សហគមន៍​ជនជាតិ​ព្នង​បង្ហាញ​ពី​វិនាសកម្ម​ព្រៃឈើ​នៅ​មណ្ឌលគិរី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 March, 2015 ក+ ក-

មណ្ឌលគិរី​:​សហគមន៍​ជនជាតិ​ព្នង មកពី​ភូមិ​ពូ​គង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បង្ហាញ​ពី​វិនាសកម្ម​ព្រៃឈើ​របស់​សហគមន៍​។ ប្រជា​សហគមន៍​បានចាត់ទុក​ករណីនេះ​ជាការ​បំផ្លាញ​ដោយ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ប៊ិ​ញ ហ្វឿ​ក ក្រចេះ រ៉ាប់​ប៊ឺ​១ (Benh Hoeurk Kratie Rubber 1) ជន​ចំណូល​ថ្មី​មួយចំនួន មន្ត្រីរាជការ និង​អ្នកមាន​លុយ​មានអំណាច​។​

​ប្រជា​សហគមន៍​ភូមិ​ពូ​គង់ ឃុំ​ព្រះ​ស្រែ ឲ្យ​ដឹងថា គិត​មក​ត្រឹម​ដើមឆ្នាំ​២០១៥ នេះ ព្រៃឈើ​ដែល​ស្ថិតក្នុង​ដែន​សហគមន៍​គ្រប់គ្រង​ប្រមាណ​ជា ៨០% នៃ​ផ្ទៃដី​សរុប​ជាង ៩.០០០​ហិកតារ ត្រូវ​រលាយ​បាត់បង់​ដោយសារ​ការអភិវឌ្ឍ​ចំការកៅស៊ូ​តាមរយៈ​គម្រោង​ផ្តល់ ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​។​

ប្រធាន​សហគមន៍​ភូមិ​ពូ​គង់ លោក ទ្រី​ប ធើ​ម ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​១៨ ខែមីនា ថា ក្រុមហ៊ុន ប៊ិ​ញ ហ្វឿ​ក ក្រចេះ រ៉ាប់​ប៊ឺ​១ ជន​ចំណូល​ថ្មី និង​មន្ត្រីរាជការ អ្នកមានអំណាច​បានរួម​គ្នា​កាប់​ព្រៃ​សហគមន៍​នេះ នៅក្នុង​ភូមិ​ចំនួន​៣ គឺ​ភូមិ​ពូ​គង់ ភូមិ​អូរ​ច្រា និង​ភូមិ​ពូ​ចារ​។ លោក​ថា គ្រាន់តែ​ភូមិ​ពូ​គង់​មួយ ព្រៃឈើ​វិនាស​អស់​ជាង ៣​ពាន់​ហិកតារ​។ ការបំផ្លាញ​បែបនេះ អាច​នាំ​ឲ្យ​ព្រៃឈើ​សហគមន៍​បាត់បង់​ក្នុង​រយៈពេល​ដ៏​ខ្លី ហើយ​ប៉ះពាល់​ដល់​វប្បធម៌ ប្រពៃណី និង​ជីវភាព​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង​ទៀតផង​៖ «​ព្រោះ​ចាប់​ម្តងៗ ប៉ះ​វៀតណាម​ផង ខ្មែរ​យើង​ផង ចាម​ផង ចិន​ផង កាប់​ព្រៃ​តែម្ដង​។ ឥឡូវ​កាប់​ទន្ទ្រាន ព្រៃ​ដែល​សំខាន់​អស់​ប៉ុន្មាន​ពាន់​ហិកតា​រហើយ​»​។​

​បន្ថែម​លើ​នោះ​លោក វណ្ណា ខ្វើក សមាជិក​គណៈកម្មការ​សហគមន៍​ពូ​គង់ អះអាងថា ក្រុមហ៊ុន​វៀតណាម ប៊ិ​ញ ហ្វឿ​ក ក្រចេះ រ៉ាប់​ប៊ឺ​១ ទទួលបាន​ដី​សម្បទាន​ជាង ៨​ពាន់​ហិកតារ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​ទន្ទ្រាន​ចូលដល់​ព្រៃ​សហគមន៍​ភូមិ​ពូ​គង់ ហើយ​កាប់​ឈើ​លក់​ទៅ​ឲ្យ​ឧកញ៉ា ស៊ិន សំអុល ដែល​ទទួល​ទិញ​ឈើ​នោះ​ទុក​នៅក្នុង​ក្រុមហ៊ុន ប៊ិ​ញ ហ្វឿ​ក ក្រចេះ រ៉ាប់​ប៊ឺ​១៖ «​ចូល​ក្រុមហ៊ុន​ហើយ មក​កាប់​ឈើប្រណិត​។ បើ​គិត​ទៅ​វា​បំផ្លាញ​ដង្ហើម​របស់​ប្រជាពលរដ្ឋ​ជាច្រើន​»​។​

