ភ្នំពេញ៖ យោងតាម RFA បានឲ្យដឹងថា ប៉ូលិសកម្ពុជាកំពុងសហការជាមួយប៉ូលិសអន្តរជាតិ ដែលគេស្គាល់ថា ប៉ូលិសអាំងទែប៉ូល (Police Interpole) ដើម្បីតាមចាប់ខ្លួនលោកឧកញ៉ា ថោង សារ៉ាត់។វិធានការថ្មីនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចអះអាងថា បានតម្រុយពីទីកន្លែងលាក់ខ្លួនរបស់លោកឧកញ៉ាម្ចាស់ក្រុមហ៊ុនសំណង់ ៩៩៩ ដែលកំពុងរត់គេចខ្លួនពីការតាមចាប់ក្នុងសំណុំរឿងបាញ់សម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ។
នេះជាជំហានថ្មីមួយទៀតរបស់ប៉ូលិសកម្ពុជា ក្នុងប្រតិបត្តិការតាមចាប់ខ្លួនលោកឧកញ៉ា ថោង សារ៉ាត់ ដើម្បីបញ្ជូនខ្លួនមកតុលាការ។ ការបង្ហើបឲ្យដឹងដូចនេះ បន្ទាប់ពីក្រុមសមត្ថកិច្ចចម្រុះចុះទៅឆែកឆេរដល់ភូមិគ្រឹះចំនួន ៣ទីតាំងរបស់ឧកញ៉ា ថោង សារ៉ាត់។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅរយៈពេលប៉ុន្មានថ្ងៃនេះ ប៉ូលិសកម្ពុជាបានចាប់ផ្ដើមសហការជា មួយប៉ូលិសអន្តរជាតិអាំងទែប៉ូល បន្ថែមលើការសហការជាមួយប៉ូលិសក្នុង ប្រទេសក្បែរខាងកម្ពុជា។ លោកថា ការតាមចាប់ខ្លួនលោកឧកញ៉ា ថោង សារ៉ាត់ គឺចាំបាច់ណាស់ត្រូវមានការសហការជាមួយប៉ូលិសអន្តរជាតិអាំងទែប៉ូល ហើយប៉ូលិសអន្តរជាតិនៃស្ថាប័ននេះ ក៏បានឆ្លើយតបចំពោះសំណើរបស់កម្ពុជា ដែរ៖ «សមត្ថកិច្ចរបស់ប្រទេស នីមួយៗ បើគ្មានកិច្ចសហការជាមួយប៉ូលិសអាំងទែប៉ូលទេ ធ្វើអីមិនកើតទេ ណាមួយយើងជាសមាជិកអាំងទែប៉ូលផង»។
គួររំលឹកថា កាលពីថ្ងៃទី១១ ខែធ្នូ ប៉ូលិសកម្ពុជា បានបញ្ជូនដីកាស្វែងរកចាប់ខ្លួនលោកឧកញ៉ា ថោង សារ៉ាត់ ទៅអាជ្ញាធរប្រទេសវៀតណាម និងប្រទេសជិតខាងកម្ពុជា ដើម្បីសុំកិច្ចសហការក្នុងការចាប់ខ្លួនបញ្ជូនជនសង្ស័យមកកម្ពុជា ផ្ដន្ទាទោសតាមច្បាប់។
RFA បន្តថា ដូចគ្នានេះដែរ លោកឧត្តមសេនីយ៍ ម៉ក់ ជីតូ ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃក្រសួងមហាផ្ទៃ ថ្លែងឲ្យដឹងដែរថា ប៉ូលិសរបស់ប្រទេសវៀតណាម បានឆ្លើយតបចំពោះការស្នើសុំកិច្ចសហការពីប៉ូលិសកម្ពុជា ហើយ។ ប៉ុន្តែលោកមិនទាន់អះអាងថា នឹងចាប់ខ្លួន លោក ថោង សារ៉ាត់ បាននៅពេលណានោះទេ៖ «កំពុងតែស្រាវជ្រាវ! ធម្មតាទេយើងតែដាក់ស្នើសុំចឹងទៅ គេសហការជាមួយយើងហើយ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែធ្នូ សមត្ថកិច្ចចម្រុះចុះទៅឆែកឆេរដល់ភូមិគ្រឹះចំនួន ៣ទីតាំងរបស់ឧកញ៉ា ថោង សារ៉ាត់។ កាសែតក្នុងស្រុករាយការណ៍ថា សមត្ថកិច្ចបានដកហូតយកក្បាលកាមេរ៉ាសុវត្ថិភាព និងម៉ាស៊ីនផ្ដិតក្រយៅដៃ កាំភ្លើងខ្លីម៉ាករ៉ូឡូមួយដើម និងវត្ថុតាងមួយចំនួនទៀត និងបានកោះហៅមេការម្នាក់នៃបុរី៩៩៩ មកសាកសួរ។ លោ ថោង សារ៉ាត់ ត្រូវបានគេសង្ស័យថា ជាមេខ្លោងនៅពីក្រោយនៃការបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ។ ទាក់ទងសំណុំរឿងនេះ តុលាការបានចាប់ខ្លួនឃុំខ្លួនមនុស្ស ៦នាក់ ក្នុងនោះរួមមាន ឪពុកម្តាយ លោក ថោង សារ៉ាត់ និងអង្គរក្ស ៤នាក់ ដែលមានម្នាក់បានឆ្លើយថា ខ្លួនជាអ្នកបាញ់សម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ រំពឹងថា សមត្ថកិច្ចនឹងចាប់ខ្លួន លោកឧកញ៉ា ថោង សារ៉ាត់ បានក្នុងពេលខាងមុខដ៏ខ្លី។ លោកថា នៅពេលចាប់ខ្លួនលោកឧកញ៉ា ថោង សារ៉ាត់ បាន ប៉ូលិសនឹងធ្វើសន្និសីទកាសែតជាសាធារណៈ ឲ្យសាធារណជនបានដឹងរឿងក្តីឲ្យបានស៊ីជម្រៅ៕