យោងតាមគេហទំព័រ bangkokpost,បានបង្ហាញនូវ រូបភាព១សន្លឹកឲ្យឃើញព្រះសង្ឃវ័យចាស់វស្សា១អង្គកំពុងចារប្រសិទ្ធីនៅលើសុដន់មនុស្សស្រីម្នាក់ ដែលកំពុងត្រូវគេរិះគន់យ៉ាងខ្លាំងក្លាពីសាធារណមតិថៃ ព្រោះផ្ទុយពីធម៌វិន័យព្រះពុទ្ធសាសនាដែលព្រះសង្ឃមិនត្រូវបានអនុញ្ញាតឲ្យប៉ះពាល់ស្ត្រីភេទឡើយ ។
ប៉ុន្តែយ៉ាងណាមិញ រឿងរ៉ាវដែលកើតឡើងបង្ករលករញ្ជួយពេញពិភពអនឡាញ កាលពីថ្ងៃអាទិត្យកន្លងមកនេះ គឺមានមនុស្សម្នាក់ដែលអះអាងថាជាអ្នកក្នុងរូបថត ដែលចូលរួមក្នុងពិធីបញ្ចុះមន្តស្នេហ៍នេះ បញ្ចេញ Comment ថាៈ “ខ្ញុំគឺជាខ្ទើយម្នាក់ ដែលមិនបានទទួលការវះកាត់ប្តូរភេទទេ ។ ដើមទ្រូងរបស់ខ្ញុំមើលទៅធំជាងធម្មតា ព្រោះខ្ញុំកំពុងលេបថ្នាំពន្យារកំណើត” ។
អ្នកដែលអះអាងថាជាខ្ទើយរូបនោះឲ្យដឹងទៀតថា រូបគេ និងគ្រួសាររបស់គេ បាននិមន្តព្រះសង្ឃល្បីឈ្មោះ១អង្គ ក្នុងខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា ទៅកាន់ផ្ទះរបស់ពួករបស់ពួកគេ ក្នុងទីក្រុងបាងកក កាលពីថ្ងៃទី ២៣ កុម្ភៈ ។ ពួកគេបានស្នើព្រះសង្ឃនោះ ដែលនិមន្តជាមួយមនុស្សជំនិតជាច្រើននាក់ ដើម្បីអនុវត្តពិធីពិសេសនេះឲ្យពួកគេ ។ ពួកបុរសដែលបានចូលរួម ទទួលភារៈកិច្ចដោះអាវពួកគេ និងអនុញ្ញាតឲ្យព្រះសង្ឃនោះ “ចារ” អក្សរបាលីលើរាងកាយពួកគេ ។
ខ្ទើយមិនស្គាល់អត្តសញ្ញាណរូបនោះ បានបន្ថែមថា រូបភាពដែលបានបែកធ្លាយនេះ បានធ្វើឲ្យខ្ញុំមិនសប្បាយចិត្ត និងមានការខ្មាសអៀនបំផុត ។ សំខាន់ទៀតនោះ គឺវាបានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះព្រះសង្ឃអង្គនេះផងដែរបើសិនជាគេមិនបានដឹងច្បាស់ថាគេជាប្រភេទទី៣នោះ ៕