​លោក ឯម សុ​ភ័​ក្រ មន្ត្រី​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC) ថ្លែងថា ក្រុមហ៊ុន ប៊ិ​ញ ហ្វឿ​ក ក្រចេះ រ៉ាប់​ប៊ឺ​១ ទទួល​វិនិយោគ​ដាំ​កៅស៊ូ​រយៈពេល ៧០​ឆ្នាំ​។ លោក​ថា ក្នុង​លិខិត​កិច្ចសន្យា​វិនិយោគ​ដី​មាន​ជាង ៨​ពាន់​ហិកតារ​ទេ ប៉ុន្តែ​ផ្ទៃដី​ឈូស​វាត​បច្ចុប្បន្ន​ដល់​ទៅ ១​ម៉ឺន​ហិកតារ​។ មូលហេតុ​នេះ ទើប​ព្រៃ​នៅ​ភូមិ​ពូ​គង់ ហ៊ុមព័ទ្ធ​ដោយ​ព្រៃស្រោង​ក្នុង​តំបន់​ការពារ​សីមា (Seima Protected Forest) ដែលមាន​ផ្ទៃដី​ជាង ២៩​ម៉ឺន​ហិកតារ កំពុង​ហិនហោច​នូវ​ឈើ​ប្រភេទ​លេខ​១ ដូចជា​ដើមឈើ​ទាល ផ្ចឹក សុ​ក្រំ បេង នាងនួន ជាដើម​។ ព្រៃឈើ​ទាំងនេះ​កាលពីមុន​បាន​ជួយផ្ដល់​ប្រាក់ចំណូល​ទៅ​ឲ្យ​ជនជាតិ​ភាគ តិច​ពី​ការលក់​ជ័រ តែ​ឥឡូវ​ពួកគាត់​បាន​បាត់បង់​មុខរបរ​នេះ​អស់ហើយ​។​

​ឡើង​បង្ហាញ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នោះដែរ នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា លោក តឹក វណ្ណា​រ៉ា ថ្លែងថា ដោយសារតែ​វិនាសកម្ម​ព្រៃឈើ​នៅ​ភូមិ​ពូ​គង់ ឃុំ​ស្រែ​ព្រះ ទើប​អាក់ខាន ដល់​ការលក់​កា​បោ​ន ជួយ​ទ្រទ្រង់​ការប្រែប្រួល​អាកាសធាតុ​នៅ​តំបន់​ខេត្តមណ្ឌលគិរី​។ លោក​ថា សង្គម​ស៊ីវិល និង​ជនជាតិដើម​ភាគតិច​ទាមទារ​ឲ្យ​រដ្ឋាភិបាល ព​ន្លឿ​ន​ការចុះបញ្ជី​ដីធ្លី​របស់​សហគមន៍​ជនជាតិដើម​ភាគតិច សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​ក្រុមហ៊ុន​ទទួលបាន​ដី​សម្បទាន សេដ្ឋកិច្ច និង​អនុវត្ត​ច្បាប់​ឡើងវិញ ព្រោះ​ក្រុមហ៊ុន​រំលោភ​លើ​ប្រកាស​អន្តរក្រសួង​។

បើសិន​រកឃើញថា ក្រុមហ៊ុន​ពិតជា​រំលោភ​ហួស​ដី​ដែល​អនុញ្ញាត សុំ​ឲ្យ​លុបចោល​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ​។​
​បំភ្លឺ​ចំពោះ​ការលើកឡើង​របស់​សង្គម​ស៊ីវិល និង​សហគមន៍​ភូមិ​ពូ​គង់ លោក មាឃ វិ​ទ្ធី មន្ត្រីរដ្ឋបាល​ព្រៃឈើ​កែវ​សីមា ថ្លែងថា មន្ត្រី​របស់លោក​កំពុង​ចុះ​ពិនិត្យ​រឿង​កាប់​ឈើ​ខុសច្បាប់​នៅ​ភូមិ​ពូ​គង់​។​
​វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​លោក​ឧកញ៉ា ស៊ិន សំអុល ដើម្បី​ប្រតិកម្ម​តប​នឹង​ការបង្ហាញ​របស់​សង្គម​ស៊ីវិល និង​ជនជាតិដើម​ភាគតិច​ខេត្តមណ្ឌលគិរី បានទេ នៅ​ថ្ងៃ​១ ខែមីនា​។​

​តាមរយៈ​លិខិត​លេខ ២៧៣ ក​សម ចុះ​ថ្ងៃ​២៧ ខែមិថុនា ឆ្នាំ​២០១៣ របស់​សាលាស្រុក​កែវ​សីមា និង​ប្រកាស​អន្តរក្រសួង​លេខ​១៧៧ ក្រសួងកសិកម្ម និង​លេខ ២០៦ ក្រសួងបរិស្ថាន ចុះ​ថ្ងៃ​៩ ខែឧសភា ឆ្នាំ​២០១៤ ឲ្យ​ពង្រឹង​ការគ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច បញ្ឈប់​កាប់​ឈើ​ក្នុង​តំបន់​ការពារ និង​តំបន់​ខាងក្រៅ​ដី​សម្បទាន​សេដ្ឋកិច្ច​។​
​របាយការណ៍​របស់​ស​ហគ​មន៍​ភូមិ​ពូ​គង់ មាន ៦៧​គ្រួសារ​។ ក្នុង​១​គ្រួសារ​មាន​ដើមឈើ​ត្រង​ជ័រទឹក (​ដើម​ច្បោះ​) ចាប់ពី ២៥​ដើម ទៅ ៣០០​ដើម​។ ពួកគាត់​ធ្លាប់​ទទួល​ប្រាក់ចំណូល​ពី​ការលក់​ជ័រទឹក​នេះ​ចាប់ពី ៧៥០​ដុល្លារ ទៅ ៩​ពាន់​ដុល្លារ​ក្នុង​១​ឆ្នាំ​៕

image

​សហគមន៍​ជនជាតិ​ព្នង នៅ​ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បង្ហាញ​រូបភាព​កាប់​ព្រៃឈើ​ក្នុង​សហគមន៍ នៅក្នុង​សន្និសីទកាសែត​នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៨ មីនា ២០១៥​។