ភ្នំពេញ៖ ស្ថានភាពនាំចេញអង្ករកម្ពុជាប្រចាំខែមករា ដើមឆ្នាំ២០១៥ ទៅកាន់ទីផ្សារ អន្តរជាតិបានប្រមាណ៣៥.៩២១តោន គឺបានកើនលើសចំនួន១៤.៣៨៥តោន បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៤។
តាមរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករបានឱ្យដឹងថា ក្នុងនោះមានប្រភេទអង្ករក្រអូប អង្ករក្រអូបនាងម្លិស អង្ករក្រអូបសូមាលី អង្ករក្រអូបផ្កាម្លិស អង្ករក្រអូបសរីរាង្គ និងអង្ករក្រអូបភ្លឺបានចំនួន ២១.៣០១តោន ។អង្ករចម្រុះគ្រាប់វែង និងអង្ករសប្រណិត បាននាំ ចេញចំនួន១៣.៣១២តោន និងអង្ករចំហុយគ្រាប់វែងចំនួន១.៣០៨ តោន។
គួរជម្រាបថា កម្ពុជាបាននាំអង្ករទៅកាន់ទីផ្សារសមាជិកសហគមន៍ អ៊ឺរ៉ុបមាន ចំនួន១៦ប្រទេស សមាជិកអាស៊ានចំនួន២ប្រទេស និងបណ្តាប្រទេស ផ្សេងៗទៀតចំនួន៩ប្រទេស ហើយ ក្រុមហ៊ុនដែលនាំអង្ករចេញទៅទីផ្សារអន្តរជាតិមានចំនួន៤៧ ក្រុមហ៊ុន។ក្នុងឆ្នាំ២០១៤ កម្ពុជាបាននាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិ បានចំនួន៣៨៧.០៦១តោន៕