មិន​ញ៉ាំ​អាហារ​ពេលព្រឹក អាច​បង្ក​ឲ្យ​មាន​បញ្ហា​ធំៗ​៤​យ៉ាង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 February, 2015 ក+ ក-

មនុស្ស​ជាច្រើន បាន​មើលរំលង​ផល ប្រយោជន៍​នៃ​ការទទួល​អាហារ​ពេល ព្រឹក ដោយសារ​ប្រញាប់​ចូលធ្វើការឬ​ដល់​ម៉ោង​ចូលរៀន​ជាដើម​។ តាមពិតទៅ អាហារ​ពេលព្រឹក​ត្រូវបាន​គេ​ចាត់ទុកថា អាហារ​សំខាន់បំផុត​ក្នុងចំណោម​របប​អាហារ​ប្រចាំថ្ងៃ​ប្រសិនបើ​អ្នក ទម្លាប់​មិន​ទទួលទាន​អាហារ​ពេលព្រឹក វា​នឹង​បង្ក​ផល ប៉ះពាល់ ៤​យ៉ាងដូច​ខាងក្រោម​នេះ​៖​។

១. កង្វះ​អាហារូបត្ថម្ភ​ដល់​រាងកាយ​
​ការមិន​ទទួលទាន​អាហារ​ពេលព្រឹក ឬ​ជ្រើសរើស​អាហារ​ដែល​មិន​សមប្រកប នឹង​នាំ​ឲ្យ​សារធាតុចិញ្ចឹម​មានការ​ថយចុះ​។ របប​អាហារ​ពេលព្រឹក​ត្រឹមត្រូវ អាច​ផ្ដល់​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ដល់​រាងកាយ និង​ច្រើនជាង​របប​អាហារ​ពេល​ផ្សេងទៀត​។ នេះ​មិនមែន​មានន័យថា គួរ​ទទួលទាន​អាហារ​ពេលព្រឹក​ឲ្យ​បាន​ច្រើន រួច​រំលង​អាហារ​ពេល​ថ្ងៃ​ទេ​។ អ្នកវិទ្យាសាស្ត្រ​ធ្លាប់បាន​ណែនាំ​ថា គួរ​ទទួលទាន​អាហារ​ច្រើនដង​ក្នុង​បរិមាណ​តិច ប្រសើរ​ជាង​ទទួល​តិច​ដង​ក្នុង​បរិមាណ​ច្រើន​។​

២. ចុះខ្សោយ​សមត្ថភាព​ខួរក្បាល​
​ការមើលរំលង​អាហារ​ពេលព្រឹក ក៏​អាចធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​សមត្ថភាព​ខួរក្បាល​ដែរ​។ មានន័យថា ពេលធ្វើការ ឬ​រៀនសូត្រ លោកអ្នក​នឹងមាន​ភាព​ស្ត្រេ​ស គិត​អ្វី​មិន​ចេញ ពិបាក​ក្នុងការ​បំពេញភារកិច្ច​ទាំងឡាយ​។ បើតាម​ការសិក្សា​មួយ ទៅលើ​សិស្ស​បឋមសិក្សា ៩៧​នាក់ បាន​បង្ហាញថា ១​ភាគ​៣ ដែល​មិន​ទទួលទាន​អាហារ​ពេលព្រឹក​គ្រប់គ្រាន់ បាន​ជួប​បញ្ហា​រៀន​ខ្សោយ ចំណាត់ថ្នាក់​មិនល្អ និង​មក​រៀន​យឺតយ៉ាវ បើ​ប្រៀបធៀប​ទៅនឹង​សិស្ស​ផ្សេងទៀត​ដែល​បានទទួល​ទាន​អាហារ​ពេលព្រឹក គ្រប់គ្រាន់​។ បន្ទាប់ពី​ផ្ដល់​អាហារ​ពេលព្រឹក​ឲ្យ​ពួកគេ​គ្រប់គ្រាន់ រយៈពេល ៦​ខែ​រួចមក សិស្ស​ទាំងនោះ​ចាប់ផ្ដើម​រីកចម្រើន​ទាំង​ពិន្ទុ​ក្នុង​មុខវិជ្ជា គណិតវិទ្យា ការរៀនសូត្រ និង​វត្តមាន​។​

