ភរិយា​អ្នកទោស​បីនាក់​អះអាងថា​ចាញ់បោក​អតីតមន្ត្រី​តុលាការ​ខេត្ត កំពត​ជិត​២​ម៉ឺន​ដុល្លារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 March, 2015 ក+ ក-

កំ​ព​ត៖ ភរិយា​អ្នកទោស​បីនាក់​នៅ​ភូមិ​ចម្ការ​កោះ ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពតបាន​ចាញ់បោក​អតីតមន្ត្រី​តុលាការ​ខេត្តកំពត អស់ប្រាក់​ជិត ២​ម៉ឺន​ដុល្លារ ជា​ថ្នូរ​នឹង​ការកាត់ក្ដី​ឲ្យ​ប្ដី​របស់​ពួកគាត់​ឲ្យ​រួច​ទោស តែ​មិនបាន​សម្រេច ក៏​ប្ដឹង​បក​ទៅ​មន្ត្រី​តុលាការ​ទាំងនោះ ដើម្បី​ទារប្រាក់​មកវិញ​។​

​ភរិយា​អ្នកទោស​បីនាក់​នោះ​អះអាងថា ពួកគាត់​បាន​លក់​គោក្របី​ដីស្រែ​ចម្ការ ខ្លះ​ខ្ចីប្រាក់​ធនាគារ ដើម្បី​ប្រមូលប្រាក់​ក្នុង​ម្នាក់ៗ​ឲ្យ​បាន ៦​ពាន់​ដុល្លារ តាម​ការកំណត់​របស់​មន្ត្រី​តុលាការ ដោយ​សង្ឃឹមថា ប្ដី​របស់​ពួកគាត់​ដែល​ជាប់ចោទ​ពីបទ​ទោសឧក្រិដ្ឋ នឹង​អាច​រួចខ្លួន​។​

​អ្នកស្រី អ៊ី សៀវ អាយុ ៤៧​ឆ្នាំ នៅ​ភូមិ​ចម្ការ​កោះ ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត រៀប​រាប់ទាំង​ទឹកភ្នែក​ថា អ្នកស្រី​បាន​លក់​ដីស្រែ​គោក្របី និង​ទ្រព្យសម្បត្តិ​ខ្លះ ហើយ​ខ្ចី​គេ​ផ្សំ​ទម្រាំ​ប្រមូលប្រាក់​បាន​ចំនួន ៦​ពាន់​ដុល្លារ ប្រគល់​ឲ្យ​មន្ត្រី​តុលាការ តែ​ពេល​ប្រគល់​ប្រាក់​ហើយ ប្ដី​គាត់​នៅជាប់​គុក​ដដែល​។​

សព្វថ្ងៃ គ្រួសារ​អ្នកស្រី​រឹតតែ​ធ្លាក់​ដុនដាប​ខ្លាំង​ជាង​មុន ព្រោះ​ទ្រព្យសម្បត្តិ​លុយកាក់​មាន​បន្តិចបន្តួច​ទាំង​ប៉ុន្មាន​ក៏​អស់ ប្ដី​ក៏​ជាប់គុក ចំណែក​ជីវភាព​គ្រួសារ​មិន​ត្រឹមតែ​អត់ឃ្លាន​ទេ តែ​ថែមទាំង​ជំពាក់​បំណុល​គេ​ទៀត​៖ «​ខ្ញុំ​ចាញ់បោក​គេ​អស់ហើយ ខ្ញុំ​ឲ្យ​គេ​អស់ ៦​ពាន់ (​ដុល្លារ​) ឥឡូវ​ឈប់​ហើយ​មិនដឹង​មាន​ស្អី​ទៀត​ទេ កូន​ខ្ញុំ​ធំៗ​អស់ហើយ រកលុយ​ការកូន​មិនឃើញ​ទេ ជួយ​ខ្ញុំ​ផង​»​។​

​ចំណែក អ្នកស្រី ឈុន មុត នៅ​ភូមិ​ជាមួយគ្នា ក៏​ជួប​រឿង​ចាញ់បោក​មន្ត្រី​តុលាការ​ដូចគ្នា​ដែរ​៖ «​ខ្ញុំ ចាញ់បោក​គេ​អស់ហើយ ចាញ់បោក​តា ព្រុំ មុន្នី ហើយ​គាត់​យកលុយ​ពួក​ខ្ញុំ​អស់​ម្នាក់ ៦​ពាន់​ដុល្លារ​។ ឥឡូវ​អស់ហើយ​ចាញ់បោក​គេ ឥឡូវ​ប្ដី​ក៏​នៅជាប់ ខ្ញុំ​គ្មាន​អី​ទីពឹង​ទេ ឥឡូវ​គេ​ចោទ​រឿង​ឃាតកម្ម គេ​ថា​រួច​បាន ខ្ញុំ​ខំ​ឲ្យ​លុយ​គេ លក់​ស្រែ​លក់​ក្របី ទ្រព្យ​របស់​អី​លក់​អស់ហើយ យកទៅ​ឲ្យ​គេ ធ្វើបាប​ពួក​ខ្ញុំ​ទាល់​អស់រលីង សល់​បន្តិចបន្តួច​គ្រាន់​ចិញ្ចឹម​កូន​ហ្នឹង ប្ដី​ក៏​ជាប់ ប្រពន្ធរ​កអី​បាន ជីវិត​ខ្ញុំ​ធ្វើ​កន្ត្រក​ចិញ្ចឹម​កូន​ទិញ​ត្រី​ហូប​»​។​

