ខេត្តកំពង់ចាម៖ស្ពានបេតុងប្រមាណ៥កន្លែង នៅក្នុងស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម បានរងការបាក់ស្រុតយ៉ាងធ្ងន់ធ្ងរបណ្តាល មកពីរថយន្តដឹកឈើធុនធ្ងន់បើកឆ្លងកាត់ និងដោយសារទឹកជំនន់ខណៈ ស្ពានមួយចំនួនស្ថិតក្នុងស្ថានភាពចាស់ទ្រុឌទ្រោម ។
អ្នកបើកបររថយន្តដឹកអ្នកដំណើរបានប្រាប់ថា ស្ពានបេតុងជាច្រើនកន្លែងនៅក្នុងស្រុកស្រីសន្ធរនេះបានខួចខាតជាច្រើនខែឆ្នាំកន្លងមកហើយ ប៉ុន្ដែមិនឃើញលោកអភិបាលស្រុក ឬខេត្ត ចាត់វិធានការដោះស្រាយជួសជុលនោះឡើយ។
តាមសំដីប្រជាពលរដ្ឋបានឱ្យដឹងកាលពីថ្ងៃទី១១ ខែធ្នូ ថា ស្ពានមួយចំនួនបានសង់តាំងពី ៦០ឆ្នាំមុនមកម្ល៉េះ ។សម័យនោះ គេសង់សម្រាប់ឱ្យប្រជាពលរដ្ឋ បររទេះសេះ រទេះគោ ដឹកកសិផលពិសេសស្រូវពោតសណ្តែកប៉ុណ្ណោះ។ប៉ុន្តែមកដល់សម័យនេះ មានយានយន្តចម្រុះឆ្លងកាត់ ដូចជា រថយន្តដឹកដែក ស៊ីម៉ង់តិ៍ ប្រេងឥន្ទនៈ គឺមានដល់ទៅរថយន្ត ដឹកឈើផ្ទុកទម្ងន់ រាប់សិបតោន ឆ្លងកាត់មួយខែ ពីរទៅបីដង ហើយគ្មានឃើញខាងអាជ្ញាធរ មកហាមឃាត់ទេ បានត្រឹមដាក់ស្លាក ស្ពានបាក់។
គួរជម្រាបថា ស្ពានបេតុងទាំងចាស់ ថ្មី ទាំង៥កន្លែងដែលកំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរនោះ រួមមាន៖ ១.ស្ពានប្រាំយាម ស្ថិតត្រង់ចំណុច ទួលកុកសួស ឃុំព្រែកដំបូក ២.ស្ពានព្រែកពោធិ ស្ថិតក្នុងភូមិសន្ទៃ ឃុំព្រែកពោធិ (ប្រហែលមួយគីឡូម៉ែត្រ ពីសាលាស្រុកស្រីសន្ធរ) ៣.ស្ពានខ្យោង ស្ថិតក្នុងភូមិខ្យោង ឃុំជីបា ៤.ស្ពានអូរស្លែង ស្ថិតក្នុងភូមិស្លែង ឃុំជីបាដែរ និង៥.ស្ពានស្នាប់ ជាប់ព្រំប្រទល់ខេត្តកណ្តាល ស្ថិតក្នុងឃុំស្វាយពោធិ។
មន្ដ្រីការិយាល័យសាធារណការស្រុកនិយាយថា សូមប្រជាពលរដ្ឋប្រើប្រាស់ស្ពានផ្លូវដែលខូចខាត នេះសិនទៅ ព្រោះគម្រោងនៃការជួសជុល ផ្លូវ និងស្ពានទាំងនោះបានស្នើទៅថ្នាក់ខេត្ដរួចហើយ ប៉ុន្ដែថ្នាក់លើនៅមិនទាន់ឲ្យដឹងនៅឡើយទេ៕ម គ
រថយន្តដឹកអ្នកដំណើរ និងទំនិញបានឆ្លងកាត់ទាំងប្រថុយប្រថាន ស្ពានបេតុង