង​ក្លឹប​អ្នកកាសែត​កម្ពុជា អ្នកសារព័ត៌មាន​ជាតិ អង្គការ​សង្គម​ស៊ីវិល លោកស្រី វ៉ាន់ ហ៊ី​លី តំណាង​ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស (OHCHR) និង​តំណាង​អង្គការ​យូ​នី​ស្កូ (UNESCO) ប្រចាំ​កម្ពុជា ចូលរួម​សរុប​ប្រមាណ​ជាង ៥០​នាក់​។​
​គួរ​បញ្ជាក់ថា រយៈពេល​មួយឆ្នាំ​ចុងក្រោយ​គិត​ត្រឹម​ខែឧសភា​ឆ្នាំ ២០១៤ មាន​ពាក្យបណ្តឹង​ប្រឆាំង​អ្នកកាសែត​ចំនួន​៧ ករណី​គឺ​កើន​លើស​ឆ្នាំមុន​៣​ករណី​។ មានការ​ចាប់ខ្លួន​អ្នកកាសែត​១២​ករណី​កើន​លើស​ឆ្នាំមុន​៥​ករណី​។ ហើយ​រយៈពេល​ចុងក្រោយ​នេះ​មាន​ឃាតកម្ម​ទៅលើ​អ្នកកាសែត​ចំនួន​៣​ករណី​ដែល​ធ្វើ ឲ្យ​តួលេខ​អ្នកកាសែត​ដែល​ត្រូវបាន​គេ​សម្លាប់​កើន​ដល់ ១៣ នាក់​គិត​ចាប់តាំងពី​ឆ្នាំ ១៩៩២ មក​។ នេះ​បើ​យោងតាម​របាយការណ៍​ដែល​កត់ត្រា​ដោយ​អង្គការ​ការពារ​សិទ្ធិមនុស្ស​។​

​ក្រៅពីនោះ​ក៏មាន​ការរើសអើង​អ្នកកាសែត​ពី​សំណាក់​អ្នកគាំទ្រ​បក្សនយោបាយ ផងដែរ​។ អ្នកកាសែត​ក៏ត្រូវ​ប្រឈម​បញ្ហា​ជាច្រើន​ទៀត​ក្នុង​អាជីព​របស់ខ្លួន​ដូចជា ប្រាក់ខែ​តិចតួច គ្មាន​សហជីព​ការពារ ហើយ​អ្នកកាសែត​មួយចំនួន​នៅ​មិនទាន់​គោរព​វិជ្ជាជីវៈ​បាន​ត្រឹមត្រូវ​នៅឡើយ​។ ម្យ៉ាងទៀត សមាគម​អ្នកកាសែត​មាន​ច្រើនពេក​គឺ​រហូតដល់​ជាង ៣០ ដែល​ធ្វើ​ឲ្យ​អ្នកកាសែត​បែកបាក់​គ្នា​មិនសូវមាន​ទម្ងន់​ទៅលើ​អាជ្ញាធរ​។​

​ជា​ដំណោះស្រាយ ក្រុមអ្នកកាសែត​បាន​យល់ស្រប​គ្នា​ថា ដើម្បី​ការពារ​សុវត្ថិភាព​ក៏ដូចជា​ដើម្បី​លើកស្ទួយ​កិត្យានុភាព​របស់ អ្នកកាសែត​ដែរ គឺ​អ្នកកាសែត​ខ្លួនឯង​ត្រូវ​ផ្តើម​ពី​ការគោរព​វិជ្ជាជីវៈ​ឲ្យ​បាន ត្រឹមត្រូវ​។ រីឯ​ម្ចាស់​សារព័ត៌មាន​ទាំងឡាយ​ត្រូវ​យកចិត្តទុកដាក់​បណ្តុះ​បណ្តាល​និង ដំឡើង​ប្រាក់ខែ​ដល់​អ្នកកាសែត​ដើម្បី​ឲ្យ​ពួកគេ​អាចបំពេញ​ការងារ​បាន​ពេញ លេញ​និង​ចៀស​ផុតពី​ការប្រើប្រាស់​អាជីព​ដើម្បី​ផលប្រយោជន៍​។ ការផ្តួចផ្តើម​គំនិត​អំពី​សហជីព​ការពារ​អ្នកកាសែត​ក៏ត្រូវ​បានលើកឡើង ផងដែរ​។​

​អ្នកចូលរួម​ក៏បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធានា​សុវត្ថិភាព​អ្នកកាសែត និង​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការរើសអើង​និង​ការប្រើ​អំពើហិង្សា​គ្រប់​រូបភាព​ទៅលើ​អ្នកកាសែត​។ លោកស្រី វ៉ាន់ ហ៊ី​លី អះអាងថា ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា រួមជាមួយ​អង្គការ​យូណេស្កូ​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការជួយ​អ្នកកាសែត​កម្ពុជា​តាមរ​យៈ​ការបង្កើត​យន្តការ​នានា​ដែល​ពួកគេ​ចង់បាន​សំដៅ​ពង្រឹង​វិជ្ជាជីវៈ​របស់ខ្លួន​៕​ម គ​

Untitled-3

អ្នកកាសែត​ចូលរួម​យក​ព័ត៌មាន​នៅ​ថ្ងៃ​ប្រកាស​សាលក្រម​សំណុំ      រឿង ០០២ វគ្គ ១