ព្រះវិហារៈ ពលរដ្ឋខ្មែរ ៣ នាក់ ទៀតបានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ដោយសារទាហានថៃបាញ់កាលពីសប្តាហ៍មុន នៅតាមច្រកដំណាក់ទឹក ក្នុងភូមិសាស្ត្រអានសេះ ស្រុកជាំក្សាន្ត ខណៈពួកគេ លួចឆ្លងដែនខុសច្បាប់ ចូលទៅក្នុងទឹកដីថៃ ដើម្បីកាប់ឈើគ្រញូង។
យោងតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ ចុះផ្សាយកាលពីថ្ងៃទី ១០ ខែកុម្ភៈ ដោយ ដកស្រង់សម្តីប្រធាននាយកដ្ឋានកណ្តាលព្រំដែន ក្រសួងមហាផ្ទៃ លោក ហ៊ូ សាគុណ ផ្អែកលើសម្តីរបស់ជនរងគ្រោះ ដែលរងរបួសធ្ងន់ និងគេចខ្លួនរួចនោះ បានឲ្យដឹងថា កាលពីថ្ងៃទី៣ខែកុម្ភៈ ពួកគេមួយក្រុមមានគ្នា ៤ នាក់ បានឆ្លងដែនទៅប្រទេសថៃ ដើម្បីកាប់ឈើគ្រញូង នៅភូមិសាស្ត្រស្រុកណាំយឺនខេត្តអ៊ូប៊ុនក្រោយមកនៅថ្ងៃទី ៥ ខែកុម្ភៈ ត្រូវបានទាហានថៃប្រទះឃើញ រួចបានបាញ់ទៅលើពួកគេ ក្នុងនោះបានបណ្តាលឲ្យពលរដ្ឋកម្ពុជា ៣នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។
លោក ហ៊ូ សាគុណ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា សាកសពទាំងនោះ គណៈកម្មាធិការព្រំដែននៅច្រកអានសេះ រួមទាំងក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់នោះកំពុងធ្វើលិខិតស្នើ សុំសាកសពពីភាគីថៃ ដើម្បីយកមកធ្វើបុណ្យតាមប្រពៃណី៖ «ខាងទំនាក់ទំនងព្រំដែន បានបម្រុងនឹងស្នើសុំទៅភាគីថៃហើយ»។
បើតាមលោក ឈិន ស្នា ប្រធានក្រុមការងារទំនាក់ទំនងខ្មែរ ថៃ ច្រកអានសេះបានឲ្យដឹងថា ពួកគេ ពិតជាបានលួចចូលតាមច្រកអានសេះនេះពិតមែន ប៉ុន្តែហេតុការណ៍បាញ់សម្លាប់នោះ គឺបានកើតឡើងនៅស្រុកណាំឃុន ខេត្តស៊ីសាកេតប្រទេសថៃ ចំណែកសេចក្តីរាយការណ៍រឿងនេះ គឺសមត្ថកិច្ចទើបទទួលបានថ្មីៗនេះ ព្រោះជនរងគ្រោះដែលរងរបួសធ្ងន់ និងគេចរួចនោះ ទើបរាយការណ៍ដល់សមត្ថកិច្ច។
លោកថា៖ «ខ្ញុំឈរជើងនៅច្រកអានសេះនេះ ២៤ម៉ោង តែមិនបានដឹងរឿងនេះភ្លាមៗទេ ដោយសារវាកើតឡើងនៅខេត្តស៊ីសាកេតហើយមកទល់ពេលនេះ សាកសពអាចនឹងរលួយអស់ហើយ តែប្រហែលជានឹងមានក្រុមការងារស្នើសុំយកសពនោះមកវិញ»។
លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត បានថ្លែងកាលពីម្សិលមិញថា ជនរងគ្រោះ បានរាយការណ៍ព័ត៌មាននេះទៅកាន់ទីភ្នាក់ងារព័ត៌មានមិនបានរាយការណ៍មក អាជ្ញាធរ ឲ្យបានដឹងជាមុននោះទេ។
តាមរបាយការណ៍របស់ប៉ូលិស បុរសទាំង៣នាក់ ដែលទាហានថៃបាញ់ស្លាប់ រួមមានឈ្មោះ គឹត យ៉េត អាយុ ៣៤ ឆ្នាំ មកពីខេត្តព្រះវិហារ កឿ រីណា អាយុ ៣៤ឆ្នាំ មកពីខេត្តកំពង់ស្ពឺ និងឈ្មោះ ថា អាយុ ៣២ឆ្នាំ មកពីខេត្តកំពត។ ចំណែក បុរសដែលរបួសធ្ងន់នោះ ឈ្មោះ កូវ បៀ អាយុ ៣៣ឆ្នាំ រស់នៅខេត្តព្រះវិហារ បច្ចុប្បន្ន ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប។
មិនអាចសុំការបំភ្លឺពីជនរងគ្រោះ កូវ បៀ ឬក្រុមគ្រួសារបានទេ។ អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង បានឲ្យដឹងថា លោកបានឮព័ត៌មាននេះហើយកំពុងទំនាក់ទំនងជាមួយកុងស៊ុលកម្ពុជា ប្រចាំប្រទេសថៃ ដើម្បីបញ្ជាក់ពីការពិត និងសិក្សាពីដើមហេតុនៃរឿងនេះ មុននឹងពិចារណាលើវិធានការផ្លូវច្បាប់ ដែលនឹងត្រូវធ្វើឡើង។
លោកថា៖ «យើងត្រូវពិនិត្យមើលដើមហេតុសិនថាតើកើតឡើងដោយរបៀបណា ព្រោះពាក្យថា បាញ់ស្លាប់ ពេលខ្លះ មិនមែនជាកំហុសអ្នកបាញ់ទាំងស្រុងទេ កន្លងមកអ្នកបាញ់ គេតែងនិយាយថា គេបាញ់ដើម្បីការពារខ្លួនគេដែរ បើគេនិយាយអ៊ីចឹង អាចមានន័យថា ជនរងគ្រោះអាចមានអាវុធ បានគេបាញ់ការពារខ្លួន»។
មន្ក្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្ត ព្រះវិហារ លោក ឡោ ចាន់ បានដឹងថា ចរាចរទិញ លក់ឈើប្រណីតនៅតែបន្តកើតមានជាហូរហែ ដែលជាកត្តានាំឲ្យពលរដ្ឋខ្មែរ ហ៊ានប្រឈមគ្រោះថ្នាក់ លួចចូលទៅថៃ ដើម្បីកាប់ឈើលក់។ «ពេលខ្លះអ្នកដែលចូលទៅនោះ អាចមានសំណាងត្រឡប់មកវិញលក់ឈើល្អបានប្រាក់ច្រើន តែខ្លះទៀត ត្រូវក្រុមទាហានថៃឈុតខ្មៅ ឲ្យតែឃើញគឺបាញ់សម្លាប់តែម្តង»។
ក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការ ទ្វេភាគីកម្ពុជា ថៃលើកទី៩កាលពីថ្ងៃទី ៦ ខែមករាភាគីថៃបានយល់ព្រមជាថ្មីទៀតឈប់ប្រើអាវុធបាញ់ប្រហារពលរដ្ឋ ខ្មែរ ប៉ុន្តែការសន្យានេះគេមិនឃើញភាគីថៃយកទៅអនុវត្តទេ៕ postkhmer
ពលរដ្ឋខ្មែរក្នុងខេត្តឧត្តរមានជ័យ ចូលទៅកាប់ឈើនៅថៃ ពីឆ្នាំមុន