​បើតាម​មន្ត្រី​សិទ្ធិមនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្តកំពត លោក យឹម ផល្លី ដែល​បាន​ចុះទៅ​ដល់ផ្ទះ​ភរិយា​អ្នកទោស​ទាំងបី​នាក់​នៅពេល​ថ្មីៗ​នេះ ដើម្បី​ជួយ​អន្តរាគមន៍​ផ្នែក​ច្បាប់​នោះ បញ្ជាក់ថា ពួកគាត់​បាន​ចាញ់បោក​មន្ត្រី​តុលាការ​តាំងពី​ឆ្នាំ​២០១៤ មក​។​

​ចំណែក​មន្ត្រី​ស៊ើបអង្កេត​អង្គការ​លីកាដូ លោក ម៉ម កេ​សី ឲ្យ​ដឹងថា ស្ត្រី​ទាំងបី​នាក់​នោះ​ជា​ភរិយា​អ្នកទោស​ឈ្មោះ ស្ងួន ញឿ​ន ណាំ វ​ន្នី និង​ឈ្មោះ រុន​។ អ្នក​ទាំងបី​នាក់​នៅ​ភូមិ​ជាមួយគ្នា នៅ​ភូមិ​ចម្ការ​កោះ ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច​។ លោក​ថា ភរិយា​អ្នកទោស​ទាំងបី​នាក់​នោះ បានប្រគល់​លុយ​សរុប​ចំនួន ១​ម៉ឺន ៨​ពាន់​ដុល្លារ ឲ្យ​អតីតមន្ត្រី​ក្រឡាបញ្ជី​តុលាការ​ខេត្តកំពត ម្នាក់ និង​មេធាវី​ម្នាក់ទៀត​ជា​អ្នក​រួមគំនិត​។​
​តែ​លោ​កថា អតីតមន្ត្រី​តុលាការ​ទាំងនោះ បាន​សង​ប្រា​ក់មក​ឲ្យ​ភរិយា​អ្នកទោស​បាន ៤​ពាន់​ដុល្លារ​វិញ​ហើយ បន្ទាប់ពី​គ្រួសារ​អ្នកទោស​បាន​ប្ដឹង​ឲ្យ​សង​ប្រាក់​នោះមក​វិញ​កាលពី ពេល​ថ្មីៗ​នេះ​។​

​ភរិយា​អ្នកទោស​ទាំង ៣​នាក់​នោះ បាន​អំពាវនាវ​ឲ្យ​តុលាការ​ខេត្តកំពត ព​ន្លឿ​ន​រឿងក្ដី​នេះ​ឲ្យ​បាន​ឆាប់​ជាទីបំផុត ដើម្បី​យកប្រាក់​នោះមក​ចិញ្ចឹម​កូនកំព្រា​ដែល​កំពុង​រងទុក្ខវេទនា​។​

មិនអាច​ទាក់ទង​អតីតមន្ត្រី​តុលាការ​ទាំងពីរ​រូបនោះ​បានទេ តែ​ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តកំពត លោក គឹម សំលេង ដែល​កាន់​រឿងក្ដី​នេះ​បញ្ជាក់ថា លោក​កំពុងតែ​ដំណើរការ​ក្ដី​នេះហើយ តែ​លោក​មិនអាច​បញ្ជាក់បាន​ថា តើ​នឹង​បើកសវនាការ​នៅពេលណា​នោះទេ ព្រោះថា ភាគី​ចុងចោទ​បាន​សុំ​ពន្យារពេល​មិន​ចូល​ឆ្លើយ​នៅ​តុលាការ​៖ «​បណ្ដឹង ហ្នឹង​ខ្ញុំ​បានទទួល​ហើយ ខ្ញុំ​កោះហៅ​ដើមបណ្ដឹង​មក​បំភ្លឺ ហើយ​គាត់​មាន​ភស្តុតាង​មានអី​ឲ្យ​គាត់​ដាក់​មកហើយ ចំណែក​ជនជាប់សង្ស័យ តុលាការ​បាន​កោះហៅ​តាម​នីតិវិធី​ហើយ តែ​ភាគី​ជនសង្ស័យ​សុំ​ពន្យារពេល​ចូល​ឆ្លើយ​»​។​

​ទាក់ទង​រឿង​ចំណាយ​ប្រាក់​ទៅលើ​មន្ត្រី​តុលាការ រឿងក្ដី​ព្រហ្មទណ្ឌ​នេះ លោក សំ សុ​គង់ ជា​មេធាវី​នៃ​ស្ថាប័ន​ក្រុម​មេធាវី និង​ការពិគ្រោះ​យោបល់​ពាណិជ្ជកម្ម ហៅ​កាត់​ថា ប៊ី​ប៊ី​ស៊ី (BBC) បាន​ក្រើនរំឭក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​ប្រុងប្រយ័ត្ន កុំ​ឲ្យ​ចំណាយ​ប្រាក់​ទៅលើ​មន្ត្រី​តុលាការ នៅពេល​មានរឿង​ក្ដី​ព្រហ្មទណ្ឌ​ដូច​ករណីនេះ ព្រោះថា ភាគី​អ្នកចំណាយ​ប្រាក់​នឹង​អាច​ខាតបង់​ប្រាក់​ដោយ​ឥតប្រយោជន៍ ហើយ​ជួនកាល នឹង​អាច​មានទោស​ពីបទ​សូកប៉ាន់​ទៀតផង​។​

លោក​បាន​រំឭក​ដល់​ប្រជាពលរដ្ឋ​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​ណា​ជួប​រឿង​ដូច​ករណី​មួយ​នេះ គួរ​ចំណាយ​ប្រាក់​លើ​សេវា​ពិគ្រោះ​ផ្នែក​ច្បាប់​វិញ ទើប​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ជាង​៕rfa
image