ភ្នំពេញ៖ តុលាការសម្រេចមិនឃុំខ្លួនកូនក្តីអ្នកស្រី វ័ន សាវង្ស អាយុ៦១ឆ្នាំ ដោយតម្រូវឲ្យតម្កល់ប្រាក់ចំនួន៦ ម៉ឺនដុល្លារអាមេរិក សម្រាប់រយៈពេល១ខែ ជាថ្នូរនៃការមិនឃុំខ្លួន ខណៈតុលាការបន្តបើកការស៊ើបអង្កេត ។នេះបើលោក អ៊ូ វុធ មេធាវីការពារក្តីបានឱ្យដឹងនៅរសៀលថ្ងៃទី១៣ ខែធ្នូនេះ ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ កន្លងមកនេះ ស្ត្រីម្នាក់ដែលអះអាងថា ជាម្តាយបង្កើតតារាសម្តែងពានរង្វាន់ទេវតាប្រចាំស្ថានីយទូរទស្សន៍ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសឆបោក។
តាមរបាយការណ៍បានឲ្យដឹងថា អ្នកស្រី វ័ន សាវង្ស អាយុ៦១ឆ្នាំ ស្នាក់នៅផ្ទះលេខ១០៩ ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅភោជនីយដ្ឋានផ្កាឈូកថ្មី ស្ថិតនៅមុខមន្ទីរពេទ្យកាល់ម៉ែត តាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ការឃាត់ខ្លួនស្ត្រីរូបនោះ គឺអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួន របស់តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពញ អ្នកស្រី វ័ន សាវង្ស ត្រូវបានលោក អ៊ុំ សុភក្តិ លេខ២៤៦ អ.យ.ឍ ចុះថ្ងៃទី៣ ខែធ្នូ លើសំណុំរឿងព្រហ្មទណ្ឌមួយពាក់ព័ន្ធពីបទឆបោក ដែលសំណុំរឿងនោះត្រូវអះអាងថា អ្នកស្រីបានប្រព្រឹត្តនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១១។
កាលពីកន្លងទៅអ្នកស្រីមានដី មួយកន្លែងនៅក្បែរព្រលានយន្ត ហោះអន្តរជាតិភ្នំពេញ។ ការនាំខ្លួន អ្នកស្រីទៅកាន់តុលាការនេះ ទំនងជាពាក់ព័ន្ធនឹងរឿងដីធ្លីនោះ។
នៅសាលាដំបូងរាជធានីភ្នំពេញ អ្នកស្រី វ័ន សាវង្ស បានប្រាប់អ្នកសារព័ត៌មានថា អ្នកស្រីជាម្តាយបង្កើតរបស់ កែវ នីសា ប៉ុន្តែពេលនេះ កូនអ្នកស្រីមិននៅស្រុកខ្មែរទេ គេទៅប្រទេសថៃ ២-៣ថ្ងៃហើយ ដូច្នេះសមត្ថកិច្ចឃាត់ខ្លួនអ្នកស្រីនេះ កូនស្រីគាត់មិនបានដឹងឡើយ។
អ្នកស្រីបន្តថា ប្តីរបស់អ្នកស្រី គឺជាមន្ត្រីមួយរូប ប៉ុន្តែប្តីនេះមិន មែនឪពុកបង្កើតរបស់ កែវ នីសា ទេ ឪពុកគេបានស្លាប់បាត់បង់អាយុជីវិតច្រើនឆ្នាំហើយដោយជំងឺ។ អ្នកស្រីមិនបានប្រាប់ពីឈ្មោះប្តី ឬឪពុក កែវ នីសា ទេ ប៉ុន្តែបង្ហើបថា គាត់ជាអ្នកតស៊ូចេញរំដោះជាតិក្នុងឆ្នាំ១៩៧៨ ប៉ុន្តែអកុសលគាត់មានជំងឺស្លាប់ទៅ៕