ភ្នំពេញ៖ កិច្ចពិភាក្សាអំពីការប្រឈមរបស់អ្នកកាសែតកម្ពុជានៅសណ្ឋាគារសាន់វ៉េ (Sunway Hotel) កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ នេះ និពន្ធនាយក ការីនិពន្ធ និងតំណាងស្ថាប័នសារព័ត៌មាន និងទូរទស្សន៍ប្រមាណ ៧០នាក់ បានជួបជុំគ្នាដើម្បីពិភាក្សាអំពីការប្រឈមរបស់អ្នកកាសែតកម្ពុជា លើបញ្ហាផ្សាយព័ត៌មាន និងការរកចំណូលពីការផ្សាយពាណិជ្ជកម្ម។
តំណាងអង្គភាពសារព័ត៌មានមួយចំនួនបានលើកឡើងថា ការលំបាកបច្ចុប្បន្នរបស់អ្នកកាសែតកម្ពុជា គឺស្ថានភាពសីលធម៌អ្នកកាសែតកម្ពុជា កំពុងធ្លាក់ចុះ របៀបធ្វើការងារចាស់មិនផ្លាស់ប្ដូរឲ្យទាន់សម័យ ជឿនលឿន ការបណ្តុះបណ្តាលមានតិចតួច មានការគាបសង្កត់ពីក្រុមហ៊ុនផ្សាយពាណិជ្ជកម្មមកលើអ្នកកាសែតមិនឲ្យសរសេរការពិតអំពីខ្លួន។
លើសពីនេះ អ្នកកាសែតមានប្រាក់បៀវត្សរ៍ទាប មានការលួចចម្លងអត្ថបទដោយសេរី គ្មានការខ្លាចញញើត ការរីកចម្រើនព័ត៌មានតាមប្រព័ន្ធឌីហ្សីតាល់ (Digital) ធ្វើឲ្យមានការប្រណាំងប្រជែងខ្លាំងជាដើម។
បញ្ហាប្រាក់បៀវត្សរ៍ទាប ប៉ះពាល់ជាខ្លាំងដល់ជីវភាព និងការបំពេញការងាររបស់អ្នកកាសែត។ ដូច្នេះ ពួកគេរួមគ្នាចង់បង្កើតសហជីពសារព័ត៌មានមួយ ដើម្បីជួយតវ៉ារឿងប្រាក់ខែឲ្យអ្នកកាសែតបានចំណូលគ្រប់គ្រាន់ ចិញ្ចឹមជីវិត និងបំពេញការងារបានល្អត្រឹមត្រូវតាមវិជ្ជាជីវៈ។
លោក ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលចូលរួមជាអធិបតី បានគាំទ្រអ្នកកាសែតក្នុងការបង្កើតសហជីពតវ៉ាឡើងប្រាក់ខែ លើកកម្ពស់ជីវភាពរស់នៅ និងសន្យាប្រមូលយកការលំបាក ដែលវេទិកានិពន្ធនាយកលើកទី១១ លើកឡើង យកទៅដាក់ក្នុងរបាយការណ៍ក្រសួងព័ត៌មាន ជាផ្លូវការ ដើម្បីក្រសួងជួយរកវិធីដោះស្រាយការលំបាករបស់អ្នកកាសែត៕