ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានឲ្យដឹងនៅថ្ងៃទី០៩ខែកញ្ញានេះថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទី១ នៃរដ្ឋសភាជ្រើសរើសយកបណ្ឌិតផ្នែកច្បាប់ចំនួន ៣រូប មកធ្វើជាទីប្រឹក្សាច្បាប់។
ប្រភពព័ត៌មានបានឲ្យដឹងថា បណ្ឌិតច្បាប់ទាំង ៣នាក់ដែលលោក កឹម សុខា ជ្រើសរើសយកមកធ្វើជាទីប្រឹក្សានោះគឺលោក សាយ បូរី បណ្ឌិតរដ្ឋបាល និងបច្ចុប្បន្នជាទីប្រឹក្សាផ្ទាល់របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកស សូវាន បណ្ឌិតច្បាប់ឯកជន និងជាអតីតមេធាវីការពារក្តីឲ្យលោកខៀវ សំផន អតីតមេដឹកនាំខ្មែរក្រហម និងលោកទិត្យ ហួន ជាបណ្ឌិតរដ្ឋច្បាប់សាធារណៈ។
ប្រភពបន្តឲ្យដឹងថា នៅមានមនុស្សមួយចំនួនទៀត ដែលលោក កឹម សុខា ត្រូវជ្រើសរើសយកមកធ្វើជាទីប្រឹក្សាដោយមានចំនួនដាក់នៅក្នុងគណៈកម្មការជំនាញទាំង១០ នៅក្នុងរដ្ឋសភា និងដាក់នៅតាមក្រសួងទាំង ២៨។ ចំពោះឈ្មោះទីប្រឹក្សាដែលលោក កឹម សុខា ជ្រើសរើសបានគ្រប់ចំនួននោះ នឹងត្រូវដាក់ជូនលោក ហេង សំរិន ប្រធានរដ្ឋសភាពិនិត្យ និងសម្រេច។
លោក ស សូវាន បានឲ្យដឹងថា លោក កឹម សុខា បានស្នើមកលោកមែនឲ្យធ្វើជាទីប្រឹក្សារដ្ឋសភា ហើយចំពោះការស្នើនេះ លោកមិនយល់ទាស់ទេ បើគេត្រូវការហើយនោះ ហើយលោកមានការសប្បាយចិត្ត។ ប៉ុន្តែគេគ្រាន់តែគំរោងជ្រើសរើសយករូបលោក មិនទាន់ចេញបែបបទអ្វីជាផ្លូវការទេ ហើយលោកមិនគិតរឿងប្រាក់ខែទេ។
លោកបណ្ឌិត សាយ បូរី និងលោកបណ្ឌិត ទិត្យ ហួន មិនអាចស្វែងរកការទំនាក់ទំនងបានទេ នៅក្នុងថ្ងៃនេះ។
លោកបានបញ្ជាក់ថា “ហើយបើគេត្រូវការយើងៗត្រូវតែបញ្ចេញ ហើយទីប្រឹក្សារដ្ឋសភាវាសម្បើមណាស់តួនាទី តែកុំភ្លេច បើប្រើខ្ញុំខុសច្បាប់ ខ្ញុំអត់ធ្វើទេ ឲ្យខ្ញុំធ្វើច្បាប់ខុស ខ្ញុំអត់ធ្វើទេ…”៕ លោកសាយ បូរី បណ្ឌិតរដ្ឋបាល