កម្ពុជា​ចាប់ផ្តើម​សង់​កំពង់ផែ​ទំនើប​សម្រាប់​នាវា​ទេសចរណ៍​អន្តរជាតិ​ចូល​ចត​នៅ​ខេត្តកំពត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 January, 2018 ក+ ក-

កំពត ៖ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ជំនួយ​របស់ ADB នឹង​ចាប់ផ្តើម​សាងសង់​កំពង់ផែ​ទេសចរណ៍​ទំនើប​ថ្មី​មួយ​នៅ​ខេត្តកំពត នា​ខែមីនា ខាងមុខនេះ ដើម្បី​ត​ភ្ជាប់​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ​ប្រមាណ​១​លាន​៥​សែន​នាក់​ក្នុង​មួយឆ្នាំ តាមរយៈ​នាវា​ល្បឿន​លឿន និង​នាវា​ទេសចរណ៍​អន្តរជាតិ​ខ្នាត​ធំៗ​។

កំពង់ផែ​ទេសចរណ៍​ថ្មី​ក្នុង​ខេត្តកំពត​ដែល​គ្រោង​នឹង​សាងសង់​នេះ មានតម្លៃ​ប្រមាណ​១០​លាន​ដុល្លារ​អាមេរិក ស្ថិតក្រោម​ជំនួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រោង​នឹង​ចាប់ផ្តើម​បញ្ចុះ​បឋម​សីលា សាងសង់ នា​ខែមីនា ឆ្នាំ​២០១៨ ខាងមុខនេះ ។ កំពង់ផែ​ទេសចរណ៍​នេះ ស្ថិតនៅ​ក្នុងភូមិ​ជំ​គ្រាល ឃុំ​ជំ​គ្រាល ស្រុក​ទឹកឈូ ខេត្តកំពត​។

នេះ​បើតាម​ការបញ្ជាក់​របស់ លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត តាមរយៈ​សារព័ត៌មាន​ក្នុងស្រុក នាពេល​ថ្មីៗ​នេះ​។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត ក៏បាន​អោយដឹង​ដែរ​ថា នៅពេល​សាងសង់​រួចរាល់​តាម​ការគ្រោងទុក​នា​ចុងឆ្នាំ​២០១៩ កំពង់ផែ​ទេសចរ​ណ៌​នេះ នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​ពី​បណ្តា​ប្រទេស​នានា​បន្ថែមទៀត ជាពិសេស​ពី​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​។ កំពង់ផែ​ទេសចរ​ណ៌​នេះ ក៏​ផ្តល់​ភាពងាយស្រួល​សម្រាប់អ្នកទេសច​រ​ណ៌ ដែលមាន​បំណង​ចង់​បន្តដំណើរ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​ដូចជា ពី​ខេត្តកំពត ទៅ​ភ្នំ​បូកគោ ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប​ជាដើម ។​

ទន្ទឹមនេះ កំពង់ផែ​ថ្មី​នេះ ក៏​ជា​ផ្នែក​មួយ​ដែល​ជួយ​ស្រូបយក​ភ្ញៀវទេសចរ​អឺរ៉ុប​កាន់តែច្រើន​ផងដែរ ព្រោះ​វា​ផ្ដល់នូវ​សេវាកម្ម​ទេសចរណ៍​ជា​កញ្ចប់ ដែល​នាំ​ភ្ញៀវទេសចរ​ពី​ខេត្តកំពត ទៅកាន់​កោះ Phu Quoc (​កោះត្រល់​) ប្រទេស​វៀតណាម និង​ដែនសមុទ្រ​ប្រទេស​ថៃ ។ បើតាម​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែង​នាពេល​កន្លងមក​ថា កំពង់ផែ​ទេសចរណ៍​ខេត្តកំពត​នេះ នឹង​អាច​ឲ្យ​ភ្ញៀវទេសចរ​ឆ្លងកាត់​បាន​ចំនួន​១​លាន​៥​សែន​នាក់​ក្នុង​១​ឆ្នាំ ។

​គួរ​បញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០១៧ ខេត្តកំពត បានទទួល​ភ្ញៀវទេសច​រ​សរុប ជាង ១​លាន​៦​សែន​នាក់ ក្នុងនោះ ភ្ញៀវទេសចរ​ណ៌​ជាតិ​មាន​ជាង ១​លាន​៤​សែន និង​អ្នកទេសចរ​បរទេស ជាង​១៦​ម៉ឺន​នាក់ ។

ក្នុងចំណោម​ភ្ញៀវទេសចរ​ជាង​៧០​ជាតិ​សាសន៍​ដែលមាន​វត្តមាន​ក្នុង​ខេត្ត ក្នុង​ឆ្នាំ​២០១៧ គឺ​ភ្ញៀវ​ជនជាតិ​វៀតណាម​ស្ថិតក្នុង​លំដាប់​ទី​១ ខណៈ​បារាំង​លំដាប់​ទី​២, អង់គ្លេស​លំដាប់​ទី​៣, អាល្លឺម៉ង់​លំដាប់​ទី​៤ និង​អាមេរិក​លំដាប់​ទី​៥ ៕