៣. ចុះខ្សោយ​ថាមពល​រាងកាយ និង​អារម្មណ៍មិនល្អ​
​អាហារ​ពេលព្រឹក អាច​ផ្ដល់​ឲ្យ​អ្នក​នូវ​ថាមពល និង​កម្លាំង​សម្រាប់​ចាប់ផ្ដើម​ប្រកប​កិច្ចការ​នានា​នៅ​ថ្ងៃ​ថ្មី​។ ប្រសិនបើ​អ្នក រំលង​ចោល​អាហារ​ពេលព្រឹក វា​នឹង​កាត់បន្ថយ​ថាមពល​រាងកាយ ឯ​អារម្មណ៍​ក៏​ខុស​ប្រក្រតី​ទៅតាម​នោះដែរ​។ សាក​គិត​មើល យ៉ាងយូរបំផុត​អ្នក​ទទួលទាន​អាហារ​ពេលយប់​ត្រឹម​ម៉ោង ១០​ប៉ុណ្ណោះ​។ ប្រសិនបើ​គិតដល់​ព្រឹក​ម៉ោង ៧​វិញ យ៉ាងហោចណាស់​ក៏ ៩​ម៉ោង​ដែរ​។ ដូចនេះ បើ​លោកអ្នក​មិន​ទទួលទាន​អាហារ​ពេលព្រឹក​ទៀត រហូតដល់​ម៉ោង​១១ លោកអ្នក​នឹង​អត់​អាហារ​រយៈពេល​ដល់​ទៅ​ជាង ១០​ម៉ោង​ឯណោះ ដែល​ធ្វើ​ឲ្យ​រាងកាយ​ចុះខ្សោយ ព្រោះ​គ្មាន​សារធាតុចិញ្ចឹម​ចូលខ្លួន​រយៈពេល​យូរ​។​

៤. ឡើង​ទម្ងន់​
​មនុស្ស​មួយចំនួន​បានគិត​ខុស​ថា ការមិន​ទទួលទាន​អាហារ​ពេលព្រឹក អាចធ្វើ​ឲ្យ​ស្រក​ទម្ងន់​។ នេះ​មិនមែនជា​រឿង​ត្រឹមត្រូវ​ទេ ព្រោះ​ការ​រំលង​អាហារ​ពេលព្រឹក នឹងធ្វើ​ឲ្យ​ឡើង​ទម្ងន់​ជាង​អ្នកទទួល​ជាប្រចាំ​ទៅវិញ​។ អ្នក​បោះបង់ចោល​អាហារ​ពេលព្រឹក នឹង​ទទួលទាន​អាហារ​ពេល​ថ្ងៃ ឬ​ពេល​ផ្សេង ច្រើនជាង​ធម្មតា​នៅពេល​ឃ្លាន​។ ដូចនេះ បើទោះជា​អ្នក​មិន​ឃ្លាន​ក៏ដោយ ក៏ត្រូវ​ទទួលទាន​អាហារសម្រន់​ខ្លះ ដូចជា​ផ្លែឈើ ទឹកដោះគោ​ជូរ ឬ​នំប៉័ង​ជាដើម ដើម្បី​ទ្រាប់​ពោះ​កុំ​ឲ្យ​ទទេ​សោះ​។

ក្រៅពី​ផលប៉ះពាល់​ទាំង ៤​ខាងលើ ការមិន​ទទួលទាន​អាហារ​ពេលព្រឹក នឹងធ្វើ​ឲ្យ​កើនឡើង​នូវ​កម្រិត​ជាតិ​ស្ករ ដែល​អាច​នាំ​ឲ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​។ លើសពីនេះ វា​ក៏​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ក្រពះ ប៉ះពាល់​ដល់​ការដកដង្ហើម និង​របប​អាហារ​លែង​ទៀងទាត់​ជាដើម​៕

mn59