មណ្ឌលគិរីះបទល្មើសដឹកឈើប្រណីតទៅលក់នៅស្រុកយួនតាមច្រកដាក់ដាំ ខេត្តមណ្ឌលគិរីនៅតែបន្តកើតមានយ៉ាងពេញបន្ទុកដែលគេដឹងថា អ្នកមានអំណាច និងអ្នកមានលុយដូចជាឈ្មោះ ហ៊ុន ជា និងមេឈ្មួញ លឹម ប៊ុណ្ណា បានប៉ាវផ្តាច់មុខបង្កឲ្យវិនាសដែនព្រៃអភិរក្សជម្រកសត្វ និងឧទ្យានជាតិក្នុងខេត្តមួយនេះស្ទើរលាយសាបសូន្យ។
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា អ្នកមានអំណាច បានជះលុយកេណ្ឌប្រជាពលរដ្ឋឲ្យយកម៉ាស៊ីនត្រង់ស៊ីន័រចូលព្រៃឧទ្យានជាតិមណ្ឌលសីមា និងព្រៃសហគមន៍កាប់ឈើប្រណីតយកទៅលក់ឲ្យពួកគេ។ ក្រោយពីប្រមូលទិញពីប្រជាពលរដ្ឋហើយឈ្មោះហ៊ុន ជា និងលឹម ប៊ុណ្ណា បានដឹកជញ្ជូនតាមរថយន្តគ្រប់ធុនជាជំហរយកទៅលក់នៅស្រុកយួនគ្មានសមត្ថកិច្ចណាទប់ស្កាត់ទ្បើយ។ ឈ្មោះ ហ៊ុន ជា និងលឹម ប៊ុណ្ណា ជាឈ្មួញរកស៊ីឈើដ៏ធំនៅក្នុងខេត្តមណ្ឌលគិរី ហើយដោយមានមន្ត្រីជាន់ខ្ពស់មួយចំនួននៅពីក្រោយខ្នងទើបពួកគេអាចធ្វើអ្វីៗតាមអំពើចិត្ត។ប្រភពបន្តថា លោកអភិបាលខេត្ត ក៏ដូចជាលោកស្នងការខេត្តដែរ ត្រូវបានមជ្ឈដ្ឋានមួយចំនួនដាក់ការចោទប្រកាន់ថា ថ្នាក់ដឹកនាំខេត្តទាំងពីររូបខាងលើនេះមានការពាក់ព័ន្ធនឹងអំពើពុករលួយពីឈ្មួញឈ្មោះ ហ៊ុន ជា និងលឹម ប៊ុណ្ណា ទើបបានជាបណ្តែតបណ្តោយឲ្យមានការបំផ្លាញព្រែឈើយ៉ាងអនាធិបតេយ្យបែបនេះ។
សេចក្តីរាយការណ៍មួយចំនួនបានឲ្យដឹងថា តាមរយៈបរិមាណនៃការដឹកជញ្ជូនឈើទៅលក់នៅស្រុកយួនរបស់ឈ្មោះ ហ៊ុន ជា និងលឹម ប៊ុណ្ណា គឺក្នុងមួយខែៗពួកគេចំណាយលុយយ៉ាងតិចពី២០ទៅ៣០ម៉ឺនដុល្លារ ដើម្បីជាការសម្រួលឲ្យសមត្ថកិច្ចបើកផ្លូវដោយរលូន។ ក្នុងនោះអភិបាលខេត្តមណ្ឌលគិរីឈ្មោះអេង ប៊ុនហៀងនិងមេរដ្ឋបាលព្រៃឈើខេត្តក៏អាចទទួលបានផលប្រយោជន៍យ៉ាង គាប់ចិត្តពីឈ្មួញឈើទាំងពីរនាក់ខាងលើនេះដែរ ទើបពួកគេបណ្តោយឲ្យបទល្មើសកើតទ្បើងតាមអំពើចិត្ត។
មេគងគប៉ុសិ៍ មិនអាចទាក់ទងសុំការពន្យល់ពីលោក អភិបាលខេត្ត និងលោកស្នងការខេត្តបានទេ កាលពីរសៀលថ្ងៃទី១៦ មីនា ម្សិលមិញនេះ ចំណែកមេរដ្ឋបាលព្រៃឈើលោក ឆេង គឹមសុន ក៏មិនអាចទាក់ទងឆ្លើយតបនឹងព័ត៌មានខាងលើនេះបានដែរ ។
មជ្ឈដ្ឋានប្រជាពលរដ្ឋបានអំពាវនាវដល់លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្មនិងលោក ឆេង គឹមសុន មេរដ្ឋបាលព្រៃឈើឲ្យធ្វើការត្រួតពិនិត្យមើលករណីនេះជាបន្ទាន់ផង បើមិនដូច្នេះទេ ឈើប្រណីតក្នុងដែនជម្រកសត្វឧទ្យានជាតិ និងព្រៃសហគមន៍ក្នុងខេត្តមណ្ឌលគិរីនឹងវិនាសសាបសូន្យជាមិនខានឡើយ៕ ខ រ