បន្ទាយមានជ័យ៖ប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យលោក ចាប សុផារិទ្ធ ត្រូវបានគេមើលឃើញថា កំពុងតែមានអំនួតជាខ្លាំង ថែមទាំងមានអំណាចមហិមាក្នុងការប្រមូលលុយខ្មៅ(លុយពុករលួយ)ពីក្រុម ឈ្មួញរកស៊ីដឹកជញ្ជូន ទំនិញគ្រប់ប្រភេទរួមនិងឈ្មួញនាំចូលម៉ូតូគេចពន្ធពីប្រទេសថៃតាម ច្រករបៀងពុករលួយល្បីពេញខេត្ត បន្ទាយមានជ័យពោលគឺចាប់តាំងពីលោកឧត្តមសេនីយ៍ អាត់ ខែម វិលត្រឡប់ទៅធ្វើជាស្នងការតែម្តង។
លោក ចាប សុផារិទ្ធ ត្រូវបានមន្ត្រីនគរបាលមួយចំនួនក្នុងខេត្តបន្ទាយមានជ័យចាត់ទុកថា គាត់មានជំនាញខ្ពស់ខ្លាំងណាស់ក្នុងការគៀងគរពួកឈ្មួញរកស៊ីទាំងអស់ ដែលឆ្លងកាត់ទឹកដីខេត្តបន្ទាយមានជ័យ ឲ្យបង់លុយតាមរបៀបពុករលួយមិនខ្វល់ពីការរិះគន់ ឬការកែទម្រង់ ហើយបទបញ្ជារបស់អគ្គស្នងការ នគរបាលជាតិឡើយ។
ប្រភពមួយចំនួនបានទម្លាយឲ្យដឹងថា លោក ចាប សុផារិទ្ធ បានធ្វើការពង្រាយមន្ត្រីនគរបាលក្រោម បង្គាប់របស់ខ្លួនមិនតិចជាង២០នាក់ឡើយឲ្យចុះស្វែងរកផលប្រយោជន៍ពី ជំនួញខុសច្បាប់ និងស្របច្បាប់នៅគ្រប់ច្រកល្ហក់តាំងពីចំណុចច្រកព្រំដែនកម្ពុជា-ថៃ និងស្ទើរតែគ្រប់ទីកន្លែងក្នុងទឹកដីខេត្ត បន្ទាយមានជ័យយ៉ាងប្រសេកប្រសាចបំផុត ដែលក្នុងមួយខែៗរកចំណូលក្រៅប្រព័ន្ធច្បាប់ដែលក្រុមមន្ត្រីនគរបាល របស់លោក ចាប សុផារិទ្ធប្រមូលបានអាចខ្ទង់រាប់សិបម៉ឺនដុល្លារឯណោះ។
ករណីនេះគេមិនដឹងថា តើស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ អាត់ ខែម បានដឹងដែរទេ ទើបបណ្តោយឲ្យលោក ចាប សុផារិទ្ធ បង្កព្យុះភ្លៀងស្រេចតែអំពើចិត្តធ្វើឲ្យឈ្មួញរកស៊ី ខ្លះនាំគ្នារិះគន់ទៅលើមន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តថា មិនបានអនុវត្តត្រឹមត្រូវតាមតួនាទី និងបទបញ្ជារបស់អង្គភាព។
ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ខាងលើនេះដែរកន្លងទៅលោកឧត្តមសេនីយ៍ អាត់ ខែម ស្នងការ នគរបាលខេត្តបន្ទាយមានជ័យមិនបានធ្វើការបកស្រាយទៅនឹងសំណួរនេះទេ ដោយណែនាំឲ្យទៅសួរ ស្នងការរងទទួលបន្ទុក។
ដោយឡែកស្នងការរងទទួលបន្ទុកប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តលោក ឆេន ឈួត បានថ្លែងថា លោកពុំបានដឹងស្អីទាំងអស់ រួចក៏បង្វិលឲ្យទៅសួរលោក ចាប សុផារិទ្ធ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចទើបដឹងច្បាស់។
រីឯលោក ចាប សុផារិទ្ធ មិនអាចសុំការពន្យល់បានទេ ព្រោះទូរស័ព្ទខលចូលជាច្រើនលើក តែគ្មានអ្នកទទួល។
មានការសន្និដ្ឋានថា ទាំងលោកស្នងការ ស្នងការរងទទួលបន្ទុកហើយនិងលោក ចាប សុផារិទ្ធ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានព្យាយាមគេចវះមិន ព្រមធ្វើការអត្ថាធិប្បាយចំពោះភាព មិនប្រក្រតី និងភាពអសកម្មដែលកំពុងតែទទួលរងនូវការរិះគន់ពីគ្រប់ទិសទីនេះទេ ។ ហើយបញ្ហានេះទាមទារឲ្យនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិក៏ដូចជាអគ្គស្នងការរងទទួលបន្ទុកមេត្តាត្រួត ពិនិត្យមើលភាពមិនប្រក្រតីរបស់មន្ត្រីនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្តបន្ទាយមានជ័យគ្រប់គ្រងផ្ទាល់ដោយលោក ចាប សុផារិទ្ធ ជានាយការិយាល័យ ប្រយោជន៍ធ្វើការកែទម្រង់ក្នុង ជួរនគរបាលជាតិ៕