ភ្នំពេញ៖ អាគារមជ្ឈមណ្ឌលជាតិផ្តល់ឈាមថ្មីមួយទៀតនឹងត្រូវសាងសង់ ឡើងនៅបរិវេណមន្ទីរពេទ្យ មិត្តភាព ខ្មែរ-សូវៀត នៅក្នុងរាជ ធានីភ្នំពេញ ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ១លាន ៥សែនដុល្លារអាមេរិក ដែល ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាពលរដ្ឋសហរដ្ឋអាមេរិក ។
មន្ត្រីសុខាភិបាលបានបញ្ជាក់ឲ្យដឹងថា ពិធីបញ្ចុះបឋមសិលាបើកការដ្ឋាននេះ បានធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៤នេះ ក្រោមអធិបតីភាពរបស់លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកឧត្តមសេនីយ៍ទោ Jim Pasquarette មេបញ្ជាការរងនៃកងទ័ពជើងគោក សហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិ។
ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោកវេជ្ជបណ្ឌិត ហុក គីមចេង បានឲ្យដឹងថា ការសាងសង់អាគារថ្មីនេះ គឺស្ថិតក្រោមជំនួយរបស់រដ្ឋាភិបាល និងប្រជាពលរដ្ឋ សហរដ្ឋអាមេរិក ដែលផ្តល់ថវិកាចំនួន ១លាន ៥សែនដុល្លារ តាមរយៈបញ្ជាការដ្ឋានកងទ័ព សហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក។
លោកថា ការរៀបចំទាំងបច្ចេកទេស ក៏មានជំនួយពី ជំនាញការឯកទេស របស់កាកបាទក្រហម អូស្ត្រាលី (ARC) អង្គការបង្ការរបួសស្នាម សហរដ្ឋអាមេរិក (US CDC) និងជំនាញការនៃ កងវិស្វកម្ម សហរដ្ឋអាមេរិក (USACE)។
អាគារផ្តល់ឈាមថ្មីនេះ មានគ្រឹះសម្រាប់ ៦ជាន់ តែសំណង់នេះ គឺសាងសង់ត្រឹមតែ ២ជាន់ប៉ុណ្ណោះ ដើម្បីធានានូវដំណើរការ របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដោយក្នុងនោះ រួមមាន កន្លែងស្តុកឈាម បន្ទប់រង់ចាំ មន្ទីរពិសោធន៍ កន្លែងផលិត ផលិតផលឈាម ក៏ដូចជា បន្ទប់សម្រាប់ទទួល អំណោយឈាម ដែលអាចដាក់គ្រែ រហូតដល់ ១៦ ជាដើម។បើតាមគម្រោងនឹងបញ្ចប់ការសាងសង់របស់ខ្លួន នៅចុងឆ្នាំ២០១៥ ខាងមុខនេះ ហើយក្រុមហ៊ុនគីមម៉ិច ជាអ្នកទទួលការសាងសង់៕