ខេត្តរតនគិរី៖ កូនចៅរបស់ក្រុមហ៊ុនអានម៉ារឌី ២-៣នាក់ បាន និងកំពុងដើរប្រមូលទិញ និងដឹកជញ្ជូនឈើល្មើសច្បាប់ពីតំបន់ឧទ្យានជាតិវរជ័យ និងតំបន់ព្រៃសហគមន៍ស្ថិតក្នុងព្រំប្រទល់ស្រុកអណ្ដូងមាស និងស្រុកតាវែង ខេត្ដរតនគិរី ជ្រកក្រោមស្លាកក្រុមហ៊ុនព្រៃសម្បទានសេដ្ឋកិច្ចនោះយ៉ាងគគ្រឹកគគ្រេង។
អ្នកឆ្លើយឆ្លងព័ត៌មានបានរាយការណ៍ថា សកម្មភាពនៅទីនោះ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច ជំនាញគ្រប់ស្ថាប័ន ត្រូវទទួលការសូកប៉ាន់ពីក្រុមឈ្មួញល្មើសច្បាប់ ពិសេសអស់លោកជំនាញខាងបរិស្ថានប្រចាំការនៅទីនោះ ក៏ដូចជាប្រធានមន្ទីរបរិស្ថានខេត្ដដែរ ។ការលើកឡើងនេះ ដោយគេសំអាងថា ពួកអស់លោកពិតជាបានឃើញសកម្មភាពល្មើសច្បាប់ដែលគេប្រព្រឹត្តយ៉ាងគគ្រឹកគគ្រេងនៅនឹងភ្នែកស្ទើររាល់ថ្ងៃ ប៉ុន្ដែដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនគេធ្វើជាមិនដឹងមិនឮ។
ប្រភពរាយការណ៍បន្តថា ក្រុមហ៊ុន អានម៉ារឌី កំពុងជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនៅទីនោះ។ បើទោះជាក្រុមហ៊ុន អានម៉ារឌី មានអាជ្ញាប័ណ្ណស្របច្បាប់គ្រប់គ្រងដីព្រៃសម្បទានចំនួន១ម៉ឺនហិកតាយ៉ាងនេះក្តី ប៉ុន្ដែក្រុមហ៊ុននេះត្រូវគេដឹងថា បានឱ្យកូនចៅរបស់ខ្លួនក្នុងនោះមានមេការចំនួន២រូប គឺ ឈ្មោះ លាង និងឈ្មោះ តាំង អេង
ចេញមុខដើរកៀងគរប្រជាពលរដ្ឋដោយជះទឹកលុយឱ្យចូលកាប់ឈើក្នុងព្រៃសហគមន៍ និងតំបន់ ឧទ្យានជាតិវរជ័យ ហើយពួកគេចាំទទួលទិញ គ្រាន់តែប្រើលេសថា ជាឈើល្មើសច្បាប់ដែលប្រមូលបានពីអ្នកចូលកាប់ឈើល្មើសជ្រកក្រោមស្លាកក្រុមហ៊ុន អានម៉ារឌី តែប៉ុណ្ណោះ។
ប្រភពបន្តថា ជាទូទៅការប្រមូលទិញឈើរបស់មេការក្រុមហ៊ុនអានម៉ារឌី គឹជាឈើប្រណីត ដោយគេបង្កប់ពីក្រោមឈើអារលេខ២ ស្របច្បាប់របស់ក្រុមហ៊ុនដើម្បីបំភ័នភ្នែកសមត្ថកិច្ចក្នុងកាដឹកជញ្ជូនយកទៅធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យក្នុងស្រុកអណ្ដូងមាស និងស្រុកតាវែង។
មេគង្គប៉ុស្តិ៍ មិនអាចទាក់ទងសុំការឆ្លើយតបពីឈ្មួញឈ្មោះលាង និង ឈ្មោះ តាំង អេង មេការឱ្យក្រុមហ៊ុន អានម៉ារឌី ក្នុងការប្រមូលទិញឈើខុសច្បាប់បានទេកាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៥ នេះ ។ប៉ុន្ដែកន្លងទៅលោក តាំង អេង ធ្លាប់បានប្រាប់អ្នកកាសែតតាមទូរស័ព្ទថា លោកមិនដឹងមានច្បាប់ ឬអត់ច្បាប់អីទេ អ្នកកាសែត កុំមករវីរវល់ នេះជារឿងរបស់គេ។
ដោយឡែកលោកឧកញ៉ា អាន ម៉ារឌី កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ ពុំបានធ្វើការបកស្រាយរាល់សកម្មភាព ដៃជើងរបស់គាត់ប្រមូលទិញឈើល្មើសច្បាប់ទាំងនេះទេ។តាមទូរស័ព្ទលោកឧកញ៉ា គ្រាន់តែឮថាអ្នកកាសែត ហាក់ដូចជា ជះកំហឹងទល់កំហល់ បំពងដោយសំឡេង ឮៗថា “កុំមករញ៉េរញ៉ៃ ពួកអាក្រុម កាសែត អញមិនចូលចិត្ដពួកអ្ហែងទេ” រួចក៏បិទទូរស័ព្ទតែម្តង៕